អ្នក​វិភាគ៖ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រ

ក្នុង​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​រូបភាព​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​វិនិយោគ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា កំពុង​អនុវត្ត​ផ្ទុយ​ពី​ទិសដៅ។
ដោយ ទេព សុរ៉ាវី
2012-07-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដី​សម្បទាន ពោធិ៍សាត់ ៣០៥
៦-ឧសភា-២០១២៖ ស្ត្រី​អ្នក​ភូមិ​ក្រឡាញ់ ក្នុង​ស្រុក​ក្រគរ ឈ្មោះ ឈីក វឿន ច្បូត​ស្លឹក​រំចេក​ដើម្បី​ត្បាញ​ធ្វើ​កន្ទេល។ លោកស្រី​បន្ទោស​ថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ មក​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូស​ឆាយ​ព្រៃ​ឈើ​អស់។
RFA/Mondulkeo

នៅ​ក្រោយ​មាន​គោល​នយោបាយ​នេះ គេ​ពិនិត្យ​ឃើញ​មាន​ពលរដ្ឋ​ភាគ​ច្រើន ដែល​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍ​កំពុង​ប្រឈម​នឹង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង បើ​ធៀប​មុន​ពេល​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍ ដោយ​ពួក​គេ​បាត់បង់​ទាំង​ដីធ្លី​ធ្លាប់​ជា​កម្មសិទ្ធិ បាត់បង់​ផ្ទះ​សម្បែង បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ និង​មាន​យុវជន​ពេញ​កម្លាំង​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ទៅ​រក​ការងារ​នៅ​តំបន់​ផ្សេង។ អ្នក​វិភាគ​សង្គម​ថា ការ​អភិវឌ្ឍ​មិន​ចំ​ទិសដៅ​នេះ អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​រវាង​អ្នក​មាន និង​អ្នក​ក្រ និង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​យឺតយ៉ាវ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ថា ការ​អភិវឌ្ឍ​ប្រទេស​ដោយ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ជាង ២លាន​ហិកតារ (២,២៧៦,៣៤៦​ហិកតារ) ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ មិន​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​អ្នក​ភូមិ​ក្នុង​តំបន់​អភិវឌ្ឍ​នោះ​ទេ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ភាគ​ច្រើន​ទទួល​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន។

លោក អំ សំអាត បន្ត​ថា អ្នក​ភូមិ​ដែល​ធ្លាប់​មាន​ដី​ជា​កម្មសិទ្ធិ បែរ​ជា​បាត់បង់​ដីធ្លី ដោយ​ក្រុមហ៊ុន​ទន្ទ្រាន​យក បាត់បង់​មុខ​របរ​នេសាទ បោច​វល្លិ និង​អនុផល​ព្រៃឈើ ដែល​មាន​ពី​ដូនតា បាត់បង់​តំបន់​អារក្ស​តាម​អប្បិយជំនឿ​ជនជាតិ​ភាគ​តិច ជាពិសេស​តំបន់​ខ្លះ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដើម្បី​យក​ដី​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​រយៈពេល​វែង៖ «ផល​ប៉ះពាល់​ទាំង​អស់​នេះ គឺ​ដោយ​សារ​តែ​គាត់​មាន​ការ​បាត់បង់​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ហ្នឹង ប្រជាពលរដ្ឋ​មួយ​ចំនួន​គឺ​បង្ខំ​ចិត្ត​ឲ្យ​កូនចៅ​ហ្នឹង បញ្ឈប់​ការ​សិក្សា ចំណាក​ស្រុក​ពី​កន្លែង​គាត់​ឲ្យ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង។ គោលការណ៍​អភិវឌ្ឍ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នេះ បច្ចុប្បន្ន​ភាព គឺ​មាន​ការ​ផ្ទុយ​គ្នា​យ៉ាង​ស្រឡះ»

នៅ​ប្រទេស​កម្ពុជា បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​ជា​រឿង​ក្តៅ​គគុក។ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ទំនាស់​ដីធ្លី រួម​មាន​អ្នក​ភូមិ​បឹង​កក់​នៅ​រាជធានី​ភ្នំពេញ អ្នក​ភូមិ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​គីរីសាគរ នៅ​ខេត្តកោះកុង នៅ​អមលាំង ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​ទាមទារ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ដដែល តាម​រូបភាព​ធ្វើ​កូដកម្ម បាតុកម្ម​បិទ​ផ្លូវ​ជាតិ ដង្ហែ​ជា​ក្បួន​ទាមទារ​នៅ​មុខ​ស្ថានទូត ផ្ទះ​នាយក​រដ្ឋមន្ត្រី នៅ​មុខ​តុលាការ​ជាដើម។ សកម្មភាព​របៀប​នេះ តែង​តែ​មាន​ការ​ចោទ​ប្រកាន់ និង​មាន​ការ​ចាប់​តំណាង​អ្នក​ភូមិ ឃុំ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់។

លោក អំ សំអាត បន្ត​ថា មូលហេតុ​ដែល​ផ្ទុះ​ការ​ទាមទារ​នេះ ដោយ​សារ​តែ​កំហុស​ពី​ដំបូង​របស់​រដ្ឋាភិបាល មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ ឬ​ពិគ្រោះ​យោបល់​ពី​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជាមុន​សិន មុន​នឹង​សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «ប្រទេស​កម្ពុជា​យើង គឺ​អត់​មាន​ទេ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​អត់​ដឹង​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​បាន​គាត់​ដឹង​ថា​ក្រុមហ៊ុន​ទៅ​រំលោភ​យក​ដី​គាត់ ហើយ​ពេល​ឈូស​ឆាយ​ហើយ ធ្វើ​ការ​ដោះស្រាយ​ជា​ក្រោយ​ជាមួយ​ប្រជាពលរដ្ឋ។ អញ្ចឹង ការ​ដោះស្រាយ​របៀប​នេះ​ជា​ការ​ដោះស្រាយ​មួយ​ដោយ​ការ​គំរាម​ផង ដោយ​បង្ខំ​ផង»

