ការសង្ស័យនេះ ត្រូវបានធ្វើឡើងដោយមេធាវីអន្តរជាតិរបស់ជនជាប់ចោទ នួន ជា បន្ទាប់ពីសំណួររបស់គាត់ខ្លះ ត្រូវបានសាក្សីឈ្មោះ ប្រាក់ យុត ឆ្លើយថាមិនដឹងច្បាស់ ឬមិនចាំ។
សំណួរទាំងនោះច្រើនទាក់ទងទៅនឹងកម្មាភិបាលគណៈតំបន់ ៣៥ និង ៤១ ជាពិសេស គឺទាក់ទងនឹងការរស់នៅសព្វថ្ងៃរបស់អតីតកម្មាភិបាលឈ្មោះ តា អាន ដែលធ្លាប់ជាប្រធានរបស់គាត់ ហើយសាក្សីឆ្លើយថា មិនដឹង។
ដោយការកត់សម្គាល់បែបនេះ ទើបមេធាវីដាក់ការសង្ស័យ៖ «ខ្ញុំចាប់អារម្មណ៍ថា លោកស្រីដូចជាមានការលំបាកណាស់ ក្នុងការបំភ្លឺព័ត៌មានអីទាក់ទងទៅនឹងតា អាន។ ហេតុអីបានជាមានការលំបាកអ៊ីចឹង ប្រាប់តុលាការបានទេ?»។
តបនឹងសំណួររបស់មេធាវីជនជាប់ចោទ នួន ជា សាក្សី ប្រាក់ យុត ថ្លែងថា ពីមុនគាត់ធ្លាប់ជួបតា អាន មែន។ ប៉ុន្តែពេលនេះគាត់មិនដឹងទេ ទោះបីជាមេធាវីថា តា អាន រស់នៅជាង ៣០ គីឡូម៉ែត្រពីសាក្សីក៏ដោយ៖ «លោកថា គាត់នៅចម្ងាយប៉ុណ្ណេះគីឡូ (ម៉ែត្រ)ៗ ព្រោះខ្ញុំអត់ដែលបានជួបបានខ្ញុំថា មិនដឹង។ បើសិនជាខ្ញុំបានជួប ខ្ញុំក៏មិនអាចប្រកែកបានដែរក្នុងបញ្ហានេះ ព្រោះយើងបាននៅជាមួយគ្នា ខ្លាចអីនឹងនិយាយ។ ប៉ុន្តែខ្ញុំអត់ដែលបានជួប ព្រោះពេលរត់យួនមកបែកគ្នារហូត»។
យើងអាចកត់សម្គាល់ឃើញថា សវនាការនៅពេលរសៀលថ្ងៃទី ៣០ មករា មេធាវីជនជាប់ចោទ នួន ជា បានព្យាយាមសួរសាក្សីម្ដងជាច្រើនលើកអំពីឈ្មោះអតីតកម្មាភិបាល ២រូប គឺតា អាន និងយាយ ចែម ដើម្បីភ្ជាប់ទៅនឹងសំណុំរឿង ០០៤។ មេធាវីជនជាប់ចោទ នួន ក៏បានសួរសាក្សីដែរថា ដឹង ឬទេ អំពីករណី ០០៤។ ប៉ុន្តែការសួរបែបនេះត្រូវបានប្រធានចៅក្រមជំនុំជម្រះ និល ណុន រារាំង ដោយពន្យល់ថា ជាការហួសវិសាលភាពជំនុំជម្រះ ដែលសវនាការកំពុងធ្វើលើសំណុំរឿង ០០២ វគ្គទីមួយ ដែលនិយាយរឿងប្រវត្តិ និងរចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជាតែប៉ុណ្ណោះ។
លោក និល ណុន៖ «សាក្សីមិនបាច់ឆ្លើយតបនឹងមេធាវីទេ។ រឿងនោះមិនពាក់ព័ន្ធរឿងនេះទេ ហើយករណីឈ្មោះ អាន នេះ ក៏មិនពាក់ព័ន្ធក្នុងសំណុំរឿង ០០២ ដែរ»។
ចៅក្រមអន្តរជាតិ ស៊ីវៀ ខាតរ៉ាយត៍ (Silvia Cartwright) សង្កត់បន្ថែមលើវិសាលភាពនេះទៀត ក៏ប៉ុន្តែត្រូវបានមេធាវីជំទាស់៖ «សាក្សីនេះហាក់ជាគាត់មិនបង្ហាញអំពីការផ្ដល់សក្ខីកម្មដោយសេរីសោះ ដោយសារតែយើងដឹងហើយថា រដ្ឋាភិបាលគាត់មិនចង់ឱ្យមានការចោទប្រកាន់ស៊ើបអង្កេតទៅនឹងសំណុំរឿង ០០៤។ ដូច្នេះហើយខ្ញុំសួរគាត់អំពីចំណុចដែលវាអាចពាក់ព័ន្ធទៅនឹងសំណុំរឿងនេះផង ដែលថា វាអាចប៉ះពាល់ទៅដល់សំណុំរឿង ០០២ របស់យើងដែលគាត់មានការភ័យខ្លាច»។
ការសង្ស័យរបស់មេធាវីជនជាប់ចោទ នួន ជា បាននាំឱ្យសហចៅក្រមអន្តរជាតិ ស៊ីលវៀ ខាតរ៉ាយត៍ ចោទសួរបញ្ជាក់សាក្សី ប្រាក់ យុត ជាថ្មីថា តើមាននរណាម្នាក់គំរាមកំហែង ឬកំណត់ឱ្យនិយាយដោយប្រុងប្រយ័ត្ន ឬទេ? សាក្សី ប្រាក់ យុត បានបដិសេធថា មិនមានអ្នកគំរាមកំហែងទេ។
សវនាការស្ដាប់សក្ខីកម្មរបស់សាក្សី ប្រាក់ យុត បានបញ្ចប់នៅនៅរសៀលថ្ងៃទី ៣០ មករា។ នៅថ្ងៃអង្គារទី ៣១ មករា អង្គជំនុំជម្រះនឹងសាកសួរជនជាប់ចោទ នួន ជា ជាបន្តទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
