តំណាងប្រជាពលរដ្ឋខែ្មររស់នៅក្នុងភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានសម្ដែងការតវ៉ានិងចោទប្រកាន់ថា ដីធ្លីមួយកន្លែងជាកម្មសិទ្ធិរួមសាធារណៈ ត្រូវបានមេឃុំនិងមេភូមិបានឃុបឃិតគ្នាធ្វើប្លង់ដើម្បីក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះ។
តំណាងប្រជាពលរដ្ឋជាង២០០គ្រួសាររស់នៅក្នុងភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលរងការប៉ះពាល់ដោយសារការហាមឃាត់មិនឲ្យឆ្លងកាត់ដីធ្លីសាធារណៈនោះ បានតវ៉ាប្រាប់វិទ្យុអាស៊ីសេរីថា មេឃុំនិងមេភូមិនោះព្យាយាមយកដីធ្លីនោះឲ្យមន្រ្តីសុរិយោដីមូលដ្ឋានដាក់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ៖ «ខ្ញុំរស់នៅទីហ្នឹងផ្ទាល់តែម្ដង។ ពីដើមឡើយ ជាដីដងស្ទឹងហ្នឹង គេហៅថាដងស្ទឹងផ្លូវក្របីដីកណ្ដេងហ្នឹង គឺជាសម្បត្តិរួម មិនមែនសម្បត្តិឯកជនទេ។ គោក្របីចុះផឹកទឹកក៏មិនបាន ចូលដាក់មងរាយសន្ទូចក៏មិនបាន។ ខ្ញុំដឹងថាមេភូមិនិងមេឃុំស៊ីញ៉េឲ្យគេ»។
លោកបានឲ្យដឹងថា ប្រជាពលរដ្ឋគ្រួសាររងគ្រោះកំពុងតែផ្តិតមេដៃជាង ២០០គ្រួសារដើម្បីតវ៉ាជំទាស់ទាមទារឲ្យប្រគល់ដីធ្លីនោះដាក់ជាកម្មសិទ្ធិរួមវិញ។
ផ្អែកតាមប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋខែ្មរជាង២០០គ្រួសាររស់នៅក្នុងភូមិឃុំខាងលើ តែងតែរស់នៅពឹងផែ្អកលើដីធ្លីកម្មសិទ្ធិរួមនោះដោយការលែងគោក្របីស៊ីស្មៅនិងផឹកទឹក ហើយក្រុមគ្រួសារប្រជាពលរដ្ឋអាចរកត្រីសាច់ចឹញ្ចឹមជីវិត ពីព្រោះដីធ្លីនោះស្ថិតនៅក្បែរដងទន្លេ ប៉ុនែ្តបច្ចុប្បន្ននេះ ទីកន្លែងនោះត្រូវបានគេហាមឃាត់មិនឲ្យចេញចូលដូចពេលមុនទេ។
ប្រតិកម្មទៅនឹងការចោទប្រកាន់និងការតវ៉ាខាងលើនេះ លោក ឈិន ឆូយ មេឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានមានបំភ្លឺបដិសេធប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ប្រជាពលរដ្ឋត្រពាំងស្នោហ្នឹង ចោទខ្ញុំថា ខ្ញុំនិងលោកមេភូមិ លោក ពាម សុទ្ធ មេភូមិត្រពាំងស្នោ និងខ្ញុំ ឈុន ឆូយ មេឃុំទំនប់ ទៅធ្វើប្លង់ដើម្បីចុះយកជាកម្មសិទ្ធិក្នុងដីទឹកបាក់ហ្នឹង អត់មានទេ ខ្ញុំសុំធ្វើការបដិសេធទាំងស្រុង មិនអាចធ្វើអ៊ីចឹងបានទេ»។
សុខ សេរី ៖ ចំណុចមួយទៀត ត្រូវការឲ្យលោកបំភ្លឺដែរគឺ គេថា គោក្របីលែងអាចផឹកទឹកហ្នឹងបានទៀតហើយៗ គេរកត្រីអីលែងបានហើយ តើរឿងហ្នឹងពិតទេ?
លោក ឈិន ឆូយ ៖ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនយើងចោទប្រកាន់ថា មិនឲ្យគោក្របីចុះផឹកទឹកអី រឿងហ្នឹងក៏មិនអាចទទួលយកបានទេ ព្រោះបឹងហ្នឹង ជាបឹងសាធារណៈ សម្រាប់គោក្របី ឬបងប្អូនរាយមង ចងសន្ទូចបាន តែបើចំពោះឧបករណ៍ខុសច្បាប់ ឆក់ ឬក៏ដាក់សៃអី អត់ដាក់បានទេ។ ចំពោះគោក្របីដែលហាមចូលផឹកទឹកផឹកអីហ្នឹង មិនពិតទេរឿងហ្នឹង។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ៖ «តើបើសិនជាករណីនេះ ពិតដូចជាពាក្យរបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងដីអាស្រ័យផលរួមរបស់ប្រជាជន អ៊ីចឹងកាលណាអ្នកណាមួយយកធ្វើជាកម្មសិទ្ធិ គឺជារឿងមួយដែលខុសច្បាប់»។
លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋខែ្មរនៅតាមខេត្តនានាតែងតែរងគ្រោះដោយសារការបាត់បង់ដីធ្លីរួម ឬសាធារណៈដោយសារការរឹបយកពីសំណាក់អាជ្ញាធរមូលដ្ឋានសម្រាប់ធ្វើជាកម្មសិទ្ធិឯកជនឬទុកលក់ឲ្យឈ្មួញ៕
ពលរដ្ឋជាង១០គ្រួសារនៅស្ទឹងត្រែងចោទថាមន្ត្រីយោធាព្យាយាមរឹបអូសយកដី
អាជ្ញាធរអំពាវនាវឲ្យអ្នករត់គេចខ្លួនដោយសារជម្លោះដីចូលមកបំភ្លឺនៅតុលាការ
តំណាងពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅសៀមរាប២រូបត្រូវចាប់ខ្លួន
អ្នកភូមិ៧៨ សង្កាត់ទន្លេបាសាក់ ទាមទារឲ្យអាជ្ញាធរចេញលិខិតទទួលស្គាល់ការរស់នៅ
ពលរដ្ឋលើកគ្នាទៅតវ៉ារឿងដីធ្លីនៅទីរួមខេត្តសៀមរាប ប៉ុន្តែត្រូវអាជ្ញាធររារាំង
អ្នកស្រុកស្ទឹងត្រង់ ១០០នាក់មកតវ៉ារឿងដីធ្លីនៅមុខផ្ទះនាយករដ្ឋមន្ត្រី
អ្នកភូមិនៅកំពង់ចាមមកតវ៉ារឿងដីធ្លីនៅមុខផ្ទះនាយករដ្ឋមន្ត្រី
សង្គមស៊ីវិលធ្វើអន្តរាគមន៍ក្នុងបញ្ហាទំនាស់ដីនៅខែត្រកំពង់ឆ្នាំង
មន្ត្រីសាលាឃុំនៅក្រចេះរងការចោទថានាំមនុស្សទៅកាប់រានលើដីអ្នកស្រុក