សេចក្ដីប្រកាសព័ត៌មានមួយដែលសាលាក្ដីខ្មែរក្រហមចេញផ្សាយជាសាធារណៈនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ បានបង្ហាញថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច សាក្សី និងអ្នកជំនាញជិត ៦០ នាក់ផ្សេងទៀត នឹងត្រូវកោះហៅឱ្យមកបំភ្លឺដល់អង្គជំនុំជម្រះនៅក្នុងសវនាការសួរដេញដោលអំពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារ ព្រមទាំងតួនាទីរបស់ជនជាប់ចោទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ឌុច ដែលតុលាការកំពូលទើបនឹងចេញសាលដីកាឱ្យជាប់គុកមួយជីវិត កាលពីដើមខែកុម្ភៈនេះ គឺស្ថិតក្នុងបញ្ជីសាក្សីសម្ងាត់ជាង ១ពាន់នាក់របស់សាលាក្ដី។
លោកថា អត្តសញ្ញាណសាក្សីសម្ងាត់សាលាក្ដីនឹងបញ្ចេញឱ្យនៅក្នុងមួយដំណាក់ម្ដងៗ៖ «អ៊ីចឹងនៅក្នុងពេលនេះគេបានបង្ហាញអត្តសញ្ញាណសាក្សីម្នាក់ ដែលសំខាន់ គឺលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង ហើយត្រូវបានអង្គជំនុំជម្រះតុលាការកំពូលហ្នឹង ផ្ដន្ទាទោសដាក់គុកអស់មួយជីវិត។ អ៊ីចឹងគាត់នឹងឡើងមកធ្វើសាក្សីក្នុងសំណុំរឿង ០០២ ហើយចាប់ផ្ដើមដំបូង គឺទាក់ទងជាមួយនឹងរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងតួនាទីរបស់ជនជាប់ចោទ គឺលោក នួន ជា លោក អៀង សារី និងលោក ខៀវ សំផន»។
ការនាំយកលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច មកផ្ដល់សក្ខីកម្មនេះ គឺស្របគ្នានឹងការទាមទាររបស់មេធាវីការពារក្ដីឱ្យជនជាប់ចោទ អៀង សារី គឺលោក ម៉ៃឃើល ខាណាវ៉ាស (Micheal Karnavas) ដែលបានស្នើសុំទៅអង្គជំនុំជម្រះ កាលពីសប្ដាហ៍មុន៖ «ដូច្នេះយើងខ្ញុំសុំជំទាស់ចំពោះការទទួលយកចម្លើយណាមួយដាក់ក្នុងសំណុំរឿង ដោយមិនហៅ ឌុច មកផ្ដល់សក្ខីកម្មនោះទេ»។
ឯកសារសាលាដំបូងដែលចេញផ្សាយជាសាធារណៈបានសរសេរថា មេធាវីការពារក្ដីឱ្យជនជាប់ចោទ នួន ជា បានស្នើសុំឱ្យអង្គជំនុំជម្រះស្ដាប់សក្ខីកម្មសាក្សីបន្ថែមចំនួន ៤៧ នាក់ ពាក់ព័ន្ធនឹងអង្គហេតុបក្សកុម្មុយនិស្តកម្ពុជា។ ប៉ុន្តែអង្គជំនុំជម្រះព្រោះមេធាវីពុំបានពន្យល់ហេតុផលច្បាស់លាស់។
រហូតមកដល់នេះ ភាគីនានាបានស្នើសុំឱ្យអង្គជំនុំជម្រះស្ដាប់សក្ខីកម្មសាក្សីសរុបចំនួន ១.០៥៤នាក់។ អង្គជំនុំជម្រះ កំពុងពិនិត្យសាក្សីទាំងនេះ ហើយមួយចំនួនអង្គជំនុំជម្រះសម្រេចកោះហៅមកផ្ដល់សក្ខីកម្ម។
ឯកសារនេះក៏ជាការជូនដំណឹង និងណែនាំភាគីពាក់ព័ន្ធ ឱ្យចាត់ចែងពេលវេលារបស់ខ្លួនជាក់លាក់សម្រាប់សួរ កាំង ហ្កេកអ៊ាវ ហៅ ឌុច និងសាក្សីផ្សេងទៀត ឱ្យបានត្រឹមថ្ងៃទី ១២ មីនា ឆ្នាំ ២០១២ ដែលជាថ្ងៃសាលាដំបូងចាប់ធ្វើសវនាការជាបន្តទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
