ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​និង​ក្រុម​យោធា​នៅ​ស្រុក​ភ្នំ​ស្រួច ខែត្រ​កំពង់ស្ពឺ

2008-07-08

អ្នកភូមិ​ទឹក​ចេញ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា​ក្រុម​យោធា​តំបន់​អភិវឌ្ឍន៍​អគ្គបញ្ជាការ​ក្នុង​ភូមិ​ចម្ការ​ចេក កំពុងតែ​បង្ក​ជម្លោះ​ដី​ធ្លី​ជាមួយ​ប្រជាជន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​កំពុងតែ​ប្រព្រឹត្ត ។

ស្រ្តី​រស់​នៅ​ភូមិ​ទឹក​ចេញ ឈ្មោះ ផន សុផាត បាន​អះអាង​ថា​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ក្រុម​យោធា​តំបន់​អភិវឌ្ឍន៍​អគ្គបញ្ជាការ​ក្នុង​ភូមិ​ចម្ការ​ចេក​នោះ​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​២៥​នាក់ បាន​មក​ជីក​បោះ​បង្គោល​លើ​ដី​គាត់ ហើយ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​កំពុង​រស់នៅ ។

អ្នកស្រី ផន សុផាត បាន​ឲ្យ​ដឹង​ថា ៖ «បើ​មិន​យក​ពន្ធ​យក​ដី​ទាំងអស់ មាន​អី​នៅ យក​ដី​តែម្ដង​បាន​អី​នៅ បើ​គណបក្ស​ប្រជាជន​ធ្វើ​អ៊ីចឹង ។ ហើយ​ឥឡូវ​ខ្ញុំ​អស់​ជំនឿ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ហើយ ព្រោះ​ខ្ញុំ​ខាង​គណបក្ស​ប្រជាជន​យូរ​ហើយ​ហ្នឹង»

ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​ទឹក​ចេញ​សុំ​មិន​ប្រាប់​ឈ្មោះ បាន​អះអាង​ថា​ដី​និង​ផ្ទះ​របស់​គាត់​ក៏​ត្រូវ​ក្រុម​យោធា​តំបន់​អភិវឌ្ឍន៍​អគ្គបញ្ជាការ​ជីក​បង្គោល​ព័ទ្ធ​យក​ដី​ដែរ ។ លោក​ថា​សប្តាហ៍​មុន​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ ៧ គុណនឹង ៨​ម៉ែត្រ របស់​គ្រួសារ ព្រាប សាមិត្ត ត្រូវ​ក្រុម​យោធា​នោះ​រុះរើ​ចេញ​ពី​ដី ។

លោក​ថា​នៅ​ពេល​ដែល​សកម្មភាព​ឃោសនា​រក​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ចម្ការ ប៉ុន្តែ​យោធា​បែរ​ជា​ព័ទ្ធ​យក​ដី​និង​បង្ខំ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​កំពុង​រស់នៅ​ទាំងស្រុង​ដូច្នេះ ។ ទង្វើ​នេះ​នាំ​ឲ្យ​គាត់​មាន​កង្វល់​រឿង​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​បោះ​ឆ្នោត​ជិត​មក​ដល់​នេះ ។

ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​ទឹក​ចេញ​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​គណបក្ស​ប្រជាជន​ដែរ ក៏ប៉ុន្តែ​ឥឡូវ​ខ្ញុំ​អស់​ជំនឿ​នឹង​គណបក្ស​ប្រជាជន​ហើយ ព្រោះ​ថា​គណបក្ស​ប្រជាជន​នេះ​ភាគ​ច្រើន​ណាស់​ដើរ​តែ​រំលោភ​ដី​ធ្លី​អ៊ីចេះ​អ៊ីចុះ ឃុបឃិត​តែ​គ្នា​ឯង​ហ្នឹង ប៉ុន្មាន​សា​មុន​ហ្នឹង​ក៏​ឃុបឃិត​គ្នា​លក់​ដី​លក់​ធ្លី ២៩០០​ហិកតា​តាំងពី​សម័យ អ៊ូ ប៊ុន កាត់​ឲ្យ»

