អតីត​ខ្មែរ​ក្រហម​សុំ​ទោស​សម្ដេច សីហនុ

នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​៨ សីហា សាក្សី​ថ្លែង​សុំ​ទោស​សម្ដេច​ព្រះ នរោត្ដម សីហនុ ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​វាយ​ប្រហារ​វណ្ណៈ​របស់​ព្រះអង្គ កាល​ពី​ក្នុង​កម្ពុជា​ប្រជាធិបតេយ្យ។ ស្រប​ពេល​គ្នា​នោះ សាក្សី​ក៏​បាន​សរសើរ​ដល់​ស្មារតី​ស្នេហា​ជាតិ​របស់​ព្រះអង្គ​ដែរ។

0:00 / 0:00

ការ​ថ្លែង​សុំ​ទោស​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ត្រូវ​បាន​សាក្សី សួង ស៊ីគឿន ដែល​ជា​អតីត​បក្ខជន​កុម្មុយនិស្ត​សកម្ម​មួយ​រូប ថ្លែង​ជា​សាធារណៈ នៅ​ក្នុង​សវនាការ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី ៨ ខែ​សីហា។

សាក្សី សួង ស៊ីគឿន ថ្លែង​នៅ​ពេល​គាត់​ឆ្លើយ​តប​នឹង​សំណួរ​របស់​សហ​ចៅក្រម​អន្តរជាតិ លោក ហ្សង់ ម៉ាកឡាវ៉ែញ (Jean-marc lavergne) សួរ​ថា តើ​ទស្សនៈ​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ ដូច​គ្នា​និង​ទស្សនៈ​របស់ ប៉ុល ពត និង​បក្ខជន​កុម្មុយនិស្ត​កម្ពុជា​ដែរ​ឬ​ទេ ចំពោះ​អនាគត​ប្រទេស​កម្ពុជា។

សាក្សី សួង ស៊ីគឿន៖ «ខ្ញុំ​សូម​ឆ្លៀត​ឱ្យកាស​នេះ ថ្វាយ​បង្គំ​គោរព​ព្រះអង្គ​ ហើយ​សុំ​ទោស​ព្រះអង្គ​ចំពោះ​អ្វីៗ ដែល​កន្លង​មក​ ខ្ញុំ​បាន​មាន​មតិ​ចំពោះ​ព្រះអង្គ មិន​មែន​មតិ​ផ្ទាល់​ទេ ចំពោះ​ដូច​ថា វណ្ណៈ​សក្ដិភូមិ​ជិះជាន់ បរិវារ​អាណានិគម​និយម​បារាំង​អី គឺ​ថា ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ព្រះ​អង្គ»

សាក្សី សួង ស៊ីគឿន ថ្លែង​ថា អតីត​ព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​អ្នក​មាន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​ដ៏​ខ្ពង់ខ្ពស់​មួយ​ព្រះ​អង្គ ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ខ្មែរ​គ្រប់​សម័យ៖ «ចំពោះ​សម្ដេច​ព្រះ នរោត្ដម សីហនុ ខ្ញុំ​យល់​ឃើញ​ថា ព្រះ​អង្គ​ប្រកាន់​នៅ​ស្មារតី​នេះ​ខ្ពង់ខ្ពស់​ណាស់»

ក្រៅ​ពី​នេះ សាក្សី សួង ស៊ីគឿន ក៏​បាន​សរសើរ​ដល់​សម្ដេច ប៉ែន នុត ដែល​ជំនួយការ​របស់​អង្គ និង​ជន​ជាប់​ចោទ ខៀវ សំផន លោក ហ៊ូ យន់ និង ហ៊ូ នឹម។

សហ​ចៅក្រម​អន្តរជាតិ លោក ហ្សង់ ម៉ាកឡាវ៉ែញ បាន​ព្យាយាម​សួរ​ដេញដោល​សាក្សី សួង ស៊ីគឿន ចង់​ដឹង​ថា តើ​ធ្លាប់​មាន​ទំនាស់​គ្នា​រឿង​ទស្សនៈ​ទេ រវាង​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ប្រមុខ​នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា និង​ក្រុម​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ដឹក​នាំ​ដោយ ប៉ុល ពត។

សាក្សី សួង ស៊ីគឿន ថ្លែង​ថា បញ្ហា​រកាំរកូស​ផ្ទៃក្នុង​ពិត​ជា​មាន នៅ​ក្នុង​អំឡុង​ពេល​តស៊ូ​ប្រឆាំង​នឹង​របប​លោក​សេនា​ប្រមុខ លន់ នល់។ ក៏​ប៉ុន្តែ គាត់​មិន​បញ្ជាក់​ពី​បញ្ហា​ជាក់លាក់​អ្វី​ទេ ដោយ​គ្រាន់​តែ​ថ្លែង​ថា ចំពោះ​បញ្ហា​ធំ​របស់​ប្រទេស​ជាតិ គឺ​ភាគី​ទាំង​ពីរ មាន​ទស្សនៈ​ស្រប​គ្នា។

