នួន ជា បដិសេធ​សក្ខីកម្ម​របស់ ឌុច

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​បន្ត​សវនាការ​របស់​ខ្លួន​ឡើង​វិញ​ហើយ បន្ទាប់​ពី​ការ​ឈប់​សម្រាក​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ កាល​ពី​ចុង​សប្ដាហ៍​មុន។ នៅ​ថ្ងៃ​១៨ មេសា នេះ ជន​ជាប់​ចោទ នួន ជា និយាយ​ថា កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​មនុស្ស​កុហក ពូកែ​វោហារ។

0:00 / 0:00

នៅ​ក្នុង​សវនាការ​ពេល​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ ជន​ជាប់​ចោទ នួន ជា បាន​បដិសេធ​សក្ខីកម្ម​របស់​សាក្សី កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង។

ការ​បដិសេធ​នេះ ត្រូវ​បាន​ជន​ជាប់​ចោទ នួន ជា ប្រកាស​ក្នុង​សវនាការ​តាម​រយៈ​ការ​អាន​សេចក្ដី​ថ្លែងការណ៍​ខ្លី​មួយ ដែល​គាត់​បាន​គ្រោង​ទុក​តាំង​ពី​សប្ដាហ៍​មុន៖ «ខ្ញុំ​សូម​ប្រកាស​ជូន​បង​ប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ថា ខ្ញុំ​មិន​ដែល​មាន​ពេល​ណា​មួយ​ទទួល​ខុស​ត្រូវ​លើ​មន្ទីរ ស-២១ នោះ​ទេ»

ការ​បដិសេធ​របស់​ជន​ជាប់​ចោទ នួន ជា នេះ គឺ​ជា​ការ​ថ្លែង​បញ្ជាក់​ជា​បន្ថែម​ទៀត ដែល​កន្លង​មក​មាន​ចោទ​ប្រកាន់​ថា គាត់​មាន​តួនាទី​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​យោធា និង​សន្តិសុខ ជា​ពិសេស គឺ​ការងារ​របស់​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង។

ក្នុង​សវនាការ​កាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ អតីត​ប្រធាន​គុក​ទួល​ស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ជន​ជាប់​ចោទ នួន ជា ជា​មេ​របស់​គាត់​ផ្ទាល់ ក្នុង​ប្រតិបត្តិការ​ការងារ​សួរ​ចម្លើយ និង​សម្រេច​សម្លាប់​អ្នក​ទោស នៅ​គុក​នោះ៖ «ស-២១ បើ​និយាយ​ពី​បិទ​ទ្វា​ពិបាក​និយាយ​ណាស់។ បើ​និយាយ​អំពី​បញ្ជា​បង នួន ឱ្យ​កម្ទេច​មនុស្ស​ឱ្យ​អស់ គឺ​ប្រហែល​នៅ​ថ្ងៃ​៣ ខែ​មករា ឆ្នាំ​១៩៧៩។ ម៉ោង ១១ រថក្រោះ​វៀតណាម មក​ដល់​មុខ​ផ្ទះ​ខ្ញុំ។ ម៉ោង ៣ យើង​ខ្ញុំ​ចេញ​ពី ស-២១ ទៅ​សាលា​សន្សំ​កុសល។ អត់​មាន​បិទ​ទ្វា​ទេ គឺ​រត់​ចេញ​តែ​ម្ដង។ មេ​រត់​ចោល​បាត់»

សាក្សី ឌុច បាន​បញ្ជាក់​ថា គាត់​ចាប់​ផ្ដើម​ទាក់ទង​ធ្វើ​ការ​ការងារ និង​បញ្ជូន​ចម្លើយ​សារភាព​អ្នកទោស​នៅ​មន្ទីរ ស-២១ ឱ្យ​ជន​ជាប់​ចោទ នួន ជា ពិនិត្យ​សម្រេច ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​១៩៧៧ រហូត​ដល់​ថ្ងៃ​រត់​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

ជន​ជាប់​ចោទ នួន ជា ថ្លែង​ថា គាត់​មិន​ដែល​ទទួល​ឯកសារ​អ្វី​មួយ​ពី ឌុច ទេ ហើយ​ក៏​មិន​មែន​ជា​មេ​កើយ​របស់ ឌុច ដែរ។ គាត់​បន្ត​ថា ឌុច ជា​មនុស្ស​ពូកែ​វោហារ​តាម​រយៈ​សវនាការ​កន្លង​មក៖ «ឌុច មាន​ការ​ភ័ន្ត​ច្រឡំ​វិលវល់ មិន​អាច​កំណត់​ចំណារ​ឱ្យ​ច្បាស់លាស់​នោះ គាត់​កែ​ឆ្នៃ​ចំណារ​របស់ ប៉ុល ពត ថា ជា​របស់​ខ្ញុំ។ ខ្ញុំ​សុំ​ស្នើ​អង្គ​ជំនុំជម្រះ​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ប៉ុន្មាន​របស់ ឌុច មក​លើ​រូប​ខ្ញុំ»

គាត់​ថា ប្រសិន​បើ ឌុច មាន​ចំណារ បញ្ជាក់​ថា​ជា​របស់​គាត់​ពិត​មែន​នោះ គាត់​សុំ​ឱ្យ ឌុច យក​មក​បង្ហាញ​គាត់​ក្នុង​អង្គ​សវនាការ​ទាំង​មូល។

ក្រោយ​ការ​អាន​សេចក្ដី​ថ្លែងការណ៍​ចប់ ជន​ជាប់​ចោទ នួន ជា រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​សំណួរ​របស់​ភាគី​ណា​មួយ ដែល​ចង់​សួរ​បញ្ជាក់​ទៅ​គាត់​វិញ​ទេ។ ចំពោះ​សំណួរ​របស់​ចៅក្រម​ជំនុំជម្រះ គាត់​សុំ​ពិភាក្សា​ជាមួយ​មេធាវី​របស់​គាត់​សិន ហើយ​គាត់​នឹង​ឆ្លើយ​តប​វិញ​ពេល​ក្រោយ។

បន្ទាប់​ពី​ការ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​សំណួរ​របស់​ភាគី សវនាការ​នៅ​ថ្ងៃ​ទី ១៨ មេសា បាន​បន្ត​ដោយ​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ សូ ទឿង ដែល​ជា​អតីត​កង​ការពារ​ជន​ជាប់​ចោទ នួន ជា មួយ​រូប។

សវនាការ​ស្ដាប់​សាក្សី​រូប​នេះ បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។