ប្រជាពលរដ្ឋនៅតាមភូមិមួយចំនួននៃឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសម្ដែងការព្រួយបារម្ភនិងភ័យខ្លាចដោយពួកគេអះអាងថា នាពេលយប់តែងមានក្រុមចោរដើរគាស់ឡើងតាមដំបូលផ្ទះនិងលួចយកលុយកាក់ មាសប្រាក់ តាមផ្ទះជាច្រើនបន្តបន្ទាប់មួយរយៈមកនេះ។
តាមបុរសអ្នកភូមិព្រៃតាត្រាវម្នាក់សុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ថា ផ្ទះរបស់គាត់ត្រូវបានក្រុមចោរឡើងគាស់ដំបូលក្បឿងពេលយប់កាលពី៥ថ្ងៃមុនហើយលួចយកកាបូបដែលមានលុយប្រមាណ៥០០ដុល្លារទៅបាត់។
បុរសដដែលបានឲ្យដឹងថា ៖ «ឃើញក្បឿងរបស់ខ្ញុំនេះត្រូវបានដកប្រហែលជា៦សន្លឹក។ វាបានយកកន្ត្រៃកាត់យកកាបូបលុយពីខ្លួនបាត់។ ខ្ញុំរាប់ពីល្ងាចប្រហែលជា៥០០ដុល្លារ»។
បុរសអ្នកភូមិដដែលនេះបានមានប្រសាសន៍ថា គាត់ពុំបានដឹងថាក្រុមចោរបានធ្វើសកម្មភាពក្នុងផ្ទះគាត់យ៉ាងណាទេ ពីព្រោះគាត់កំពុង់លង់លក់ក្នុងដំណេក ប៉ុន្តែអ្នកភូមិក្បែរៗផ្ទះរបស់គាត់ក៏បានទទួលរងពីក្រុមចោរគាស់ផ្ទះយកលុយដូចគ្នានេះដែរ។
ស្ត្រីម្នាក់ទៀតនៅភូមិត្រោះ ឃុំបល្ល័ង្កដែរ បានមានប្រសាសន៍ថា កាលពីកន្លះខែមុនផ្ទះរបស់គាត់មានភ្ញៀវមកសម្រាកច្រើនពេលយប់ ហើយពេលមនុស្សទាំងអស់ដេកលក់ក៏មានក្រុមចោរចូលមកលួចយកលុយអស់ប្រមាណ១០០០ដុល្លារអាមេរិកនិងលុយខ្មែរជាច្រើនម៉ឺន។
ស្រ្តីម្ចាស់ផ្ទះដដែលឆ្ងល់ថា មនុស្សដេកជាច្រើនហេតុអ្វីបានជាមិនដឹងថាចោរចូលលួច ប្រហែលជាក្រុមចោរនោះបានប្រើប្រាស់ថ្នាំសណ្តំផង។
ស្ត្រីដដែលបានបញ្ជាក់ថា ៖ «គ្នាច្រើនណាស់ថ្ងៃហ្នឹង ទាំងកូនក្មេង ទាំងមនុស្សចាស់អីច្រើនណាស់។ លុយ១១០០ដុល្លារ ហើយនិងលុយម៉ែខ្ញុំគាត់ត្រៀមខ្លួនទៅមើលចៅហ្នឹងប្រហែលជា៣០-៤០ម៉ឺន»។
មិនអាចទាក់ទងប្រធានប៉ុស្តិ៍នគរបាលឃុំបល្ល័ង្ក លោក នុត វណ្ណី ដើម្បីបំភ្លឺបញ្ហានោះបានទេ ប៉ុន្តែអធិការនគរបាលស្រុកបារាយណ៍ លោក ម៉ី ឆែម បានមានប្រសាសន៍ថា លោកបានដឹងអំពីសកម្មភាពចោរលួចនោះហើយគឺជាក្រុមក្មេងស្ទាវនៅស្រុកសន្ទុកជាប់ព្រំដែនម្ខាងស្ទឹងនោះដែលឪពុកម្តាយកាត់កាល់ចោល។
លោកអធិការបានមានប្រសាសន៍ទៀតថា ទោះយ៉ាងណាលោកបានទាក់ទងទៅអធិការស្រុកសន្ទុកឲ្យតាមរកក្រុមនោះហើយ ចំណែកនៅតាមភូមិពេលយប់លោកបានបំផុសអ្នកភូមិឲ្យចូលរួមយាមជាមួយប៉ូលិសដែលធ្វើឲ្យចោរមិនហ៊ានធ្វើសកម្មភាពទៀតទេក្នុងរយៈពេលពីរបីថ្ងៃមកនេះ។
លោក នុត វណ្ណី បានមានប្រសាសន៍ថា ៖ «គ្នាវាតែ២នាក់ហ្នឹង ឡើងទៅវាមិនមែនយកអីបានទេ វាគ្រាន់តែថាវាភ្ញាក់ផ្អើល។ ដល់យើងមានវិធានការ ឥឡូវហ្នឹងវាគេចពីផ្ទះបាត់ទៅទៀតហើយ»។
តាមប្រជាពលរដ្ឋនៅផ្សារកំពង់ថ្មបានឲ្យដឹងថា អំពើចោរគាស់ដំបូលផ្ទះចូលលួចពេលយប់នោះគឺបានកើតឡើងតាំងពីអំឡុងមុនចូលឆ្នាំខ្មែរមកម្ល៉េះ ដោយចាប់តាំងពីពេលនោះរហូតមកដល់ត្រឹមថ្ងៃទី១០ ខែមិថុនា មានផ្ទះប្រមាណជិត៣០ខ្នងត្រូវបានក្រុមចោរចូលលួចយកលុយដោយប៉ូលិសមិនដែលចាប់ខ្លួនចោរបានទេ។
អ្នកភូមិបានហៅថាជាក្រុមចោរលីអូ ពីព្រោះប្រជាពលរដ្ឋខ្លះដែលធ្លាប់ប្រទះឃើញសកម្មភាពក្រុមចោរនោះនិយាយថា ពួកចោរគឺស្លៀកតែខោខ្លី គ្មានពាក់អាវទេ ហើយគេសង្ស័យថាអាចជាសកម្មភាពរបស់ក្មេងស្ទាវមួយក្រុមដែលប្រើប្រាស់ថ្នាំញៀននៅតំបន់ជិតសាលារៀន ជីនិត ពីព្រោះថាចោរទាំងនោះចូលផ្ទះប្រជាពលរដ្ឋយកតែលុយនិងមាសប៉ុណ្ណោះ ចំពោះរបស់ផ្សេងៗដូចជាម៉ូតូនិងទូរស័ព្ទដៃមិនយកទេ៕
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
យុវជនម្នាក់នៅព្រៃវែងរងរបួសធ្ងន់ដោយសារក្រុមក្មេងទំនើងលួចកាប់
ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកណ្តាលត្រូវចាប់ខ្លួនពីបទវាយដំកុមារ
ជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងសម្លាប់មនុស្សត្រូវបានដោះលែង
ទាហានថៃរងការចោទថាប្រើអំពើហិង្សាលើស្រ្ដីខ្មែរម្នាក់ឲ្យរងរបួស