សាក្សី​ប្រដូច​ជន​ជាប់​ចោទ ខៀវ សំផន ទៅ​នឹង​ព្រះពុទ្ធ

នៅ​ថ្ងៃ​ទី​៧ ខែ​សីហា សាលា​ក្ដី​ខ្មែរ​ក្រហម ផ្អាក​ការ​ស្ដាប់​សាក្សី ឈ្មោះ សួង ស៊ីគឿន ហៅ គង់ ជា​បណ្ដោះ​អាសន្ន ដោយសារ​បញ្ហា​សុខភាព​ថមថយ។

0:00 / 0:00

នៅ​មុន​ពេល​ផ្អាក​បន្តិច សាក្សី សួង ស៊ីគឿន បាន​ប្រដូច​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ឈ្មោះ ខៀវ សំផន ដូច​ជា ព្រះពុទ្ធ ហើយ​មេ​ដឹក​នាំ ២ រូប​ទៀត ជា​ព្រះធម៌ និង​ព្រះសង្ឃ។

ការ​ប្រៀប​ប្រដូច​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ឈ្មោះ ខៀវ សំផន ថា​ដូច​ជា​ព្រះ​ពុទ្ធ​នេះ គឺ​សាក្សី សួង ស៊ីគឿន ធ្វើ​ឡើង​ក្នុង​ពេល​គាត់​ឆ្លើយ​តប​សំណួរ​របស់​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​សួរ​ទាក់ទង​នឹង​ការ​អំពាវនាវ​របស់​ខ្មែរក្រហម​ឱ្យ​និស្សិត បញ្ញាជន​នៅ​បរទេស​វិល​ចូល​មក​កម្ពុជា​វិញ កាល​ពី​ឆ្នាំ ១៩៧៥។

សាក្សី សួង ស៊ីគឿន ថ្លែង​ថា ការ​អំពាវនាវ​នៅ​ពេល​នោះ គឺ​តាម​រយៈ​អង្គការ​រណសិរ្ស​ប្រចាំ​នៅ​ប្រទេស​នីមួយៗ។ ម្យ៉ាង​ទៀត លោក​ថា បើ​ទោះ​ជា​មិន​មាន​ការ​អំពាវនាវ ក៏​និស្សិត​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​ចង់​វិល​មក​ស្រុក​វិញ​ដែរ ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​មាន​សម្ដេច សីហនុ និង​ជន​ជាប់​ចោទ ខៀវ សំផន ដែល​កាល​នោះ​ទុក​ដូច​ជា​ព្រះ​ពុទ្ធ។

សាក្សី សួង ស៊ីគឿន៖ «រណសិរ្ស​ពេល​នោះ​មាន​ដូច​ថា មាន​សម្ដេច​ព្រះ នរោត្ដម សីហនុ លោក​ជា​ប្រធាន ជា​ពិសេស នៅ​ក្នុង​ប្រទេស មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ។ បើ​សិន​លោក​មិន​បាន​ដឹង​ទេ លោក​ទើប​នឹង​អញ្ជើញ​មក ខ្ញុំ​ចង់​ប្រាប់​ថា ព្រះ​ពុទ្ធ គឺ​ថា លោក ខៀវ សំផន។ ព្រះធម៌ គឺ​ថា លោក ហ៊ូ យន់ ព្រះ​សង្ឃ គឺ​លោក ហ៊ូ នឹម។ ជា​បញ្ញាជន​ស្អាតស្អំ ហើយ​ប្រជាជន​ខ្មែរ យុវជន​ខ្មែរ លោក​ស្រឡាញ់ គោរព ស្នេហា​ណាស់។ លោក​ទាំង ៣ ហ្នឹង គឺ​ដូច​គេ​ថា​មែន»

លោក សួង ស៊ីគឿន ថ្លែង​ថា សម័យ​កាល​ឆ្នាំ ១៩៧៥ នោះ ជា​រយៈពេល​វេលា​ដែល​ពួក​គាត់​បាន​បំពេញ​កាតព្វកិច្ច​ឱ្យ​ប្រទេស​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ សម​ជា​ប្រទេស​ឯករាជ្យ ឆ្ពោះ​ទៅ​រក​ការ​កសាង​ជាតិ ការ​បង្រួបបង្រួម និង​សុខដុមរមនា។

លោក​ថា ការ​ក្រឡាប់​ចក្រ​បន្ទាប់​មក​គឺ​ជា​ឈឺ​ចាប់​ចំពោះ​លោក៖ «យើង​បំពេញ​បាន​ច្រើន​ណាស់ ហេតុ​អ្វី​បាន​វា​ទៅ​ជា បែរ​ជា​សោកនាដកម្ម​ដ៏​ធំធេង ដែល​សកល​លោក​មិន​ដែល​មាន ដែល​ប្រវត្តិសាស្ត្រ​មិន​ដែល​មាន​ដូច្នេះ។ នេះ​ហើយ​ជា​ការ​ឈឺ​ចាប់​របស់​យើង​ទាំង​អស់​គ្នា ជា​ពិសេស​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​លះបង់​អ្វីៗ ទាំង​អស់»

