ពលរដ្ឋ​នៅ​កំពង់ចាម​មក​តវ៉ា​រឿង​ដី​ធ្លី​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី

មនុស្ស​ក្មេង​ចាស់​ប្រមាណ​១០០​នាក់​មកពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម តវ៉ា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ឯ​ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ការបង្ខំ​ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​ចម្ការ​កៅស៊ូ​បឹងកេត​ដោយ​ក្រុមហ៊ុន​ថ្មី​មួយ ។

0:00 / 0:00

ក្រុម​អ្នក​តវ៉ា​មក​ពី​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ អះអាង​ថា​ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ ទើប​បាន​ទទួល​ឲ្យ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន​រដ្ឋ​ចម្ការ​កៅស៊ូ​បឹងកេត ចាប់ពី​ដើម​ឆ្នាំ​២០០៨​មក ។ ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ​នោះ មិន​ទទួល​ស្គាល់​ព្រំ​ដី​ដាំ​ដុះ​របស់​អ្នក​ភូមិ​៣​ឃុំ ក្នុង​ស្រុក​ស្ទឹងត្រង់ ដូច​អង្គភាព​រដ្ឋ​ចម្ការ​កៅស៊ូ​បឹងកេត​ឡើយ មិន​តែ​ប៉ុណ្ណោះ​មក​បង្ខំ​ឈូស​ផ្ទះ​និង​ដើម​កៅស៊ូ​ឯកជន ដើម​ស្វាយ​ចន្ទី ចម្ការ​ផ្លែ​ឈើ​ទៀត​ផង រហូត​មាន​អន្តរាគមន៍​ពី​មន្រ្តី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ចុះ​ទៅ​ស៊ើបអង្កេត​ នៅ​ខែ​ឧសភា ។ ប៉ុន្តែ​ការដោះស្រាយ​មិន​ទាន់​មាន​ផង​ស្រាប់តែ​ខាង​ក្រុមហ៊ុន​ថ្មី​នោះ បង្ហាញ​ដីកា​តុលាការ​ឲ្យ​ប្រជាជន​រុះរើ​ចេញ​ពី​ដី​ទើប​ពួក​គាត់​នាំគ្នា​មក​សុំ​ជំនួយ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល ។

អ្នក​តវ៉ា​ម្នាក់​បាន​ឲ្យ​ដឹង​ថា ៖ «តុលាការ​គេ​ចេញ​ដីកា​ថា ដី​ដែល​ពាក់ព័ន្ធ​ជាមួយ​ដី​ក្រុមហ៊ុន ហេង ឡុង ដល់​បោះ​ឆ្នោត​ហើយ គេ​នឹង​ទៅ​ឈូស​ឆាយ​ចោល​ហើយ ហើយ​ដី​ប្រជាជន​ដែល​មាន​កៅស៊ូ​មាន​អី​ក៏​អ៊ីចឹង​ដែរ គេ​គំរាម​ថា​តែ​បោះ​ឆ្នោត​ហើយ​គេ​យក​អាត្រាក់​ទៅ​ឈូស​រុញ​ចោល​អស់​ហើយ»

មេ​ភូមិ​អូរចក ឃុំ​ព្រែកកក់ លោក ស្រួច ឈួន មាន​ប្រសាសន៍​ថា​ទាំង​ប្រជាជន​និង​អាជ្ញាធរ​ត្រូវ​ឆ្មាំ​ក្រុមហ៊ុន​បង្ខំ​បណ្តេញ​ចេញ​និង​បង្ខំ​ឈូសឆាយ​ដំណាំ​ដែល​បេះ​ផល​លក់​រាល់​រដូវ យ៉ាងហោច​មួយ​គ្រួសារ​៥០០​ទៅ​១​ពាន់​ដុល្លារ ។

តំណាង​អ្នក​តវ៉ា​ក្រោយ​ចូល​ជួប​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា លោក អាន ណារិទ្ធ ឲ្យ​ដឹង​ថា​មន្រ្តី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​សន្យា​ដោះស្រាយ​ក្រោយ​បោះ​ឆ្នោត ហើយ​សន្យា​មិន​ឲ្យ​ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ គំរាម​បណ្តេញ​អ្នក​ភូមិ​ទៀត​ឡើយ ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ បាន​ភ្លាមៗ​ទេ លើ​ការចោទ​ប្រកាន់​ខាង​លើ​នេះ ។

ឯ​មេ​ឃុំ​ព្រែកកក់ លោក អៀត គឹមលាង ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឬ​រុះរើ​ផ្ទះ​អ្នក​ភូមិ​ក្នុង​ឃុំ​ព្រែក​កក់​ទេ ។ លោក​ថា​ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​វិនិយោគ​ដាំ​កៅស៊ូ​រយៈពេល​៩៩​ឆ្នាំ ពាក់ព័ន្ធ​ដី​ឃុំ​ព្រែក​កក់​ជាង​១៤០០​ហិកតា ប៉ះពាល់​៨​ភូមិ​និង​មនុស្ស​ជាង​៧០០​គ្រួសារ ។ លោក​ថា​អ្នក​រស់​នៅ​ទី​នោះ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ការរស់នៅ​ស្រប​ច្បាប់ លើកលែង​តែ​កម្មករ​ចម្ការ​កៅស៊ូ​បឹងកេត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​មន្រ្តី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក អ៊ូច ឡេង ចុះ​មើល​ហេតុការណ៍​តវ៉ា​ផ្ទាល់​ឲ្យ​ដឹង​ថា កសិករ​ត្រូវការ​ដី​ដាំ​ដុះ ប្រសិនបើ​រដ្ឋ​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ គួរតែ​មាន​ការដោះស្រាយ ឯកភាព​គ្នា​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០២ មិន​គួរ​រំលោភ​សិទ្ធិ​រស់នៅ​របស់​អ្នកស្រុក​ទេ ។

សូម​ជម្រាប​ថា​នៅ​ថ្ងៃ​នេះ​ដែរ​ក៍​មាន​ប្រជាជន​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​តំណាង​ឲ្យ​ប្រជាជន​២៤៩​គ្រួសារ មក​ពី​ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត ត្រៀម​ចូល​តវ៉ា​នៅ​ផ្ទះ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ដែរ ទាមទារ​ដី​ក្នុង​ចំណុច​អន្លង់​ក្រោម​ជាង​៤៦០​ហិកតា ដែល​យោធា​កងពល​លេខ​៣១ ត្រូវការ​ដី​នោះ​យក​ទៅ​អភិវឌ្ឍ ៕