សកម្មភាពនេះ កំពុងកើតមាននៅតាមច្រករបៀងនានា កាត់តាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី២ ខែធ្នូ ថា ការនាំពលរដ្ឋកម្ពុជា ពីទឹកដីខ្មែរឆ្លងដែនចូលទឹកដីថៃ មានចាប់តាំងពីម៉ោង១ និងម៉ោង ២យប់រំលងអធ្រាត្រ និងនៅពេលទៀបភ្លឺជារៀងរាល់ថ្ងៃ។ ក្នុងសកម្មភាពជួញដូរកម្លាំងពលកម្មខុសច្បាប់នេះមានក្រុមសមត្ថកិច្ចជាកងទាហានខ្មែរបានជាប់ពាក់ព័ន្ធ។ ពួកគេបានដឹកជញ្ជូនជាលក្ខណៈជាទ្រង់ទ្រាយតូចធំទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះ៖ «អ្នកដែលចូលទៅជិត គឺគេយក ១.៥០០បាត បើអ្នកទៅឆ្ងាយជាងហ្នឹងមានតែ ១.៩០០ ទៅ ២.០០០បាត។ ក្នុងម្នាក់គេហ្នឹងគេទាក់ទងត្រូវជាមួយទាហានថៃ ត្រូវគ្នាអ៊ីចឹងទៅ គេយកទាហានថៃ ដឹកកម្លាំងទៅដែរ។ ខ្លះវានៅក្នុងកងរយ ១៣០២ ខ្លះនៅក្នុងកងរយ ១៣០៣ សុទ្ធតែជាមេទ័ពដែលធ្លាប់បង់ឲ្យទាហាន ទាហានហ្នឹងបង់ឲ្យទាហានគ្នាវាដែរ»។
នៅពេលពលរដ្ឋខ្មែរចូលទៅដល់ក្នុងទឹកដីថៃហើយ ក្រុមអ្នកជួញដូរកម្លាំងពលកម្មខុសច្បាប់ ទាំងកងទាហានខ្មែរ និងកងទាហានថៃនោះ បានទាក់ទងគ្នាតាមទូរស័ព្ទ ដើម្បីបណ្ដោះពលរដ្ឋដែលត្រូវគេជួញដូរកម្លាំងពលកម្មចេញដោយប្រុងប្រយ័ត្ន តាមរថយន្តថៃ ដែលនៅចាំទទួលនៅក្នុងទឹកដីថៃ៖ «តំលៃវាទៅតាមផ្លូវជិតផ្លូវឆ្ងាយ កន្លែងខ្លះ ៦០០ កន្លែងខ្លះ ៧០០បាត ក្នុងមនុស្សម្នាក់។ ប្រសិនបើមានតម្រួតនៅតាមផ្លូវវាដាក់ឲ្យមនុស្សយើងដេកនៅក្នុងឡានហើយ គេយកស្បៃខៀវគ្រប ជួនកាលដាក់អីវ៉ាន់គាបពីលើ ហើយមនុស្សដេកតម្រៀបគ្នាដូចជ្រូក ក្នុងមួយឡានអាចបាន ១០នាក់ទៅ ១២នាក់។ ខ្លះ ៧នាក់ បើគ្នាតិចដាក់ជិះនៅក្នុងកាប៊ីន»។
កងទាហានខ្មែរឈរជើងការពារនៅតាមព្រំដែនខ្មែរ-ថៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះ។ ចំណែកខាងកងទាហានថៃ ដែលកំពុងឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ ពុំអាចទាក់ទងសុំសេចក្ដីប្រតិកម្មបាននោះទេ។
ក្រុមអ្នកភូមិដែលរស់នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងស្រុកសំពៅលូន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានទទួលរងគ្រោះនៅក្នុងទឹកដីថៃ។
អ្នកខ្លះត្រូវអាជ្ញាធរថៃ ចាប់ខ្លួន អ្នកខ្លះទៀតត្រូវគេវាយតប់ និងដាក់ទណ្ឌកម្មឲ្យធ្វើការជាទម្ងន់រហូតមានបញ្ជូនទៅឃុំខ្លួនក្នុងពន្ឋនាគារនៅក្នុងប្រទេសថៃ៖ «ទៅអ៊ីចឹងឲ្យលុយគេម្នាក់ ២ពាន់បាត អត់មានការងារធ្វើគេអត់ឲ្យលុយវិញ ហើយត្រឡប់មកផ្ទះវិញ ក៏មានដែរជួនកាលថៃ ចាប់យកលុយយកកាក់គាត់អស់ក៏មាន»។
លោក ហេង សាយហុង មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង។ លោកបាននិយាយថា សកម្មភាពជួញដូរកម្លាំងពលកម្មឆ្លងដែនខុសច្បាប់ទៅក្នុងប្រទេសថៃ មានសន្ទុះកើននៅចុងឆ្នាំ២០១១។ ការកម្រើកឡើងនូវសកម្មភាពជួញដូរកម្លាំងពលកម្មមនុស្សនេះ គឺបន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ ឈប់មានជម្លោះតានតឹងដាក់គ្នានៅតាមតំបន់ព្រំដែន។ ជាមួយគ្នានេះ មន្ត្រីអង្គការសិទ្ធិមនុស្សបានថ្លែងរិះគន់ថា កងការពារព្រំដែនខ្មែរ-ថៃ គួររួមគ្នាទប់ស្កាត់លំហូឆ្លងដែនខុសច្បាប់។
លោក ហេង សាយហុង៖ «ព្រោះតួនាទីរបស់យោធាមានតែការពារព្រំដែនតែប៉ុណ្ណឹងទេ រឿងនាំមនុស្សខុសច្បាប់ផ្ដល់មធ្យោបាយសម្រួលឲ្យមនុស្សឆ្លងខុសច្បាប់អ៊ីចឹងមិនត្រឹមត្រូវទេ។ ថ្ងៃក្រោយមានបញ្ហានៅស្រុកគេ វារឿងមួយខុសច្បាប់កាន់តែធ្វើទុក្ខទោសថែមលើហ្នឹងទៀត អ៊ីចឹងគប្បីអាជ្ញាធរនៅតំបន់ហ្នឹងពិចារណាឡើងវិញ»។
របាយការណ៍របស់អង្គការលីកាដូ បានឲ្យដឹងថា នៅចុងឆ្នាំ២០១១ នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៨នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសប្រឆាំងការជួញដូរក្នុងខេត្តបាត់ដំបង ជួយសង្គ្រោះរួចផុតពីការជួញដូរកម្លាំងពលកម្មទៅក្នុងប្រទេសថៃ។ ក្នុងនោះដែរមានមេខ្យល់ចំនួនបីនាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបាត់ដំបង៕