កត្តានេះបានបណ្ដាលឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម និងមន្ត្រីអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម សំដែងការសោកស្ដាយ និងព្រួយបារម្ភថា ការកាត់បន្ថយថ្ងៃបើកសវនាការនេះ នឹងក្លាយជាឧបសគ្គអូសបន្លាយការកាត់ក្ដីជនជាប់ចោទទាំងនោះអាចស្លាប់មុនការកាត់ទោស។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា កាលពីថ្ងៃអង្គារ បានទទួលស្គាល់ថា ការកាត់បន្ថយចំនួនថ្ងៃនៃដំណើរការសវនាការ នឹងអាចអូសបន្លាយបញ្ចប់សំណុំរឿង ០០២ ប៉ុន្តែសាលាក្តីចាំបាច់ត្រូវតែអនុវត្ត ដោយសារកង្វះខាតថវិកា និងបុគ្គលិក។
សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហម ផ្សាយកាលពីថ្ងៃអង្គារ ទី២៣ តុលា បញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងនឹងអនុវត្តការកាត់បន្ថយចំនួនថ្ងៃសវនាការ ចាប់ពីថ្ងៃច័ន្ទ ទី៥ វិច្ឆិកា តទៅ។ ព័ត៌មានចុងក្រោយនេះ បណ្ដាលឲ្យអ្នកឃ្លាំមើលសាលាក្ដីខ្មែរក្រហម និងជនរងគ្រោះនៃរបបខ្មែរក្រហម បានសំដែងក្តីបារម្ភពីការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
មន្ត្រីសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមនៃសមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា ការកាត់បន្ថយចំនួនថ្ងៃសវនាការ នឹងប៉ះពាល់ដល់ដំណើរការកាត់ក្តី។ លោកបន្តថា បញ្ហាកង្វះថវិកាបានក្លាយជាបញ្ហាធម្មតានៅក្នុងសាលាក្ដីកូនកាត់មួយនេះ។
លោកបន្តថា ដើម្បីចៀសវាងបញ្ហាថវិកាទៅថ្ងៃអនាគត សាលាក្ដីខ្មែរក្រហមត្រូវរក្សាឯករាជភាព និងវិជ្ជាជីវៈ ដើម្បីឲ្យម្ចាស់ជំនួយជឿទុកចិត្ត នឹងអាចបន្តជំនួយ៖ «បើសិនជាសាលាក្ដីពង្រឹងឯករាជភាពតាមវិជ្ជាជីវៈរបស់ខ្លួន បង្ហាញម្ចាស់ជំនួយមានជំនឿទុកចិត្តស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះឲ្យមានតម្លាភាព និងឯករាជភាព ដើម្បីស្រូបទាញជំនឿពីអ្នកផ្ដល់ជំនួយ ខ្ញុំគិតថា ថវិកាមិនមែនជាបញ្ហាទេ»។
សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហមបន្តថា ដោយសារតែកង្វះថវិកា អង្គជំនុំជម្រះសាលាដំបូងពុំអាចជ្រើសរើសបុគ្គលិកគ្រប់គ្រាន់ ដើម្បីបំពេញការងារ។ អង្គជំនុំជម្រះបន្ថែមទៀតថា ប្រសិនបើបញ្ហាបុគ្គលិកមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន អង្គជំនុំជម្រះនឹងពិនិត្យឡើងវិញអំពីចំនួនថ្ងៃធ្វើសវនាការ។
អតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យចំនួន ៣រូប កំពុងត្រូវបានជំនុំជម្រះក្តីក្នុងសំណុំរឿង០០២។ ជនជាប់ចោទទាំង ៣រូបមាន នួន ជា ខៀវ សំផន និង អៀង សារី។ ជនជាប់ចោទទាំង ៣រូប ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម។
ជនជាប់ចោទបច្ចុប្បន្នមានសភាពចាស់ជរា និងមានជំងឺ។ តុលាការកំពូលសាលាក្តីខ្មែរក្រហមដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំហើយ កាលពីថ្ងៃទី១៦ ខែកញ្ញា ដោយសារមិនមានសម្បទាខាងបញ្ញាស្មារតីគ្រប់គ្រាន់ចូលរួមក្នុងសវនាការ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា ការបោះលែងនេះ ភ្ជាប់ដោយដាក់លក្ខខណ្ឌបណ្ដោះអាសន្នមួយចំនួន។ របាយការណ៍សក្ខីកម្មអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានរកឃើញថា អ្នកស្រី អៀង ធីរិទ្ធ មានជំងឺវង្វេងវង្វាន់ និងភ្លេចការចងចាំធ្ងន់ធ្ងរ។ ចំណែកជនជាប់ចោទ អៀង សារី ក៏កំពុងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ មិនអាចចូលរួមសវនាការបាននៅឡើយ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានអំពាវនាវឲ្យម្ចាស់ជំនួយបន្តផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហម ដើម្បីបន្តការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម៖ «ការព្រួយបារម្ភអំពីបញ្ហានេះ គឺយើងសង្ឃឹមថា ប្រទេសម្ចាស់ជំនួយលោកនឹងបន្តផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហមបន្ថែមទៀត ដើម្បីអាចឲ្យតុលាការនេះបំពេញការងាររបស់ខ្លួនបន្ថែមទៀតដោយចប់ចុងចប់ដើមទៅតាមអ្វីដែលកំណត់ដោយបេសកកម្មរបស់ខ្លួន»។
ការអូសបន្លាយពេលវេលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និងភាពចាស់ជរារបស់ជនជាប់ចោទទាំងនោះ បណ្ដាលឲ្យអ្នករងគ្រោះនៃរបបខ្មែរក្រហមមួយចំនួន បាត់បង់ជំនឿក្នុងការស្វែងរកយុត្តិធម៌។
អតីតអ្នកជាប់គុក ស-២១ លោក ជុំ មី កាលពីថ្ងៃអង្គារ ទី២៣ តុលា មានប្រសាសន៍ថា លោកកំពុងបាត់បង់ជំនឿលើសាលាក្ដីខ្មែរក្រហម៖ «លុយរាប់លានដុល្លារ ហើយចេះតែកាត់ចេះតែខ្វះ។ ខ្ញុំមិនដឹងជារឿងអ្វីបានជាខ្វះអ្វីខ្លះម្ល៉េះលុយកាក់? បើតាមគំនិតរបស់អ៊ំលុយប៉ុន្មានក៏វាអត់មានយុត្តិធម៌ដែរ»។
សាលាក្ដីខ្មែរក្រហមទទួលការឧបត្ថម្ភជាថវិកាពីប្រទេសម្ចាស់ជំនួយបរទេស។ សាលាក្ដីនេះតែងតែប្រឈមមុខនឹងការខ្វះខាតថវិកាជារឿយៗ ចាប់តាំងពីចាប់ដំណើរការកាលពីឆ្នាំ២០០៦។ មន្ត្រីសាលាក្ដីខ្មែរក្រហមបានចំណាយថវិកាប្រមាណ ១៦០លានដុល្លាររួចមកហើយ។ បច្ចុប្បន្ននេះសាលាក្ដីខ្មែរក្រហមកំពុងខ្វះថវិកាប្រមាណ ៤លានដុល្លារសំរាប់ដំណើរការអោយបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។