សាក្សី សួង ស៊ីគឿន ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​ជា​បក្ខជន​សកម្ម​ម្នាក់​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ លោក​ចូល​ក្នុង​វង់​ម៉ាកឡេនីន នៅ​ប្រទេស​បារាំង ដែល​បង្កើត​ឡើង​ដោយ​ជន​ជាប់​ចោទ អៀង សារី។ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ លោក​ជា​កម្មាភិបាល​ផ្នែក​ឃោសនាការ និង​ព័ត៌មាន នៃ​ក្រសួង​ការ​បរទេស ហៅ​កាត់​ថា មន្ទីរ ប១។

ទាក់ទង​នឹង​ការ​អំពាវនាវ​របស់​ខ្មែរក្រហម​ឱ្យ​និស្សិត បញ្ញវន្ត​នៅ​បរទេស​វិល​ចូល​មក​កម្ពុជា​វិញ នៅ​ឆ្នាំ ១៩៧៥ លោក​ថា ជា​ភារកិច្ច​របស់ អៀង សារី ដែល​ត្រូវ​អំពាវនាវ​ឱ្យ​គេ​មក​វិញ ព្រោះ​គាត់​យល់​ថា ពេល​នោះ​ក៏​ជា​ឱកាស​ឱ្យ​និស្សិត​បញ្ញវន្ត​នៅ​បរទេស ត្រូវ​វិល​ត្រឡប់​មក​បម្រើ​ជាតិ​វិញ​ដែរ។

សាក្សី​បដិសេធ​ថា ទាំង​គាត់ និង​ជន​ជាប់​ចោទ អៀង សារី ប្រាកដ​ជា​មិន​ដឹង​អំពី​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​នោះ​ទេ។ លោក សួង ស៊ីគឿន ថ្លែង​ថា ចំពោះ​វិនាសកម្ម​វិញ គឺ​គាត់​ទើប​តែ​ដឹង​នៅ​ក្រោយ​ឆ្នាំ ១៩៧៩ ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា បើ​មិន​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ ១៩៧៩ ទេ​នោះ ទាំង​លោក​ខ្លួន​ឯង និង​ជន​ជាប់​ចោទ អៀង សារី និង​ត្រូវ​ស្លាប់៖ «ពួក​ខ្ញុំ​ផ្ទាល់ កុំ​តែ​បាន ៧៩ កុំ​អី​គ្មាន​បាន​រស់​ទេ ខ្ញុំ​ជម្រាប​អ៊ីចឹង។ ពួក​ប៉ុន្មាន​នាក់ អៀង សារី សួង ស៊ីគឿន អៀង ធីរិទ្ធ អី​ហ្នឹង មាន​ក្នុង​បញ្ជី​គេ​អស់​ហើយ»

ទាក់ទង​នឹង​ការ​ថ្លែង​អំពី​ការ​លះបង់​គ្រប់​យ៉ាង​របស់​លោក សួង ស៊ីគឿន ដែរ នៅ​ក្នុង​សៀវភៅ​ឈ្មោះ ឆ្ងាយ​ហួស​ពី​ជើង​មេឃ ៥​ឆ្នាំ​ជាមួយ​ពួក​ខ្មែរ​ក្រហម របស់​អ្នកស្រី ឡូរ៉ង់ ពិច ដែល​ភរិយា​ជន​ជាតិ​បារាំង​របស់​គាត់ បាន​សរសេរ​រៀបរាប់​ជា​ច្រើន​អំពី​លោក សួង ស៊ីគឿន ដែល​គិត​តែ​ពី​ការងារ​បក្ស និង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​មិន​សូវ​គិតគូរ​ដល់​គ្រួសារ​សោះ។

ដោយសារ​តែ​សុខភាព​របស់​ថមថយ​អស់​កម្លាំង​របស់​លោក សួង ស៊ីគឿន អង្គ​ជំនុំជម្រះ​បាន​ស្ដាប់​សាក្សី​ឈ្មោះ អុង ថុង​ហឿង ជំនួស​វិញ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៧ សីហា។ សាក្សី​ឈ្មោះ អុង ថុងហឿង គឺ​ជា​អតីត​បញ្ញាជន​នៅ​បរទេស​មួយ​រូប ដែល​វិល​មក​ចូល​រួម​ក្នុង​ខ្មែរ​វិញ នៅ​ឆ្នាំ​១៩៧៥។ សាក្សី​បាន​រៀបរាប់​ដោយ​ក្ដុកក្ដួល​ក្នុង​ចិត្ត​អំពី​ការ​ឈឺ​ចាប់​របស់​លោក ដែល​បាន​ឆ្លង​កាត់​ក្នុង​របប​នោះ។

អង្គ​ជំនុំជម្រះ​នឹង​បន្ត​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​នេះ​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី​៩ សីហា ដោយ​ផ្លាស់​ប្ដូរ​គ្នា​ជា​មួយ​សាក្សី សួង ស៊ីគឿន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។