សាលាក្ដី​ខ្មែរ​ក្រហម​ប្ដូរ​​ពី​ការ​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​មក​ស្ដាប់​មតិ​ភាគី

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​បាន​ផ្អាក​ការ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ កុម្ភៈ មក ចាប់​ផ្ដើម​បន្ត​សវនាការ​របស់​ខ្លួន​វិញ​ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ កុម្ភៈ នេះ ក៏​ប៉ុន្តែ​សវនាការ​នឹង​មិន​ស្ដាប់​អ្នក​ជំនាញ​ទេ។
ដោយ ឡេង ម៉ាលី
2013.02.17
សាលាក្ដី ៣០៥ ២៩-មិថុនា-២០១១១៖ ព្រះសង្ឃ​ចូល​រួម​សង្កេត​មើល​ដំណើរ​ការ​នៃ​អង្គ​សវនាការ​បឋម​លើ​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣ ដែល​មាន​ជន​ជាប់​ចោទ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធិរិទ្ធ។
Photo courtesy of ECCC

សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កុម្ភៈ ធ្វើ​សវនាការ​របស់​ខ្លួន​លើ​សំណុំ​រឿង ០០២ ឡើង​វិញ ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ពី​ការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​អន្តរជាតិ មក​ជា​ការ​ស្ដាប់​មតិ​យោបល់​របស់​ភាគី​ក្នុង​សំណុំរឿង​វិញ។

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ និង​ថ្ងៃ​អង្គារ ទី​១៩ ខែ​កុម្ភៈ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ស្ដាប់​មតិ​យោបល់​របស់​ភាគី​ទាំង​អស់​ក្នុង​សំណុំរឿង​ជុំវិញ​ផលវិបាក​ដែល​កើត​មាន​បន្ទាប់​ពី​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​ថា ការ​បំបែក​សំណុំ​រឿង​តូចៗ របស់​សាលា​ដំបូង​មិន​មាន​សម្អាង​ហេតុ​ច្បាស់លាស់ និង​មិន​បាន​ពន្យល់​គ្រប់គ្រាន់។

លោក នេត្រ ភក្ត្រា៖ «អ៊ីចឹង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ និង ១៩ នេះ គឺ​គេ​នឹង​ស្ដាប់​នូវ​ការ​ផ្ដល់​មតិ​យោបល់​ពី​គ្រប់​ភាគី​ទាំង​អស់ ដើម្បី​ឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ហ្នឹង​អាច​មាន​ព័ត៌មាន​បន្ថែម​ទៀត ក៏​ដូច​ការ​លើក​ឡើង​របស់​ភាគី​ផ្សេងៗ ទាក់ទង​នឹង​កិច្ច​ដំណើរការ​បំបែក​នីតិវិធី​ក្នុង​សំណុំ​រឿង ០០២»

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១១ សាលាដំបូង​បាន​បំបែក​សំណុំ​រឿង ០០២ ដែល​មាន​ទំហំ​ធំ ទៅ​ជា​សំណុំ​រឿង​ក្ដី ៣ ផ្នែក​តូចៗ ដោយ​ដាក់​លេខ​ថា សំណុំ​រឿង ០០២/០១ សំណុំរឿង ០០២/០២ និង​សំណុំរឿង​លេខ ០០២/០៣។

លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា ការ​បំបែក​សំណុំរឿង​នេះ ក៏​ដោយ​សារ​តែ​សាលា​ដំបូង​យល់​ឃើញ​ថា សំណុំរឿង ០០២ មាន​ទំហំ​ធំ និង​ស្មុគស្មាញ​ច្រើន និង​អាច​ស៊ី​ពេល​ច្រើន​ឆ្នាំ​ទម្រាំ​ចប់ និង​ចេញ​សាល​ក្រម​ទើប​សាលាដំបូង​បំបែក​សំណុំរឿង ០០២ ទៅ​តាម​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។

លោក នេត្រ ភក្ត្រា៖ «ដោយ​នៅ​ក្នុង​ហ្នុង គឺ​គេ​បាន​បំបែក​ជា​សំណុំ​រឿង ០០២/០១ ដែល​ផ្ដោត​ទៅ​លើ​ការ​ជម្លៀស​ប្រជាជន​ដំណាក់​កាល​ទី ១ និង​ទី ២ ហើយ​និង​បទ​ចោទ​នានា ដែល​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​សំណុំ​រឿង ០០២/០២ គឺ​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​និង​សំណុំ​រឿង ០០២/០៣ គឺ​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជន​ជាតិ​ចាម និង​វៀតណាម»

តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ​ថា ការ​បំបែក​សំណុំរឿង​របស់​សាលា​ដំបូង ជា​ពិសេស​ការ​កំណត់​វិសាលភាព​នៃ​សំណុំរឿង ០០២/០១ មិន​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ដល់​ភាគី​ភាគី​នានា ក្នុង​ការ​ចូលរួម​ដាក់​សារណា ឬ​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន​ទេ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ក៏​ជា​ការ​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​សហ​ព្រះរាជ​អាជ្ញា ដែល​ប្រឆាំង​នឹង​សាលាដំបូង ដែល​បដិសេធ​ការ​ពង្រីក​វិសាលភាព​នៃ​សំណុំរឿង ០០២/០១ នេះ។

លោក នេត្រ ភក្ត្រា បញ្ជាក់​ទៀត​ថា សវនាការ​ស្ដាប់​មតិយោបល់​របស់​ភាគី​នៅ​ថ្ងៃ​ទី​១៨ និង ១៩ កុម្ភៈ តាម​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល គឺ​ដើម្បី​ធ្វើ​ឱ្យ​ការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី​លេខ ០០២ អាច​ដំណើរ​ការ​បាន​លឿន ងាយ​ស្រួល​ជាង​មុន និង​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​របស់​ភាគី​នានា​ផង។

លោក នេត្រ ភក្ត្រា៖ «គឺ​ចង់​ជំរុញ​ឱ្យ​ដំណើរ​ការ​ហ្នឹង​កាន់​តែ​ឆាប់​រហ័ស ហើយ​និង​មាន​ប្រសិទ្ធភាព ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​សិទ្ធិ​របស់​ភាគី​ផ្សេងៗ​ទៀត ហើយ​ក៏​ជា​ការ​មួយ​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​ព្រួយ​បារម្ភ​របស់​គ្រប់​ភាគី​ទាំង​អស់ ទាក់ទង​ជាមួយ​នឹង​វ័យ​ចាស់​របស់​ជន​ជាប់​ចោទ​ផង​ដែរ»

លោក នេត្រ ភក្ត្រា ថ្លែង​ថា ទោះ​ជា​ដូច្នេះ​ក្ដី សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​មិន​បដិសេធ​ចោល​ការ​ជំនុំជម្រះ​របស់​សាលា​ដំបូង លើ​អង្គហេតុ​សំណុំរឿង​លេខ ០០២/០១ ដែល​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី ២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ មក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។