អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសឲ្យដឹងអំពីស្ថានភាពគម្រោងថវិកាត្រូវស្វែងរកបន្ថែមសម្រាប់ទ្រទ្រង់ដំណើរការជម្រះក្តីមេដឹកនាំខ្មែរក្រហម ដែលបានដាក់ជូនក្រុមបណ្តាប្រទេសចាប់អារម្មណ៍នឹងសាលាក្តីខ្មែរក្រហម នៅឯបុរីញូវយ៉កកាលពីថ្ងៃទី១៦ និងថ្ងៃទី២០ មិថុនា កន្លងទៅថ្មីៗនេះ ថា មិនទាន់បានបញ្ចប់ជាស្ថាពរទេ ដោយហេតុថាខ្ទង់ថវិកាខ្លះ ត្រូវម្ចាស់ជំនួយខ្លះ សំណូមពរឲ្យដកចេញ ហើយកំពុងតែពិភាក្សានៅឡើយ ហើយក៏បានបន្ថែមថា ការងារគម្រោងលើកនេះ មានភាពជឿនលឿនជាងមុន ។
លោក ស៊ាន វិសុទ្ធ ប្រធានរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងបញ្ជាក់រួមគ្នាជាមួយអនុប្រធានថ្មីរបស់លោក គឺលោក Knut Rosandhaug នៅក្នុងសន្និសីទសារព័ត៌មានមួយនារសៀលថ្ងែទី២៤ មិថុនា ឆ្នាំ២០០៨ នេះ ដូច្នេះថា ៖ «ប្រទេសផ្ដល់ជំនួយជាច្រើនគេទទួលយកបាន គេពេញចិត្ត ហើយពុំមានសំណួរដេញដោលច្រើន ដូចកាលពីខែមីនា ២០០៨ នោះទេ ។ បញ្ហាដែលនៅសល់បន្តិចបន្តួច ដែលត្រូវដោះស្រាយរវាងក្រុមប្រទេសផ្ដល់ជំនួយជាមួយនឹងលេខាធិការដ្ឋានអង្គការសហប្រជាជាតិនោះ គឺចំណាយគ្រោងសម្រាប់អ្វីដែលមិនអាចគ្រោងទុកជាមុន ដែលមានតម្លៃខ្ពស់រហូតដល់ទៅ ១៥% ហើយនិង កម្មវិធីទ្រទ្រង់សម្រាប់គម្រោងដែលមានចំនួនខ្ពស់ដែរដល់ទៅ ៩%» ។
លោក ស៊ាន វិសុទ្ធ ក៏បានថ្លែងឲ្យដឹងទៀតថា ថវិកាដែលត្រូវស្វែងរកបន្ថែម ត្រូវបានបែងចែកជាបីដំណាក់កាលដើម្បីប្រតិបត្តិការការងាររបស់សាលាក្តីនេះរហូតដល់ឆ្នាំ២០១០ ហើយបច្ចុប្បន្ននេះ សាលាក្តីកំពុងស្វែងរកថវិកាចំនួន ៥០លាន ៣សែនដុល្លារ សម្រាប់ប្រតិបត្តិការការងាររហូតដល់បំណាច់ឆ្នាំ២០០៩ ។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា សាលាក្តីនេះមានជំនឿចិត្តឬទេ ចំពោះការស្វែងរកថវិកាបន្ថែមនេះ លោក Knut Rosandhaug អនុប្រធានរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងដូច្នេះ ៖ «ចម្លើយដ៏ខ្លីរបស់ខ្ញុំគឺថា បាទ ខ្ញុំមានជំនឿចិត្តលើរឿងនេះ ប៉ុន្តែ ចម្លើយមួយដ៏វែងនោះ ខ្ញុំអាចជម្រាបលោកបានថា លុយវាមិនរត់មករកយើងដោយងាយៗនោះទេ បានន័យថា យើងត្រូវតែធ្វើការដើម្បីទទួលបាននូវលុយទាំងអស់នេះ ។ ចំពោះខ្ញុំ នេះគឺជារឿងសំខាន់ ពីព្រោះថា លុយដែលយកមកចំណាយនៅទីនេះ គឺជាលុយដែលបានមកពីការប្រមូលពន្ធពីម្ដាយរបស់ខ្ញុំ ពីប្រជាជនរបស់ខ្ញុំនៅក្នុងប្រទេស ដូច្នេះខ្ញុំត្រូវតែខិតខំប្រឹងប្រែងដើម្បីធានាថា វាត្រូវបានចំណាយក្នុងគោលបំណងល្អ» ។
សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ សាលាក្តីខ្មែរក្រហមអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទទួលការសន្យាផ្តល់ថវិកាសរុបជិតប្រាំលានដុល្លារហើយ ក្នុងដំណាក់កាល ដែលសាលាក្តីនេះកំពុងស្វែងរកថវិកាបន្ថែម ក្នុងនោះរួមមានប្រទេសជប៉ុន អូស្រ្តាលី បារាំង និងរដ្ឋាភិបាលកម្ពុជាផង ៕
