អ្នក​ភូមិ​នៅ​ឃុំ​បល្ល័ង្ក ខែត្រ​កំពង់ធំ ព្រួយ​បារម្ភ​ពី​បញ្ហា​ចោរ​លួច

ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មួយចំនួន​នៃ​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​សម្ដែង​ការព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​ដោយ​ពួក​គេ​អះអាង​ថា នា​ពេល​យប់​តែង​មាន​ក្រុម​ចោរ​ដើរ​គាស់​ឡើង​តាម​ដំបូល​ផ្ទះ​និង​លួច​យក​លុយ​កាក់ មាស​ប្រាក់ តាម​ផ្ទះ​ជា​ច្រើន​បន្ត​បន្ទាប់​មួយ​រយៈ​មក​នេះ។

0:00 / 0:00

តាម​បុរស​អ្នក​ភូមិ​ព្រៃតាត្រាវ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មិថុនា ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ក្រុម​ចោរ​ឡើង​គាស់​ដំបូល​ក្បឿង​ពេល​យប់​កាលពី​៥​ថ្ងៃ​មុន​ហើយ​លួច​យក​កាបូប​ដែល​មាន​លុយ​ប្រមាណ​៥០០​ដុល្លារ​ទៅ​បាត់។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ឃើញ​ក្បឿង​របស់​ខ្ញុំ​នេះ​ត្រូវ​បាន​ដក​ប្រហែល​ជា​៦​សន្លឹក។ វា​បាន​យក​កន្ត្រៃ​កាត់​យក​កាបូប​លុយ​ពី​ខ្លួន​បាត់។ ខ្ញុំ​រាប់​ពី​ល្ងាច​ប្រហែល​ជា​៥០០​ដុល្លារ»

បុរស​អ្នក​ភូមិ​ដដែល​នេះ​បាន​មាន​ប្រសាសន៍​ថា គាត់​ពុំ​បាន​ដឹង​ថា​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ក្នុង​ផ្ទះ​គាត់​យ៉ាង​ណា​ទេ ពី​ព្រោះ​គាត់​កំពុង់​លង់លក់​ក្នុង​ដំណេក ប៉ុន្តែ​អ្នក​ភូមិ​ក្បែរៗ​ផ្ទះ​របស់​គាត់​ក៏​បាន​ទទួល​រង​ពី​ក្រុម​ចោរ​គាស់​ផ្ទះ​យក​លុយ​ដូច​គ្នា​នេះ​ដែរ។

ស្ត្រី​ម្នាក់​ទៀត​នៅ​ភូមិ​ត្រោះ ឃុំ​បល្ល័ង្ក​ដែរ បាន​មាន​ប្រសាសន៍​ថា កាលពី​កន្លះ​ខែ​មុន​ផ្ទះ​របស់​គាត់​មាន​ភ្ញៀវ​មក​សម្រាក​ច្រើន​ពេល​យប់ ហើយ​ពេល​មនុស្ស​ទាំងអស់​ដេក​លក់​ក៏​មាន​ក្រុម​ចោរ​ចូល​មក​លួច​យក​លុយ​អស់​ប្រមាណ​១០០០​ដុល្លារ​អាមេរិក​និង​លុយ​ខ្មែរ​ជា​ច្រើន​ម៉ឺន។

ស្រ្តី​ម្ចាស់​ផ្ទះ​ដដែល​ឆ្ងល់​ថា មនុស្ស​ដេក​ជា​ច្រើន​ហេតុ​អ្វី​បាន​ជា​មិន​ដឹង​ថា​ចោរ​ចូល​លួច ប្រហែល​ជា​ក្រុម​ចោរ​នោះ​បាន​ប្រើប្រាស់​ថ្នាំ​សណ្តំ​ផង។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖ «គ្នា​ច្រើន​ណាស់​ថ្ងៃ​ហ្នឹង ទាំង​កូន​ក្មេង ទាំង​មនុស្ស​ចាស់​អី​ច្រើន​ណាស់។ លុយ​១១០០​ដុល្លារ ហើយ​និង​លុយ​ម៉ែ​ខ្ញុំ​គាត់​ត្រៀម​ខ្លួន​ទៅ​មើល​ចៅ​ហ្នឹង​ប្រហែល​ជា​៣០​-​៤០​ម៉ឺន»

មិន​អាច​ទាក់ទង​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​បល្ល័ង្ក លោក នុត វណ្ណី ដើម្បី​បំភ្លឺ​បញ្ហា​នោះ​បាន​ទេ ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក ម៉ី ឆែម បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​អំពី​សកម្មភាព​ចោរ​លួច​នោះ​ហើយ​គឺ​ជា​ក្រុម​ក្មេង​ស្ទាវ​នៅ​ស្រុក​សន្ទុក​ជាប់​ព្រំដែន​ម្ខាង​ស្ទឹង​នោះ​ដែល​ឪពុក​ម្តាយ​កាត់កាល់​ចោល។

លោក​អធិការ​បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះ​យ៉ាង​ណា​លោក​បាន​ទាក់ទង​ទៅ​អធិការ​ស្រុក​សន្ទុក​ឲ្យ​តាម​រក​ក្រុម​នោះ​ហើយ ចំណែក​នៅ​តាម​ភូមិ​ពេល​យប់​លោក​បាន​បំផុស​អ្នក​ភូមិ​ឲ្យ​ចូលរួម​យាម​ជាមួយ​ប៉ូលិស​ដែល​ធ្វើ​ឲ្យ​ចោរ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ទៀត​ទេ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មក​នេះ។

លោក នុត វណ្ណី បាន​មាន​ប្រសាសន៍​ថា ៖ «គ្នា​វា​តែ​២​នាក់​ហ្នឹង ឡើង​ទៅ​វា​មិន​មែន​យក​អី​បាន​ទេ វា​គ្រាន់​តែ​ថា​វា​ភ្ញាក់​ផ្អើល។ ដល់​យើង​មាន​វិធានការ ឥឡូវ​ហ្នឹង​វា​គេច​ពី​ផ្ទះ​បាត់​ទៅ​ទៀត​ហើយ»

តាម​ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់ថ្ម​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរ​គាស់​ដំបូល​ផ្ទះ​ចូល​លួច​ពេល​យប់​នោះ​គឺ​បាន​កើត​ឡើង​តាំង​ពី​អំឡុង​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ដោយ​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មិថុនា មាន​ផ្ទះ​ប្រមាណ​ជិត​៣០​ខ្នង​ត្រូវ​បាន​ក្រុម​ចោរ​ចូល​លួច​យក​លុយ​ដោយ​ប៉ូលិស​មិន​ដែល​ចាប់​ខ្លួន​ចោរ​បាន​ទេ។

អ្នក​ភូមិ​បាន​ហៅ​ថា​ជា​ក្រុម​ចោរ​លីអូ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ធ្លាប់​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​ចោរ​នោះ​និយាយ​ថា ពួក​ចោរ​គឺ​ស្លៀក​តែ​ខោ​ខ្លី គ្មាន​ពាក់​អាវ​ទេ ហើយ​គេ​សង្ស័យ​ថា​អាច​ជា​សកម្មភាព​របស់​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​តំបន់​ជិត​សាលារៀន ជីនិត ពី​ព្រោះ​ថា​ចោរ​ទាំង​នោះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​យក​តែ​លុយ​និង​មាស​ប៉ុណ្ណោះ ចំពោះ​របស់​ផ្សេងៗ​ដូច​ជា​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​មិន​យក​ទេ៕