សាក្សី​ក្នុង​សាលាក្ដី​ខ្មែរក្រហម ភ័យ​រឿង​ចម្លើយ​​វ័ណ្ឌ​ក​ខ្លួន​ឯង

សវនាការ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ​នេះ សាក្សី​ឈ្មោះ សាឡុត បាន មាន​ឈ្មោះ​បដិវត្តន៍​ហៅ​ថា សូ ហុង បាន​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​មួយ នៅ​ពេល​ដែល​គាត់​ប្រាប់​អង្គ​ជំនុំជម្រះ​ថា គាត់​ចង់​រក្សា​ការណ៍​សម្ងាត់​របស់​គាត់​អស់​មួយ​ជីវិត។
ដោយ ឡេង ម៉ាលី
2012-04-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាឡុត បាន ៣០៥
ក្មួយ​បង្កើត​របស់ សាឡុត ស ហៅ ប៉ុល ពត គឺ​លោក សាឡុត បាន ជា​សាក្សី​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម ថ្ងៃ​ទី ២៤ មេសា ឆ្នាំ ២០១២។
Screenshot

នៅ​ក្នុង​សវនាការ សាក្សី​ឈ្មោះ សាឡុត បាន ហៅ សូ ហុង បាន​បង្ហាញ​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​គាត់​ថា គាត់​ភ័យ​ព្រួយ​ខ្លាច​ចម្លើយ ដែល​ឆ្លើយ​នៅ​ក្នុង​តុលាការ នាំ​ឱ្យ​គាត់​វ័ណ្ឌ​ក​ខ្លួន​ឯង។

ការ​ភ័យ​ព្រួយ​របស់​សាក្សី សាឡុត បាន បែប​នេះ បង្ហាញ​ឡើង នៅ​ពេល​ដែល​ចាប់​ផ្ដើម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មេសា ហើយ​សហ​ព្រះរាជ​អាជ្ញា​បន្ត​សួរ​សាក្សី​រូប​នេះ អំពី​ការ​ចេញ​ចូល​ទៅ​មក​របស់​គាត់ នៅ​មន្ទីរ ក-១ របស់​អង្គការ។

សំឡេង៖ «មិន​អាច​រៀបរាប់​បាន​ទេ ពីព្រោះ​សភាពការណ៍​នៅ​ពេល​នោះ សម្ងាត់...ហើយ​ខ្ញុំ​យល់​ឃើញ​ថា ការណ៍​សម្ងាត់​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន ត្រូវ​តែ​ឱ្យ​ស្ងាត់​រហូត​ទាល់​តែ​ឯង​ផុត​ជីវិត»។

ការ​បដិសេធ​មិន​ឆ្លើយ ហើយ​ចង់​រក្សា​ការណ៍​សម្ងាត់​របស់​គាត់​អស់​មួយ​ជីវិត​នេះ សាក្សី សាឡុត បាន បញ្ជាក់​មូលហេតុ​ថា ពី​ព្រោះ​គាត់​យល់​ឃើញ​ថា សំណួរ​ដែល​សហ​ព្រះរាជ​អាជ្ញា​សួរ​គាត់ កាល​ពី​ថ្ងៃ​ចន្ទ ទី ២៣ មេសា គឺ​ជា​សំណួរ​ដែល​នាំ​ឱ្យ​គាត់​វ័ណ្ឌ​ក​ខ្លួន​ឯង។

សាក្សី សាឡុត បាន ហៅ សូ ហុង និង​មាន​ឈ្មោះ​ផ្សេង​មួយ​ចំនួន​ទៀត ជា​ក្មួយ​បង្កើត​របស់​មេ​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ សាឡុត ស ហៅ ប៉ុល ពត។

សាក្សី សាឡុត បាន មាន​តួនាទី​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​ការ​បរទេស នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។

