ក្នុងសវនាការនៅថ្ងៃទី ២៣ កក្កដា ជនជាប់ចោទ នួន ជា បានស្នើសុំអង្គជំនុំជម្រះ តាំងសំណួរត្រឡប់ទៅអ្នកជំនាញ ដេវីដ ឆេនល័រ ចំនួន ២សំណួរ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងជម្លោះរវាងប្រទេសកម្ពុជា និងវៀតណាម។
សំណួរទី ១ ដែលជនជាប់ចោទ នួន ជា ចោទសួរទៅអ្នកជំនាញនោះ គឺមូលហេតុទំនាស់រវាងប្រទេសកម្ពុជា និងវៀតណាម៖ «តើរហូតមកដល់ពេលនេះ តើទំនាស់រវាងប្រជាជនកម្ពុជា បណ្ដាលមកពីរឿងព្រំដែន ឬមកពីអ្វីជាសំខាន់?»។
សំណួររបស់ជនជាប់ចោទ ត្រូវបានលោក ដេវីដ ឆេនល័រ ឆ្លើយតបថា បញ្ហានេះ គឺមានភាពវែងឆ្ងាយ ហើយត្រូវការពេលវេលា និងការពន្យល់ច្រើន។ ក៏ប៉ុន្តែប្រការសំខាន់ គឺការមិនគោរពគ្នា និងការមិនចរចា៖ «ប្រសិនបើយើងពិនិត្យមើលទៅលើប្រយោគមួយ ដើម្បីពិពណ៌នាអំពីមូលហេតុហ្នឹង ខ្ញុំសុំនិយាយថា វាជាមូលហេតុប្រវត្តិសាស្ត្រ គឺការមិនទុកចិត្តគ្នាតាមប្រវត្តិសាស្ត្រ និងការមិនទុកចិត្តគ្នាទៅវិញទៅមក»។
ជនជាប់ចោទ នួន ជា ដែលជាអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងមានរហស្សនាមថា បងទី ២ មិនបានជំទាស់អ្វីទៅនឹងការបកស្រាយរបស់អ្នកជំនាញទេ។ ក៏ប៉ុន្តែគាត់បន្តសំណួរទី២ របស់ទាក់ទងទៅនឹងប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា៖ «តើកំណើតរបស់បក្សកុម្មុយនិស្តកម្ពុជា មានមកដោយសារចលនារបស់ប្រជាជនកម្ពុជា ឬមានកំណើតដោយជនបរទេសនាំពីក្រៅចូលមក?»។
សំណួរទី២ របស់ជនជាប់ចោទ នួន ជា ធ្វើឱ្យយើងចាំបានថា កាលពីក្នុងសវនាការកន្លងទៅ គាត់ធ្លាប់លើកឡើងថា បក្សកុម្មុយនិស្តកម្ពុជា ត្រូវបានបង្កើតឡើងដោយវៀតណាម។
អ្នកជំនាញប្រវត្តិសាស្ត្រ លោក ដេវីដ ឆេនល័រ វិញ បានបញ្ជាក់ថា ចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៤០ និងដើមឆ្នាំ ១៩៥០ គឺបក្សកុម្មុយនិស្តកម្ពុជា ឡាវ និងវៀតណាម មានគំនិតដូចគ្នា ក្នុងការបណ្ដេញអាណានិគមបារាំង ចេញពីប្រទេសទាំងបី៖ «ដូច្នេះ គឺថាទាំង ៣ ប្រទេសហ្នឹង មានគោលដៅដូចៗ គ្នា ហើយអាចថា វៀតណាមជាអ្នកបណ្ដុះបណ្ដាលកម្ពុជា។ ប្រសិនបើយើងនិយាយឱ្យច្បាស់ គឺថាប្រភពដើមនៃបក្សកុម្មុយនិស្តកម្ពុជា ចុងទសវត្សឆ្នាំ ១៩៤០ និងដើមឆ្នាំ ១៩៥០ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវៀតណាម»។
សំណួររបស់ជនជាប់ចោទ នួន ជា គឺធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីជនជាប់ចោទ តាំងសំណួរចំពោះអ្នកជំនាញ ដេវីដ ឆេនល័រ ទាក់ទងទៅនឹងប្រវត្តិ និងរចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា តាំងពីដើមរៀងមក។
ឱកាសសម្រាប់ក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ សួរសាក្សីជំនាញលោក ដេវីដ ឆេនល័រ បានបញ្ចប់ ក៏ប៉ុន្តែសវនាការនឹងត្រូវធ្វើបន្តនៅថ្ងៃអង្គារ ទី២៤ កក្កដា ទៀត ហើយអង្គជំនុំជម្រះនឹងផ្ដល់ឱកាសដល់ក្រុមមេធាវីការពារក្ដីជនជាប់ចោទ អៀង សារី ដើម្បីសួរសំណួរបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
