មេធាវី៖ អៀង សារី ទំនង​មិន​អាច​ទ្រាំ​អង្គុយ​ស្ដាប់​សវនាការ​ថ្ងៃ​៣០​មិថុនា​បាន​ទេ

មេធាវី​បាន​សម្តែង​ការព្រួយ​បារម្ភ​ថា ដោយ​បញ្ហា​សុខភាព កូនក្តី​របស់​លោក គឺ​លោក អៀង សារី ទំនង​ជា​មិន​អាច​ស៊ូទ្រាំ​អង្គុយ​នៅក្នុង​សវនាការ​មួយ ដែល​គេ​គ្រោង​ធ្វើ​ជា​សាធា រណៈ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ មិថុនា​នោះ បាន​ឡើយ ។

0:00 / 0:00

លោក អាង ឧត្តម ដែល​ជា​មេធាវី​របស់​លោក អៀង សារី បាន​ថ្លែង​យ៉ាង​ដូច្នេះ គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម គ្រោង​បើក​ការវិនិច្ឆ័យ​ករណី​បណ្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅឃុំ​របស់ អៀង សារី ។

លោក អាង ឧត្ដម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មិន​ទាន់​ដឹង​ច្បាស់​ទេ មិន​ដឹង​គាត់​អាច​អង្គុយ​បាន​យូរ​ប៉ុណ្ណា សុខភាព​គាត់​មិន​មាំ​មួន​ទេ ។ រឿង​យើង​ព្រួយ​បារម្ភ​គឺ​ព្រួយ​បារម្ភ​រឿង​សុខភាព​ហ្នឹង​ហើយ អ៊ីចឹង យើង​នឹង​លើក​ពី​បញ្ហា​ហ្នឹង»

លោក រាជ សម្បត្តិ មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម ធ្លាប់​បាន​ថ្លែង​ថា លោក អៀង សារី ដែល​មាន​វ័យ ៨៣​ឆ្នាំ​ហើយ​នោះ គឺ​មាន​រោគ​ប្រចាំ​កាយ និង​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ច្រើន​ដង​ជាង អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៤​នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម ជា​មួយ​គ្នា​នោះ ។

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ លោក​មេធាវី សុក សំអឿន ដែល​ជា​មន្ត្រី​ច្បាប់​មួយ​រូប​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ថ្លែង​ថា ដំណើរការ​សវនាការ អៀង សារី នៅ​ថ្ងៃ​ច័ន្ទ​នេះ នឹង​មិន​អាច​ត្រូវ​រាំង​ស្ទះ​ដោយសារ​បញ្ហា​សុខភាព​នោះ​ឡើយ ។

លោក សុក សំអឿន ថ្លែង​ដូច្នេះ​ថា ៖ «ច្បាប់​យើង​មាន​កាត់​កំបាំង​មុខ​ដែរ ហើយ​មេធាវី​អាច​ឆ្លើយ​ជំនួស​បាន ឬ​បើ​មិន​អ៊ីចឹង​ទេ ឥឡូវ​យើង​មាន LCD បន្ត​ឲ្យ​គាត់​មើល​ទៅ សាលាក្ដី​ធ្វើ​បាន​ទេ​តើ ។ គាត់ [អៀង​សារី] មិន​មែន​នៅ​ក្រៅ​ឯ​ណា គាត់​នៅ​ក្នុង​ពន្ធនាគារ អ៊ីចឹង​ឲ្យ​គាត់​សម្រាក​នៅ​ក្នុង​បន្ទប់​ណា​មួយ​ដែល​អាច​ទំនាក់ទំនង​បាន ។ គ្រាន់​តែ​ថា ជន​ជាប់​ចោទ​មាន​សិទ្ធិ​ចូលរួម​សវនាការ​ដើម្បី​ស្ដាប់​ការកាត់​ក្ដី​ប្រឆាំង​ខ្លួន ហើយ​បើ​ត្រូវការ​ឆ្លើយ អាហ្នឹង​គាត់​ត្រូវ​ឆ្លើយ​ហើយ ប៉ុន្តែ​វា​ជា​ការសម្រេច​របស់​ជន​ជាប់​ចោទ​ខ្លួន​ឯង ពីព្រោះ​ជា​សិទ្ធិ​របស់​ខ្លួន​ឯង»

សូម​ជម្រាប​ថា លោក អៀង សារី ដែល​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​ប្រពន្ធ​របស់​លោក គឺ​លោកស្រី អៀង ធីរិទ្ធ ហើយ​បាន​ជាប់​ឃុំ​នៅ​សាលាក្តី​ខ្មែរក្រហម ចាប់​តាំង​ពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ មក ។

សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចោទ​លោក អៀង សារី ពី​ការទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ចំនួន​២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ។

លោក អៀង សារី ធ្លាប់​ត្រូវ​បាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា កាត់ទោស​ប្រហារ​ជីវិត ដោយ​កំបាំង​មុខ នៅខែ​សីហា ឆ្នាំ​១៩៧៩ ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ក្នុង​របប​ខ្មែរ​ក្រហម ដែល​របប​នោះ​បាន​បណ្តាល​ឲ្យ​មាន​ការស្លាប់​រង្គាល​មនុស្ស​ប្រមាណ១,៧​លាន​នាក់ ។

ក៏ប៉ុន្តែ​នៅ​ខែ​កញ្ញា ​ឆ្នាំ​១៩៩៦ លោក អៀង សារី ទទួល​បាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​នា​ពេល​នោះ បន្ទាប់​ពី​លោក​បាន​នាំ​កម្លាំង​ខ្មែរ​ក្រហម​ជា​ច្រើន​ពាន់​នាក់ ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ។

សូម​ជម្រាប​បន្ថែម​ថា សវនាការ​សំណុំ​រឿង​បណ្តឹង​ឧទ្ធរណ៍​របស់ អៀង សារី គឺ​ទំនង​ជា​សវនាការ​ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំ​ដំបូង​គេ​ចំនួន ៥​នាក់ ៕