ភាគីសហព្រះរាជអាជ្ញា ទាមទារឱ្យតុលាការកំពូលពិចារណាឡើងវិញ អំពីសេចក្ដីសម្រេចនេះ។
សវនាការរបស់តុលាការកំពូល នៅថ្ងៃទី១៣ វិច្ឆិកា គឺធ្វើឡើងដើម្បីស្ដាប់ការវែកញែកផ្ទាល់មាត់បន្ថែមទៀត ពីភាគីសហព្រះរាជអាជ្ញា ដែលប្ដឹងទាស់នឹងសេចក្ដីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២។
ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស្រ៊ីម ថ្លែងថា សវនាការគឺផ្ដោតការពិភាក្សាសំខាន់ជាសាធារណៈតែលើរឿងលក្ខខណ្ឌដោះលែងទេ។
ក្រោយការវាយតម្លៃសុខភាពជនជាប់ចោទ អៀង ធីរិទ្ធ ឡើងវិញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងបានសម្រេចដោះលែងគាត់ ដោយយល់ឃើញថា គាត់ពុំមានសម្បទាបញ្ញាស្មារតីគ្រប់គ្រាន់ ដោយសារតែគាត់មានជំងឺវង្វេងវង្វាន់ដែលទំនងជាជំងឺបាត់ការចងចាំ ឬហៅថា Alzheimer។
សាលាដំបូងកត់សម្គាល់ថា ដោយសារស្ថានភាពជំងឺនេះ ជនជាប់ចោទ អៀង ធីរិទ្ធ ទំនងពុំអាចផ្ដល់សក្ខីកម្មនៅក្នុងតុលាការបានទេ ហើយបានផ្អាកនីតិវិធីដោយមិនកំណត់រយៈពេល។ បន្ថែមលើការផ្អាកនីតិវិធីនេះ អង្គជំនុំជម្រះសាលាដំបូងបង្គាប់ឱ្យដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ដោយឥតលក្ខខណ្ឌ ដោយសម្អាងហេតុផលថា ខ្លួនមិនមានមូលដ្ឋានច្បាប់ក្នុងការដាក់លក្ខខណ្ឌដោយបង្ខំ ឬដាក់ក្រោមការត្រួតពិនិត្យលើជនជាប់ចោទរូបនេះ បន្ទាប់ពីការដោះលែងរួច។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ គឺមួយថ្ងៃបន្ទាប់ពីការចេញសេចក្ដីសម្រេចរបស់សាលាដំបូង សហព្រះរាជអាជ្ញា បានប្ដឹងសាទុក្ខប្រឆាំងនឹងដីកាដោះលែងនោះ ហើយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូល ឱ្យផ្អាកការអនុវត្តដីកាដោះលែងនេះសិន។ សហព្រះរាជអាជ្ញាជាតិ កញ្ញា សុង ឆវ័ណ ចាត់ទុកសេចក្ដីសម្រេចនោះថាមានកំហុស។
មេធាវីការពារក្ដីជនជាប់ចោទ អៀង ធីរិទ្ធ គឺលោក ផាត់ ពៅស៊ាង ថ្លែងថា បានស្នើសុំឱ្យអង្គជំនុំជម្រះ បដិសេធបណ្ដឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា ដោយចាត់ទុកថា សេចក្ដីសម្រេចនោះមិនមានកំហុសទេ ទាំងអង្គហេតុ និងអង្គច្បាប់ ហើយក៏មិនប៉ះពាល់សិទ្ធិរបស់ដើមបណ្ដឹងដែរ។
ក្នុងបណ្ដឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា បានស្នើសុំឱ្យដាក់ជនជាប់ចោទក្រោមការត្រួតពិនិត្យរបស់តុលាការ និងមានលក្ខខណ្ឌចំនួន ៦ចំណុច គឺត្រូវស្នាក់នៅក្នុងលំនៅឋានជាក់លាក់មួយ និងប្រាប់អំពីអាសយដ្ឋាន ឬត្រូវបង្ហាញខ្លួនមួយសប្ដាហ៍ម្ដង ដើម្បីឱ្យអាជ្ញាធរ ឬក៏មន្ត្រីផ្លូវការ ដែលចាត់តាំងដោយសាលាដំបូង ពិនិត្យពីសុវត្ថិភាព ហើយឱ្យគាត់ប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់គាត់ ហើយមិនត្រូវទាក់ទងភាគីផ្សេងៗទាក់ទងជាមួយនឹងសំណុំរឿង ដូចជាសាក្សី និងអ្នកជំនាញដើមបណ្ដឹងរដ្ឋប្បវេណី លើកលែងតែស្វាមីរបស់គាត់ គឺលោក អៀង សារី និងទី៦ គឺត្រូវឋិតនៅក្រោមការត្រួតពិនិត្យរបស់ពេទ្យ ដែលតុលាការបានចាត់តាំង ៦ខែម្ដង។
ក៏ប៉ុន្តែ អង្គជំនុំជម្រះតុលាការកំពូលយល់ឃើញថា ជាការពុំចាំបាច់ត្រូវបន្តឃុំខ្លួនជនជាប់ចោទ អៀង ធីរិទ្ធ នៅមន្ទីរឃុំឃាំងតទៅទៀតទេ ទើបនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលសម្រេចដោះលែងគាត់ ក្រោមលក្ខខណ្ឌបណ្ដោះអាសន្នមួយចំនួន គឺទី១ ជនជាប់ចោទត្រូវប្រាប់ពីកន្លែងដែលគាត់រស់នៅ និងសុំការអនុញ្ញាតពីតុលាការមុននឹងផ្លាស់ប្ដូរលំនៅ។ ទី២ គឺមិនត្រូវចាកចេញពីប្រទេសកម្ពុជា និងត្រូវប្រគល់លិខិតឆ្លងដែនទៅតុលាការ។ ទី៣ ត្រូវតែចូលខ្លួន ពេលតុលាការកោះហៅ ហើយជាងនេះទៀត ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានឃាត់មិនឱ្យជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការឡើយ។
បន្ទាប់ពីបានស្ដាប់ការវែកញែករបស់ភាគីហើយក្ដី អង្គជំនុំជម្រះតុលាការកំពូលមិនទាន់ចេញសេចក្ដីសម្រេចអ្វីនៅឡើយទេ។ ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស្រ៊ីម ប្រកាសថា អង្គជំនុំជម្រះតុលាការកំពូល នឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរនៅពេលណាមួយខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។