កិច្ចស្វះស្វែង​រក​ថវិកា​បន្ថែម​សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ចប់​នៅ​ឡើយ

2008-06-25

ការកែប្រែ​គម្រោង​ថវិកា​ដែល​ត្រូវ​ស្វែងរក​បន្ថែម​សម្រាប់​ទ្រទ្រង់​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម នៅ​មិនទាន់​បាន​បញ្ចប់​រួចរាល់​ទេ រហូត​មក​ដល់​ពេល​នេះ ដោយសារ​ខ្ទង់​ថវិកា​ខ្លះ ម្ចាស់​ជំនួយ​ខ្លះ​មិន​អាច​ទទួល​យក​បាន ។

Pool Photo/Vanara

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​ពុធ ទី​២៣ មេសា​ ឆ្នាំ២០០៨ ។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ស្ថានភាព​គម្រោង​ថវិកា​ត្រូវ​ស្វែង​រក​បន្ថែម​សម្រាប់​ទ្រទ្រង់​ដំណើរការ​ជម្រះក្តី​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​បាន​ដាក់​ជូន​ក្រុម​បណ្តា​ប្រទេស​ចាប់​អារម្មណ៍​នឹង​សាលាក្តី​ខ្មែរ​ក្រហម នៅឯ​បុរី​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​២០ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ ថា មិនទាន់​បាន​បញ្ចប់​ជា​ស្ថាពរ​ទេ ដោយ​ហេតុថា​ខ្ទង់​ថវិកា​ខ្លះ ត្រូវ​ម្ចាស់​ជំនួយ​ខ្លះ សំណូម​ពរ​ឲ្យ​ដក​ចេញ ហើយ​កំពុង​តែ​ពិភាក្សា​នៅ​ឡើយ ហើយ​ក៏​បាន​បន្ថែម​ថា ការងារ​គម្រោង​លើក​នេះ មាន​ភាព​ជឿនលឿន​ជាង​មុន ។

លោក ស៊ាន វិសុទ្ធ ប្រធាន​រដ្ឋបាល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​រួមគ្នា​ជាមួយ​អនុប្រធាន​ថ្មី​របស់​លោក គឺ​លោក Knut Rosandhaug   នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​រសៀល​ថ្ងែ​ទី​២៤ មិថុនា ឆ្នាំ​២០០៨ នេះ ដូច្នេះ​ថា ៖ «ប្រទេស​ផ្ដល់​ជំនួយ​ជាច្រើន​គេ​ទទួល​យក​បាន គេ​ពេញ​ចិត្ត ហើយ​ពុំ​មាន​សំណួរ​ដេញ​ដោល​ច្រើន ដូច​កាល​ពី​ខែ​មីនា ២០០៨ នោះ​ទេ ។ បញ្ហា​ដែល​នៅ​សល់​បន្តិច​បន្តួច ដែល​ត្រូវ​ដោះស្រាយ​រវាង​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ជាមួយ​នឹង​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ​នោះ គឺ​ចំណាយ​គ្រោង​សម្រាប់​អ្វី​ដែល​មិន​អាច​គ្រោង​ទុក​ជាមុន ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ ១៥​% ហើយ​និង កម្មវិធី​ទ្រទ្រង់​សម្រាប់​គម្រោង​ដែល​មាន​ចំនួន​ខ្ពស់​ដែរ​ដល់​ទៅ ៩%»

លោក ស៊ាន វិសុទ្ធ ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​ត្រូវ​ស្វែង​រក​បន្ថែម ត្រូវ​បាន​បែង​ចែក​ជា​បី​ដំណាក់កាល​ដើម្បី​ប្រតិបត្តិការ​ការងារ​របស់​សាលាក្តី​នេះ​រហូត​ដល់​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​នេះ សាលាក្តី​កំពុង​ស្វែងរក​ថវិកា​ចំនួន ៥០​លាន ៣​សែន​ដុល្លារ សម្រាប់​ប្រតិបត្តិការ​ការងារ​រហូត​ដល់​បំណាច់​ឆ្នាំ​២០០៩ ។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា សាលាក្តី​នេះ​មាន​ជំនឿ​ចិត្ត​ឬ​ទេ ចំពោះ​ការស្វែងរក​ថវិកា​បន្ថែម​នេះ លោក Knut Rosandhaug អនុប្រធាន​រដ្ឋបាល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ថ្លែង​ដូច្នេះ ៖ «ចម្លើយ​ដ៏​ខ្លី​របស់​ខ្ញុំ​គឺ​ថា បាទ ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​រឿង​នេះ ប៉ុន្តែ ចម្លើយ​មួយ​ដ៏​វែង​នោះ ខ្ញុំ​អាច​ជម្រាប​លោក​បាន​ថា លុយ​វា​មិន​រត់​មក​រក​យើង​ដោយ​ងាយ​ៗ​នោះ​ទេ បាន​ន័យ​ថា យើង​ត្រូវ​តែ​ធ្វើការ​ដើម្បី​ទទួល​បាន​នូវ​លុយ​ទាំងអស់​នេះ ។ ចំពោះ​ខ្ញុំ នេះ​គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ថា លុយ​ដែល​យក​មក​ចំណាយ​នៅ​ទី​នេះ គឺ​ជា​លុយ​ដែល​បាន​មក​ពី​ការប្រមូល​ពន្ធ​ពី​ម្ដាយ​របស់​ខ្ញុំ ពី​ប្រជាជន​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ថា វា​ត្រូវ​បាន​ចំណាយ​ក្នុង​គោលបំណង​ល្អ»

សូម​បញ្ជាក់​ជូន​ថា រហូត​មក​ដល់​ពេល​នេះ សាលាក្តី​ខ្មែរក្រហម​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ទទួល​ការសន្យា​ផ្តល់​ថវិកា​សរុប​ជិត​ប្រាំ​លាន​ដុល្លារ​ហើយ ក្នុង​ដំណាក់​កាល ដែល​សាលាក្តី​នេះ​កំពុង​ស្វែងរក​ថវិកា​បន្ថែម ក្នុងនោះ​រួមមាន​ប្រទេស​ជប៉ុន អូស្រ្តាលី បារាំង និង​រដ្ឋាភិបាល​កម្ពុជា​ផង ៕

អត្ថបទ​ដែល​ទាក់ទង

អតីត​មេ​ខ្មែរ​ក្រហម​៣​រូប​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព

តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​សំណេះ​សំណាល​គ្នា

អាល្លឺម៉ង់​នឹង​បន្ត​ការគាំទ្រ​តុលាការ​ខ្មែរ​ក្រហម

សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​បន្ត​ឃុំ​ខ្លួន នួន ជា ១​ឆ្នាំ​ទៀត

សហរដ្ឋ​អាមេរិក​សន្យា​ផ្ដល់​ថវិកា​១,៨​លាន​ដុល្លារ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

ចៅក្រម​អន្តរជាតិ​២​រូប​ស្បថ​ចូល​កាន់​តំណែង​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ថវិកា?

សង្គមស៊ីវិល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ទាមទារ​សំណង​ជា​រួម

កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក