សាលាក្ដី​ខ្មែរ​ក្រហម​នឹង​កាត់​បន្ថយ​ថ្ងៃ​បើក​សវនាការ​ដោយសារ​កង្វះ​ថវិកា

អង្គ​ជំនុំ​ជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម នឹង​កាត់​បន្ថយ​ចំនួន​ថ្ងៃ​បើក​សវនាការ​ពី​រយៈពេល ៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ មក ៣​ថ្ងៃ​វិញ ដោយសារ​តែ​កង្វះ​ថវិកា និង​បុគ្គលិក។

0:00 / 0:00

កត្តា​នេះ​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរ​ការ​កាត់​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម សំដែង​ការ​សោកស្ដាយ និង​ព្រួយ​បារម្ភ​ថា ការ​កាត់​បន្ថយ​ថ្ងៃ​បើក​សវនាការ​នេះ នឹង​ក្លាយ​ជា​ឧបសគ្គ​អូស​បន្លាយ​ការ​កាត់​ក្ដី​ជន​ជាប់​ចោទ​ទាំង​នោះ​អាច​ស្លាប់​មុន​ការ​កាត់​ទោស។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា កាល​ពី​ថ្ងៃ​អង្គារ បាន​ទទួល​ស្គាល់​ថា ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​នៃ​ដំណើរ​ការ​សវនាការ នឹង​អាច​អូស​បន្លាយ​បញ្ចប់​សំណុំ​រឿង ០០២ ប៉ុន្តែ​សាលាក្តី​ចាំបាច់​ត្រូវ​តែ​អនុវត្ត ដោយសារ​កង្វះ​ខាត​ថវិកា និង​បុគ្គលិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរ​ក្រហម ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៣ តុលា បញ្ជាក់​ថា អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នឹង​អនុវត្ត​ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​សវនាការ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៥ វិច្ឆិកា ត​ទៅ។ ព័ត៌មាន​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម និង​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម បាន​សំដែង​ក្តី​បារម្ភ​ពី​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។

មន្ត្រី​សម្របសម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​នៃ​សមាគម​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​សវនាការ នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​កាត់​ក្តី។ លោក​បន្ត​ថា បញ្ហា​កង្វះ​ថវិកា​បាន​ក្លាយ​ជា​បញ្ហា​ធម្មតា​នៅ​ក្នុង​សាលាក្ដី​កូន​កាត់​មួយ​នេះ។

លោក​បន្ត​ថា ដើម្បី​ចៀសវាង​បញ្ហា​ថវិកា​ទៅ​ថ្ងៃ​អនាគត សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​រក្សា​ឯករាជភាព និង​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ម្ចាស់​ជំនួយ​ជឿ​ទុក​ចិត្ត នឹង​អាច​បន្ត​ជំនួយ៖ «បើ​សិន​ជា​សាលាក្ដី​ពង្រឹង​ឯករាជភាព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន បង្ហាញ​ម្ចាស់​ជំនួយ​មាន​ជំនឿ​ទុក​ចិត្ត​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ឲ្យ​មាន​តម្លាភាព និង​ឯករាជ​ភាព ដើម្បី​ស្រូប​ទាញ​ជំនឿ​ពី​អ្នក​ផ្ដល់​ជំនួយ ខ្ញុំ​គិត​ថា ថវិកា​មិន​មែន​ជា​បញ្ហា​ទេ»

សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ថា ដោយសារ​តែ​កង្វះ​ថវិកា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ពុំ​អាច​ជ្រើសរើស​បុគ្គលិក​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការងារ។ អង្គ​ជំនុំ​ជម្រះ​បន្ថែម​ទៀត​ថា ប្រសិន​បើ​បញ្ហា​បុគ្គលិក​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន អង្គ​ជំនុំ​ជម្រះ​នឹង​ពិនិត្យ​ឡើង​វិញ​អំពី​ចំនួន​ថ្ងៃ​ធ្វើ​សវនាការ។

អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន ៣​រូប កំពុង​ត្រូវ​បាន​ជំនុំ​ជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​០០២។ ជន​ជាប់​ចោទ​ទាំង ៣​រូប​មាន នួន ជា ខៀវ សំផន និង អៀង សារី។ ជន​ជាប់​ចោទ​ទាំង ៣​រូប ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​ចាម និង​វៀតណាម។

ជន​ជាប់​ចោទ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ជរា និង​មាន​ជំងឺ។ តុលាការ​កំពូល​សាលាក្តី​ខ្មែរ​ក្រហម​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយសារ​មិន​មាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ចូល​រួម​ក្នុង​សវនាការ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា ការ​បោះ​លែង​នេះ ភ្ជាប់​ដោយ​ដាក់​លក្ខខណ្ឌ​បណ្ដោះ​អាសន្ន​មួយ​ចំនួន។ របាយការណ៍​សក្ខីកម្ម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា អ្នកស្រី អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេងវង្វាន់ និង​ភ្លេច​ការ​ចងចាំ​ធ្ងន់ធ្ងរ។ ចំណែក​ជន​ជាប់​ចោទ អៀង សារី ក៏​កំពុង​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ មិន​អាច​ចូល​រួម​សវនាការ​បាន​នៅ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​បន្ត​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​បន្ត​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម៖ «ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ គឺ​យើង​សង្ឃឹម​ថា ប្រទេស​ម្ចាស់​ជំនួយ​លោក​នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម​បន្ថែម​ទៀត ដើម្បី​អាច​ឲ្យ​តុលាការ​នេះ​បំពេញ​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត​ដោយ​ចប់​ចុង​ចប់​ដើម​ទៅ​តាម​អ្វី​ដែល​កំណត់​ដោយ​បេសកកម្ម​របស់​ខ្លួន»

ការ​អូស​បន្លាយ​ពេល​វេលា​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម និង​ភាព​ចាស់​ជរា​របស់​ជន​ជាប់​ចោទ​ទាំង​នោះ បណ្ដាល​ឲ្យ​អ្នក​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​មួយ​ចំនួន បាត់​បង់​ជំនឿ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌។

អតីត​អ្នក​ជាប់​គុក ស-​២១ លោក ជុំ មី កាល​ពី​ថ្ងៃ​អង្គារ ទី​២៣ តុលា មាន​ប្រសាសន៍​ថា លោក​កំពុង​បាត់បង់​ជំនឿ​លើ​សាលាក្ដី​ខ្មែរ​ក្រហម៖ «លុយ​រាប់​លាន​ដុល្លារ ហើយ​ចេះ​តែ​កាត់​ចេះ​តែ​ខ្វះ។ ខ្ញុំ​មិន​ដឹង​ជា​រឿង​អ្វី​បាន​ជា​ខ្វះ​អ្វី​ខ្លះ​ម្ល៉េះ​លុយ​កាក់? បើ​តាម​គំនិត​របស់​អ៊ំ​លុយ​ប៉ុន្មាន​ក៏​វា​អត់​មាន​យុត្តិធម៌​ដែរ»

សាលាក្ដី​ខ្មែរ​ក្រហម​ទទួល​ការ​ឧបត្ថម្ភ​ជា​ថវិកា​ពី​ប្រទេស​ម្ចាស់​ជំនួយ​បរទេស។ សាលាក្ដី​នេះ​តែងតែ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថវិកា​ជា​រឿយៗ ចាប់​តាំង​ពី​ចាប់​ដំណើរ​ការ​កាល​ពី​ឆ្នាំ​២០០៦។ មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​ប្រមាណ ១៦០​លាន​ដុល្លារ​រួច​មក​ហើយ។ បច្ចុប្បន្ន​នេះ​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ខ្វះ​ថវិកា​ប្រមាណ ៤​លាន​ដុល្លារ​សំរាប់​ដំណើរការ​អោយ​បាន​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។