ប្រធាន​ភូមិ​ទឹក​ចេញ លោក ជា ឈឿន អះអាង​ថា​ភូមិ​នោះ​បាន​កកើត​ជាង​១៤​ឆ្នាំ​មក​ហើយ ។ នៅ​ឆ្នាំ​១៩៩៣ យោធា​បាន​ប្រគល់​ដី​ច្រើន​រយ​ហិកតា​មក​ឲ្យ​អាជ្ញាធរ​បង្កើត​ជា​ភូមិ​ទឹក​ចេញ និង​មាន​ការទទួល​ស្គាល់​ប្រជាជន​រស់​នៅ​ស្រប​ច្បាប់ ។ ស្រាប់តែ​ព្រឹក​មិញ​នេះ​យោធា​មក​វាស់​បោះ​បង្គោល​ប៉ះ​ផ្ទះ​អ្នក​ភូមិ និង​ឲ្យ​រុះរើ​ចេញ​ពី​ដី ។ គាត់​ជួយ​អន្តរាគមន៍​ដោយ​ខ្លាច​ប៉ះពាល់​សន្លឹក​ឆ្នោត​គណបក្ស​កំពុង​ឃោសនា ។

លោក ជា ឈឿន បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​សកម្មភាព​គឺ​បាន​ន័យ​ថា​ឲ្យ​ចុះ​ខ្សោយ​កម្លាំង​ដែល​ខ្ញុំ​កំពុង​ដំណើរការ​ទៅ​មុខ ធ្វើ​ឲ្យ​ចុះ​ថយ​មក​វិញ ។ គណបក្ស​ប្រជាជន​តែម្ដង​ដែល​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ»

មន្រ្តី​ជាន់ខ្ពស់​យោធា​តំបន់​អភិវឌ្ឍន៍​អគ្គបញ្ជាការ លោក ម៉ម ឈៀង មាន​ប្រសាសន៍​ថា​ខាង​យោធា​បាន​ចរចា​ជាមួយ​អាជ្ញាធរ​ស្រុក​និង​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ។

លោក ម៉ម ឈៀង បាន​ឲ្យ​ដឹង​ថា ៖ «ឯកឧត្ដម លី សុង ក៏​គាត់​ដឹង អភិបាល​ស្រុក​ភ្នំ​ស្រួច​ក៏​គាត់​ដឹង ។ ខ្ញុំ​មក​ធ្វើ​របង​បន្ទាយ​ហ្នឹង ហើយ​ផ្ទះ​ហ្នឹង​ផ្ទះ​កូន​ចៅ អត់​អី​ទេ...»

ចំណែក​អភិបាល​រង​ស្រុក​ភ្នំ​ស្រួច លោក ពេជ ចាន់ថា អះអាង​ថា​គ្មាន​ការបណ្តេញ​និង​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ កក្កដា​នេះ ។

ចំណែក​អភិបាល​ស្រុក​ភ្នំ​ស្រួច លោក ទេព មាន មាន​ប្រសាសន៍​ថា​ជន​រងគ្រោះ​គួរ​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​ប្រសិនបើ​មាន​ប្លង់​កាន់កាប់​ដី​ធ្លី ៕

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​សហគមន៍​ក្រុម​៧៨​មិន​ព្រម​ទទួល​យក​សំណង​ក្នុង​ការចាកចេញ​ពី​លំនៅ

ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​រំលោភ​ដី​របស់​សេដ្ឋី​មួយ​រូប

ទំនាស់​ដី​ធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ព្រួយ​បារម្ភ​ថា​នឹង​ត្រូវ​គេ​ជម្លៀស​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ

ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ស្ដីពី​បញ្ហា​ដី​ធ្លី

អ្នក​ភូមិ​៣៣​គ្រួសារ​នៅ​ស្រុក​ស្ទឹងត្រង់ ខែត្រ​កំពង់ចាម បារម្ភ​ពី​ការបាត់បង់​លំនៅ

កម្លាំង​យោធា​បាញ់​រះ​លើ​ពលរដ្ឋ​៥០​នាក់​ក្នុង​ជម្លោះ​ដី​នៅ​បាត់ដំបង

ប្រធាន​សណ្ឋាគារ​រណសិរ្ស​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

ជម្លោះ​ដី​ធ្លីនៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឈាន​ដល់​ការផ្ទុះ​អាវុធ

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