សវនាការ​របស់​សាលាដំបូង​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ សហ​ព្រះរាជ​អាជ្ញា​កំពុង​សួរ​ដេញដោល​សាក្សី​អំពី​អង្គហេតុ​នានា ទាក់ទង​នឹង​ការងារ រចនា​សម្ព័ន្ធ និង​បាត់​ខ្លួន​របស់​កម្មាភិបាល​ជា​ច្រើន​រូប ពី​ក្រសួង​ការ​បរទេស នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

សាក្សី សាឡុត បាន ប្រាប់​អំពី​ការ​ភ័យ​ខ្លាច​របស់​គាត់​ថា កាល​ពី​យប់ គាត់​យល់​សប្ដិ​ឃើញ លោក​តា​ដំបង​ដែក នៅ​សាលាក្ដី​ខ្មែរ​ក្រហម ប្រាប់​គាត់​ថា​មិន​ឱ្យ​គាត់​និយាយ​អ្វី​ផ្ដេសផ្ដាស​ឡើយ។

សំឡេង៖ «យប់​មិញ​នេះ លោក​តា​ដំបង​ដែក​បាន​ប្រមូល​បុព្វការី​ជន​ទាំង​អស់ មក​ប្រាប់​ខ្ញុំ​ថា ឯង​កុំ​និយាយ​អី​ផ្ដេសផ្ដាស។ ឯង​ត្រូវ​គិត​ភាសា​ខ្មែរ​ឱ្យ​ច្បាស់ "សិរីសួស្ដី"។ ពាក្យ​ថា​សិរីសួស្ដី បើ​សំណួរ​ណា មិន​មាន​សិរី​សួស្ដី​ទេ ឯង​មិន​ត្រូវ​ស្ដី​រក​ទេ។ នេះ​ជា​បណ្ដាំ​លោក​តា​ដំបង​ដែក​ប្រាប់​ខ្ញុំ។ សូម​តុលាការ​ជ្រាប»។

គាត់​បន្ត​ថា លោក​តា​ដំបង​ដែក​ប្រាប់​គាត់​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា គឺ​ជា​សាលាក្ដី​កាត់​ទោស​ខ្មែរក្រហម​ឱ្យ​ផុត​ពូជ ហើយ​ថា ប្រសិន​បើ​តុលាការ​នេះ​នៅ​ក្រៅ​ប្រទេស​វិញ នោះ​គាត់​នឹង​ត្រូវ​គេ​ព្យួរ​ក​ទៅ​ហើយ។

ហេតុផល​សំអាង​របស់​សាក្សី ត្រូវ​បាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន ឆ្លើយ​តប​ថា គាត់​មិន​អាច​យក​អប្បិយ​ជំនឿ មក​បង្អាក់​ដំណើរ​ការ​របស់​តុលាការ​បាន​ទេ។

លោក​ចៅក្រម​បាន​ធានា​ដល់​សាក្សី​ថា សក្ខីកម្ម ដែល​គាត់​បាន​ផ្ដល់​កន្លង​មក មិន​មាន​អ្វី ដែល​នាំ​ឱ្យ​គាត់​វ័ណ្ឌ​ក​ឡើយ។

សំឡេង៖ «មិន​មាន​អ្វី​ពាក្យ​ថា វ័ណ្ឌ​ក​ទៅ​លោក​នោះ​ទេ។ គឺ​អត់​ទាន់​មាន​អី​ទេ។ អ៊ីចឹង​លោក​ប្រឹងប្រែង​ឡើង​វិញ។ ម្សិលមិញ​ឃើញ​ថា​ឆ្លើយ​ល្អ​ណាស់ បញ្ហា​ដែល​លោក​បាន​ឆ្លើយ​មក​ឃើញ​ថា ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​តម្រូវ​ការ​ព័ត៌មាន និង​សព្វ​គ្រប់ ដែល​អង្គ​ជម្រះ​មាន​បំណង​ចង់​ទទួល ដើម្បី​ឱ្យ​បាន​យក​ទៅ​ពិនិត្យ​ពិចារណា នៅ​ក្នុង​ការ​សម្រេច​សេចក្ដី​ក្នុង​រឿង​ក្ដី​នេះ។ សុំ​លោក​ខិតខំ ដើម្បី​ធ្វើ​កម្រិត​យ៉ាង​ហោច​ណាស់​ដូច​ម្សិលមិញ​អ៊ីចឹង។ កុំ​ឱ្យ​មាន​បញ្ហា​អី លោក​អត់​មាន​បញ្ហា​អី​ទេ»។

