មេឃុំប៉ាតាង លោក គិត ចេន បញ្ជាក់ថា ចៅក្រមស៊ើបអង្កេតតុលាការខេត្តរតនគិរីបានសរសេរលិខិតមកលោកក្នុងបញ្ហានេះ ហើយលោកកំពុងចលនាឲ្យអ្នកភូមិបង្ហាញខ្លួន។
លោក គិត ចេន បានឲ្យដឹងថា ៖ «មនុស្សហ្នឹងគឺឲ្យខ្ញុំប្រមូលដាក់យកឡើងទៅខេត្ត ...មិនទាន់ប្រមូលបាន»។
សូមបញ្ជាក់ដែរថា អ្នកភូមិប៉ាតាងជាង១០០គ្រួសារកើតមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឈ្មោះឌីអឹមហ្រ្គូបតាំងពីឆ្នាំ២០០៥មក ដោយអ្នកភូមិប្តឹងតវ៉ានិងចោទប្រកាន់ថា ក្រុមហ៊ុនប្រើអំណាចរំលោភយកដីពួកគាត់៣០០ហិកតារ ក៏ប៉ុន្តែរហូតមកទល់នឹងចុងឆ្នាំ២០០៨និងដើមឆ្នាំ២០០៩ អ្នកភូមិ៣នាក់ត្រូវតុលាការចាប់ខ្លួននិង៧នាក់ទៀតរត់គេចពីការតាមចាប់ខ្លួនបន្ទាប់ពីក្រុមហ៊ុនប្តឹងចោទអ្នកភូមិវិញថារំលោភយកដីក្រុមហ៊ុន។
អ្នកភូមិឈ្មោះ ស្វិន វេវ ដែលកំពុងលាក់ខ្លួនមានប្រសាសន៍ថា ៖ «ឥឡូវច្របូកច្របល់មិនដឹងជឿអ្នកណា ចេញមកសុទ្ធតែគំរាមអ៊ីចឹង»។
ចំណែកអ្នកភូមិឈ្មោះ តុល អឿ បញ្ជាក់ពីទីលាក់ខ្លួនដែរថា ៖ «នៅខ្លាចរហូត អត់ទុកចិត្តមេឃុំ មេភូមិ»។
ចៅក្រមស៊ើបអង្កេត លោក ថោ សារ៉ន បដិសេធមិនធ្វើអត្ថាធិប្បាយពិស្តារពីករណីនេះទេ ដោយបញ្ជាក់យ៉ាងខ្លីថាជាកិច្ចការផ្ទៃក្នុងតុលាការ។
យ៉ាងនេះក្តីប្រភពឯកសារចុះថ្ងៃទី២៥ មិថុនា ឆ្នាំ២០០៩ ចុះហត្ថលេខានិងត្រាអនុបណ្ឌិត ថោ សារ៉ន សរសេរផ្ទាល់ដៃទៅកាន់មេឃុំនិងក្រុមប្រឹក្សាឃុំប៉ាតាងថាមិនមានការចាប់ខ្លួនឬឃុំខ្លួនអ្នកភូមិទេក្នុងការដែលអ្នកភូមិចូលទៅបំភ្លឺចំពោះតុលាការ។
មេធាវីការពារក្តីអ្នកភូមិប៉ាតាងដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារបីនាក់ លោក ឡុង លន់ មានប្រសាសន៍បញ្ជាក់ដែរថា នឹងមានការដោះលែងអ្នកភូមិទាំងបីនាក់ក្នុងពេលឆាប់ៗនេះដែរ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំមានជំនឿថា មិនមានការឃុំខ្លួនឬក៏ការឃាត់ខ្លួនទៀតទេយោងទៅតាមលិខិតលោកបានសរសេរច្បាស់»។
អ្នកភូមិ៧នាក់ដែលរត់គេចខ្លួនមានឈ្មោះ ស្វិន វេវ, តុល អឿ, ប៉ូច នាត, ហ្សែ ខាំនា, សេវ គ្រីច, ស្វិន ទូ និង ឡេង ម៉ូ។
កាលពីចុងខែមិថុនាកន្លងទៅនេះមានផ្ទុះឡើងនូវជម្លោះដីធ្លីរវាងក្រុមហ៊ុនឌីអឹមហ្រ្គូបជាមួយអ្នកភូមិសាយ៉ោះលើ២៣គ្រួសារមានព្រំដីជាប់នឹងអ្នកភូមិប៉ាតាងដែរ ធ្វើឲ្យអ្នកភូមិម្នាក់រងការបាញ់របួសភ្លៅនិងអ្នកភូមិជាង១០នាក់រងការបាញ់គំរាមពីកងប្រដាប់អាវុធដែលគេដាក់សម្រាប់ការពារក្រុមហ៊ុន។
ប្រភពព័ត៌មានចុងក្រោយនារសៀលម៉ោង៤និង៣០នាទី ថ្ងៃព្រហស្បតិ៍នេះ ពីមន្ត្រីសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងថា អ្នកភូមិម្នាក់ក្នុងចំណោម៧នាក់មានឈ្មោះ សេវ គ្រីត បានចូលមកកាន់តុលាការហើយ ហើយបន្ទាប់ពីបានបំភ្លឺជូនតុលាការអ្នកភូមិរូបនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅឋានវិញតាមរយៈដីកាមិនចាប់ខ្លួន៕
