ការថ្លែងរបស់លោក រាជ សម្បត្តិ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានព្រលយឡើងវិញ កាលពីថ្ងៃចន្ទ ចំពោះគម្រោងរបស់អាមេរិកក្នុងការផ្តល់ថវិកាដល់សាលាក្តីខ្មែរក្រហមនោះ។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះថា៖ «យើងយល់ថា ពួកគាត់គួរតែសម្រេចរឿងហ្នឹងឲ្យបានលឿន ព្រោះឥឡូវ ទាំងអស់គ្នាយើងឃើញហើយ ទ្វារចំហ ស្អីចំហទាំងអស់ ឲ្យមើលថាយើងដល់ណា ហើយយើងនៅតែថ្ងៃដែលគេវ៉ៃជួងម៉ឺង គឺជនត្រូវចោទឡើងមុខក្រចកសេះនិងការសួរដេញដោលគ្នា ក្នុងខែក្រោយៗទៀត»។
ជាមួយគ្នានេះ លោក រាជ សម្បត្តិ ក៏ថ្លែងដែរថា រហូតមកទល់ពេលនេះ ប្រទេសម្ចាស់ជំនួយនៅមានការវិនិច្ឆ័យខុសគ្នានៅឡើយចំពោះសាលាក្តីខ្មែរក្រហម ខណៈដែលប្រទេសជប៉ុន បានឈានមុខក្នុងការផ្តល់ថវិកាដល់សាលាក្តីហើយនោះ។
មន្ត្រីអាមេរិកធ្លាប់ថ្លែងជាញឹកញយពីចេតនាចង់ជួយថវិកាដល់សាលាក្តីខ្មែរក្រហម។ ក៏ប៉ុន្តែ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូសេហ្វ មូសូមែលី (Joseph Mussomeli) បានថ្លែងនៅថ្ងៃបញ្ចប់បេសកកម្មការទូតរបស់លោកក្នុងប្រទេសកម្ពុជាថា ការលើកឡើងពីបញ្ហាពុករលួយក្នុងផ្នែករដ្ឋបាលនៃសាលាក្តី គឺជាផ្នែកធ្វើឲ្យក្រុងវ៉ាស៊ីនតោន ពិចារណាចំពោះការផ្តល់ថវិកា។
លោក ចូសេហ្វ មូសូមែលី មានប្រសាសន៍ថា ៖ «និយាយឲ្យត្រង់ទៅ ខ្ញុំដឹងពិតថា នៅមានបញ្ហាពុករលួយក្នុងផ្នែករដ្ឋបាល ហើយដែលត្រូវការកែលម្អ។ ប៉ុន្តែ ក៏វាច្បាស់ណាស់ថា ផ្នែកច្បាប់នៃសាលាក្តី គឺកំពុងប្រព្រឹត្តទៅយ៉ាងល្អ»។
ប្រធានអង្គការលីកាដូ គឺលោកស្រី ពុង ឈីវកេក គាំទ្រឲ្យផ្តល់ថវិកាបន្ថែមដល់សាលាក្ដី ក៏ប៉ុន្តែ លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា ប្រទេសម្ចាស់ជំនួយគេចង់ឃើញថវិការបស់ពលរដ្ឋគេ ត្រូវបានប្រើប្រាស់ចំគោលដៅក្នុងបុព្វហេតុយុត្តិធម៌។
បច្ចុប្បន្ន លោក David Tolbert ដែលជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុសម្រាប់ភាគីអង្គការសហប្រជាជាតិ កំពុងធ្វើការរយៈពេលមួយសប្តាហ៍នៅសាលាក្តី ដើម្បីពិនិត្យមើលទំហំថវិកាជាក់លាក់ ដែលត្រូវស្នើបន្ថែមនោះ។
លោក រាជ សម្បត្តិ មានប្រសាសន៍ថា ថវិកាដែលគ្រោងសុំសម្រាប់ការចំណាយក្នុងឆ្នាំ២០០៩ គឺភាគីកម្ពុជាត្រូវការជាង៦លានដុល្លារអាមេរិក ចំណែកឯភាគីអង្គការសហប្រជាជាតិ ត្រូវការជាង ៣៩លានដុល្លារអាមេរិក។
សូមជម្រាបថា សាលាក្តីវិសាមញ្ញដែលចូលរួមដោយអង្គការសហប្រជាជាតិ គ្រោងបើកការជំនុំជម្រះមុនគេ លើសំណុំរឿងអតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ក្នុងចំណោមអតីតមេខ្មែរក្រហមដែលកំពុងជាប់ឃុំចំនួន៥នាក់ ដែលទទួលខុសត្រូវ លើការស្លាប់រង្គាលមនុស្ស ១,៧លាននាក់នាចុងទសវត្សរ៍ឆ្នាំ១៩៧០៕