ក្រោយ​ការ​ធានា​របស់​លោក​ចៅក្រម និល ណុន ជា​ចុង​ក្រោយ សាក្សី សាឡុត បាន សុខ​ចិត្ត​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត។ ក៏​ប៉ុន្តែ គាត់​បាន​សុំ​ទៅ​អង្គ​ជំនុំជម្រះ​ថា សុំ​ជួយ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​គាត់​វ័ណ្ឌ​ក​នឹង​ចម្លើយ​ទាំង​នោះ។

ទាក់ទង​នឹង​អង្គហេតុ​នៅ​ក្រសួង​ការ​បរទេស សាក្សី​បាន​បដិសេធ​តួនាទី​ណាមួយ​ទាក់ទង​នឹង​ការ​តាម​ដាន​ខ្មាំង និង​ចាប់​ចង​ខ្មាំង​នៅ​ក្នុង​សម័យ​នោះ។

សំឡេង៖ «ខ្ញុំ​ពុំ​មែន​ជា​អ្នក​បច្ចេកទេស​តាម​ដាន​ខ្មាំង​ទេ។ ខ្ញុំ​បាន​និយាយ​សា​ចុះ​សា​ឡើង​ហើយ​ថា ខ្ញុំ​ធ្វើ​អារម្មណ៍​ខ្លួន​ឯង ឱ្យ​ខ្លួន​ឯង​ហ្នឹង​វា​ស្អាត​ដោយ​ខ្លួន​ឯង​ជា​មុន បាន​មើល​ខ្មាំង​ពី​ក្រៅ​មក​ឃើញ។ ឯ​ការ​ចាប់​ចង​អីៗ នេះ ខ្ញុំ​មិន​មាន​ទេ។ ខ្ញុំ​អត់​មាន​តួនាទី​ទេ»។

យូរៗ ម្ដង យើង​សង្កេត​ឃើញ​ស្ថានភាព​សាក្សី​មាន​ការ​ច្រឡោត និង​មាន​សំឡេង​តឹង ហើយ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​ឧស្សាហ៍​ណែនាំ​ឱ្យ​សាក្សី​រូប​នេះ​គ្រប់គ្រង​អារម្មណ៍​របស់​គាត់​ឱ្យ​បាន​ល្អ។

សវនាការ​របស់​សួរ​សាក្សី សាឡុត បាន នឹង​បន្ត​ទៀត នៅ​ថ្ងៃ​ទី ២៥ មេសា ឆ្នាំ ២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Please find the good solution for Cambodia since long time never seen the leader to say the true what happened for Cambodia during thier position.

Apr 26, 2012 01:02 AM

អ្នក​អាន​អនាមិក

Please find the good solution for Cambodia since long time never seen the leader to say the true what happened for Cambodia during thier position.

Apr 26, 2012 01:02 AM

អ្នក​អាន​អនាមិក

This man has the close link to Pol Pot and Ieng Sary,the former security figure and senior foreign department must be accountable to the atrocity in the genocide about 3 millions deaths !!!!!

Apr 25, 2012 05:34 AM

អ្នក​អាន​អនាមិក

Ta Dambang Dek he mentioned is himself. Just reason not to answer some questions he's afraid.

Apr 25, 2012 12:12 AM

អ្នក​អាន​អនាមិក

May be not dream about LOKTA TAMBANG DEK words,May be real words from DEK CHHOR shut
his mouth .

Apr 24, 2012 11:57 PM

មើល​មតិ​ទាំង​អស់.