សាលាក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ថវិកា?

តំណាង​ក្រុម​ចៅក្រម​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ថា ចំណោទ​ដ៏​សំខាន់​ដែល​លេច​ធ្លោ​សម្រាប់​ចៅក្រម​ទាំងអស់ គឺ​បញ្ហា​អំពើ​ពុករលួយ បើ​ទោះ​បី​ជា​សាលាក្តី​វិសាមញ្ញ​នេះ​មាន​ការជឿនលឿន​ផ្នែក​នីតិ​វិធី​ច្បាប់ ជាពិសេស ការបញ្ជូន​សំណុំ​រឿង​អតីត​មេគុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ដើម្បី​បើក​សវនាការ​នោះ​ក៏​ដោយ។

0:00 / 0:00

ជាមួយ​គ្នា​នេះ លោក​ចៅក្រម គង់ ស្រ៊ីម ជា​ប្រធាន​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ថ្លែង​បើក​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៤ នៃ​ក្រុម​ចៅក្រម​នោះ​ថា សាលាក្តី​វិសាមញ្ញ ក៏​កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ខាង​ជំនួយ​ថវិកា​ផង​ដែរ។

លោក គង់ ស្រ៊ីម មាន​ប្រសាសន៍​ថា ៖ «គម្រោង​ថវិកា​ដែល​បាន​កែប្រែ​ថ្មី ត្រូវ​គេ​ដាក់​ជូន​ទៅ​ក្រុម​ប្រទេស​ដែល​មាន​ចំណាប់​អារម្មណ៍ នៅ​ក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា កន្លង​ទៅ​នេះ។ នៅ​ក្នុង​គម្រោង​ថវិកា​ថ្មី​នេះ មាន​ការកាត់​បន្ថយ​នូវ​មន្រ្តី​បុគ្គលិក​មួយ​ចំនួន​ធំ ទាំង​ខាង​រដ្ឋបាល​និង​ខាង​អង្គជំនុំ​ជម្រះ​ដើម្បី​ឲ្យ​ការចំណាយ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ត្រឹម​កម្រិត​អប្បបរមា។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ ថវិកា​ខាង​ផ្នែក​កម្ពុជា អាច​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត កិច្ច​ប្រតិបត្តិការ​រហូត​ដល់​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០០៩»

ចំណែក​ឯ លោកស្រី Silvia Cartwright តំណាង​ចៅក្រម​បរទេស បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នោះ ដោយ​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ដោះស្រាយ ឲ្យ​បាន​ជ្រះ​ស្រឡះ​ជុំវិញ​ការលើក​ឡើង​ពី​អំពី​ពុករលួយ​នោះ ៖ «យើង​យល់ស្រប​ថា នេះ​គឺ​ជា​ការកាត់ក្ដី​ជា​ប្រវត្តិសាស្រ្ដ​មួយ ដែល​មាន​សារសំខាន់​បំផុត សម្រាប់​ប្រជាជន​កម្ពុជា ក៏​ប៉ុន្តែ​ដំណើរការ​ស្វែងរក​យុត្តិធម៌​នេះ គឺ​មិន​ត្រូវ​ឲ្យ​មាន​ដិតដាម​និង​ខូច​ឈ្មោះ ដោយ​អំពើ​ពុករលួយ​នោះ​ឡើយ»

សូម​ជម្រាប​ថា កាលពី​ពាក់​កណ្តាល​ខែ​សីហា កន្លង​ទៅ លោក ស៊ាន វិសុទ្ធ ប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម បាន​សម្រេច​បង្កើត​ឲ្យ​មាន​ក្រុម​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​សាលាក្តី​នេះ។

ឆ្លើយ​តប​នឹង​កង្វល់​ចំពោះ​ការលើក​ឡើង​ពី​អំពើ​ពុករលួយ​នោះ មន្ត្រី​នាំ​ពាក្យ​សាលាក្តី គឺ​លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ៖ «តែ​មក​ដល់​ពេល​ហ្នឹង គឺ​យើង​ឃើញ​ថា អត់​មាន​ការរក​ឃើញ​អី​ណា​មួយ គ្រាន់តែ​យើង​ឮ​ថា ការចោទ​ប្រកាន់​អ៊ីចឹង គេ​អត់​ចង់​ឮ​ពាក្យ​អ៊ីចឹង​ទៀត ពីព្រោះ​ពាក្យ​ហ្នឹង វា​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរការ​របស់​សាលាក្ដី»

យោងតាម​ប្រសាសន៍​របស់​លោក​ចៅក្រម គង់ ស្រ៊ីម ថវិកា​ដែល​ភាគី​កម្ពុជា​នៅ​មាន​នោះ គឺ​អាច​ប្រើ​ដើម្បី​តែ​បញ្ចប់​សំណុំ​រឿង កាំង ហ្កិចអ៊ាវ ហៅ ឌុច តែ​មួយ​ករណី​ប៉ុណ្ណោះ។

រហូត​ដល់​ពេល​នេះ សាលាក្តី​បាន​ឃុំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​សរុប​ចំនួន​៥នាក់​ហើយ សាលាក្តី​កំពុង​ត្រូវការ​ថវិកា​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ទៀត។

លោក​ចៅក្រម គង់ ស្រ៊ីម បន្ត​ថា មន្ត្រី​សាលាក្តី​ទាំង​ជាតិ​និង​អន្តរជាតិ កំពុង​ទទឹង​រង់ចាំ​ជំនួយ​បន្ថែម ដើម្បី​បញ្ចប់​ការងារ​របស់​ខ្លួន។

មន្ត្រី​សហរដ្ឋ​អាមេរិក​ធ្លាប់​ថ្លែង​ថា ការលើក​ឡើង​ពី​បញ្ហា​ពុករលួយ ធ្វើ​ឲ្យ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​មាន​ការ​អល់អែក​ក្នុង​ការផ្តល់​ថវិកា​ដល់​សាលាក្តី​វិសាមញ្ញ​នេះ៕