សាក្សី សួង ស៊ីគឿន រំឭក​ឡើង​វិញ​ថា កាល​ពី​ឆ្នាំ ១៩៧៣ មាន​សន្និសីទ​សន្តិភាព​មួយ នៅ​ទីក្រុង​ប៉ារីស ដើម្បី​ចរចា​គូ​ជម្លោះ។ ប៉ុន្តែ​ភាគី​តស៊ូ​ជំទាស់​នឹង​គោលបំណង​នោះ៖ «ខ្ញុំ​ចាំ​បាន​ថា សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះអង្គ​ក៏​ឯកភាព​នឹង​ជំហរ​នេះ​ដែរ។ដូច្នោះ​លើ​បញ្ហា​ធំ ដែល​ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​នេះ គឺ​ភាគី​ទាំង​ពីរ​យល់​ឯកភាព​គ្នា។ ពិត​មែន​ហើយ​មាន​ការ​ដូច​ថា រកាំរកូស អា​ហ្នឹង​ជា​បញ្ហា​ផ្ទៃ​ក្នុង យើង​មិន​អាច​បដិសេធ​បាន​ទេ។ ប៉ុន្តែ​ជា​រួម​នៅ​ពេល​នោះ ចលនា​តស៊ូ​ឯកភាព​គ្នា​ថា នឹង​បន្ត​ការ​តស៊ូ​ដោយ មិន​មាន​ការ​ចរចា មិន​មាន​ការ​សម្រុះសម្រួល ជាមួយ​សាធារណរដ្ឋ​ខ្មែរ សេនា​ប្រមុខ លន់ នល់ ទេ»

សាក្សី សួង ស៊ីគឿន ថ្លែង​ថា លោក​មិន​បាន​ដឹង​ពី​ទស្សនៈ​របស់​សម្ដេច សីហនុ ពេល​នោះ​ទេ។ ចំណែក​ខាង​ក្រុម​របស់​លោក​វិញ គឺ​មាន​ទស្សនៈ​ថា ដើម្បី​ឱ្យ​ប្រទេស​រក្សា​ឯករាជភាព មាន​អធិបតីភាព ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ថ្កុំថ្កើង ប្រទេស​រីក​ចម្រើន គឺ​ត្រូវ​តែ​ប្រកាន់​យក​លទ្ធិ​សង្គម​និយម និង​កុម្មុយនិស្ត។

សាក្សី​ទទួល​ស្គាល់​ថា ការ​ជ្រើសរើស​តាម​បែប​នេះ​កន្លង​មក គឺ​ពិត​ជា​មិន​អាច​ទៅ​រួច ហើយ​បែក​បាក់​ជាតិ​ទៀត​ផង៖ «ខ្ញុំ​យល់​ថា​យើង​ឯកភាព​គ្នា មិន​ប្រកាន់​យក​ផ្លូវ​ដើរ​នេះ​ទៀត​ទេ។ តាម​ខ្ញុំ​ដឹង​ច្បាស់ សូម​អស់​លោក​កុំ​ខ្លាច​ថា ខ្មែរក្រហម​វិល​មក​វិញ​នោះ កុំ​ខ្លាច​អី។ មិន​មាន​ទេ ព្រោះ​ខ្មែរក្រហម​ឆ្អិន​ឆ្អៅ មោះមុត មិន​មាន​គិត​ដូច្នោះ​ទេ។ ព្រោះ​អី? ព្រោះ​ផ្លូវ​ដែល​ដើរ​មក​នេះ វា​ខ្លោច​ផ្សា​ឈឺ​ចាប់​ណាស់ ហើយ​មនុស្ស​ដូច​ថា ឆ្មា​ដែល​វា​រលាក​ទឹក​ក្ដៅ​ម្ដង​ហើយ គ្រាន់​តែ​ទឹក​ត្រជាក់​ក៏​វា​ខ្លាច​ដែរ»

ទាក់ទង​នឹង​ការ​បែក​បាក់​ជាតិ​នេះ​ដែរ លោក សួង ស៊ីគឿន បន្ត​ថា នៅ​យុគ​សម័យ​ពេល​តស៊ូ​នោះ ទស្សនៈ​របស់​ខ្មែរ​កុម្មុយនិស្ត គឺ​ត្រូវ​តែ​មាន​ទស្សនៈ​ក្រហម និង​ជំនាញ។ អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ មិន​អាច​ចុះ​សម្រុង​នឹង​គ្នា​ទេ។

លោក សួង ស៊ីគឿន ជម្រាប​ចៅក្រម​ថា ទី​បំផុត លោក​បាន​រស់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គឺ​ដោយសារ​តែ​វេជ្ជបណ្ឌិត​ឈ្មោះ គឹម វៀន ដែល​ធ្លាប់​ជា​សត្រូវ​នយោបាយ ជួយ​វះកាត់​ជំងឺ​បេះដូង​ឱ្យ​លោក។ សវនាការ​ស្ដាប់​ចម្លើយ​របស់​លោក សួង ស៊ីគឿន នឹង​បន្ត​ធ្វើ​ទៅ​ថ្ងៃ​ទី ៩ សីហា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។