អ្នក​វិភាគ​ឯករាជ្យ​ខាង​ជំនាញ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​នៅ​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា ជា​គោលការណ៍ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​ជនបទ និង​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារ។ ប៉ុន្តែ​ជាក់ស្តែង ពេល​ដែល​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ហើយ​នោះ មិន​បាន​អនុវត្ត​តាម​ផែនការ​មេ ឬ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​បាន​យក​សិទ្ធិ​របស់​ខ្លួន ទៅ​គំរាម​កំហែង និង​បន្លាច​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យខ្លាច​ពាក្យ​ថា "អភិវឌ្ឍន៍" ព្រោះ​ការ​អភិវឌ្ឍ​ពេល​នេះ គឺ​មាន​ន័យ​ថា ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​ក្រ​ទៅៗ៖ «ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​ផ្តល់​ការ​រីកចម្រើន មិន​មែន​ការ​អភិវឌ្ឍ​អ្វី​ដល់​ជីវភាព​រស់នៅ​ប្រជាជន​ទេ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃ​ភ្នំ ម្ចាស់​សមុទ្រ ក្លាយ​ជា​ខ្ញុំកញ្ជះ​របស់​ក្រុមហ៊ុន​ទៅ​វិញ»

កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ជាង ៥០​ក្រុមហ៊ុន ដែល​ធ្លាប់​ផ្តល់​ឲ្យ​វិនិយោគ​ជា​ទ្រង់ទ្រាយ​តូច និង​ធំ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​កិច្ច​សន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល។ របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ចំនួន ១.៤៣៨​នាក់ ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ក្នុង​ចំណោម​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧៦២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​២៩៧​នាក់ បាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ចំណែក ៦៧៦​នាក់ បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​ក្នុង​ទំនាស់​ដីធ្លី។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ដែល​សិក្សា​ពី​ស្ថានភាព​ជីវភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រ។ ដោយ​លោក​ពន្យល់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម ហើយ​ក្រុមហ៊ុន​បាន​វាត​យក​ដី ដោយ​សម្អាង​តែ​ការ​អភិវឌ្ឍ ដែល​នេះ​មាន​ន័យ​ថា ជា​ការ​ដក​ហូត​ឆ្នាំង​បាយ​របស់​ពួក​គាត់ ជា​ជាង​ការ​ជំរុញ​ឲ្យ​អ្នក​ភូមិ​មាន​ជីវភាព​ធូរធារ តាម​គោលការណ៍​រដ្ឋាភិបាល។

ម្យ៉ាង​វិញ​ទៀត លោក កែម ឡី បាន​សិក្សា​រក​ឃើញ​ថា មាន​មូលហេតុ​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ក្រ គឺ​ការ​ផ្តល់​ប្រាក់​ឥណទាន​ដោយ​គ្មាន​លក្ខខណ្ឌ​ត្រឹមត្រូវ៖ «ប្រហែល​ជា​៥០%​ជាង​ហើយ ដែល​ប្រជាជន​ជំពាក់​បំណុល​គេ ហើយ​ជំពាក់​ហ្នឹង​ប្រហែល​ជា ៥០០​ទៅ​៩០០​ដុល្លារ​ទៀត នៅ​ក្នុង​មួយ​បំណុលៗ។ គាត់​មិន​មែន​ជំពាក់​តែ​មួយ​កន្លែង​ទៅ​ទៀត គឺ​២៧% ដែល​ខ្ញុំ​ធ្វើ​ការ​សិក្សា​ហ្នឹង គឺ​ជំពាក់​២កន្លែង ៥%​គឺ​ជំពាក់​៣កន្លែង»

លោក កែម ឡី បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៥ លើ​ផ្ទៃដី​ជាង​២លាន​ហិកតារ​កន្លង​ទៅ​របស់​រដ្ឋាភិបាល មិន​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ​បាន​ទេ តែ​វា​អាច​ជួយ​ដល់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទៅ​វិញ។

លោក ផល វណ្ណៈ ជា​ជន​រងគ្រោះ​នៃ​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋ ឲ្យ​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន វិនិយោគ​ដាំ​ដំណាំ​អំពៅ​នៅ​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា មុន​ពេល​ដែល​ក្រុមហ៊ុន​មិន​ទាន់​វិនិយោគ​នៅ​តំបន់​នោះ អ្នក​ភូមិ​មាន​ដី​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន​សម្រាប់​ធ្វើ និង​អាច​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គាត់​បាន។ តែ​បន្ទាប់​ពី​ក្រុមហ៊ុន​វិនិយោគ កាល​ពី​ឆ្នាំ​២០១០ អ្នក​ភូមិ​បាត់បង់​ដីធ្លី និង​ខ្លះ​ត្រូវ​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន នៅ​លើ​ដី​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ខ្លួន៖ «ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ កេរ្តិ៍​ដូនតា​ដែល​បន្សល់​ទុក​ឲ្យ​ពួក​ខ្ញុំ ត្រូវ​យក​អស់​គ្មាន​ដី​ស្រែ​ចម្ការ​ធ្វើ។ ជាក់ស្តែង ជីវភាព​របស់​ពួក​យើង​រាល់​ថ្ងៃ​កំពុង​យ៉ាប់យ៉ឺន មាន​ការ​រំលោភ ពេល​ដែល​ធ្វើ​ការ​ឲ្យ​គេ​ក៏​មិន​បាន​ប្រាក់​ខែ​ដូច​យើង​ធ្វើ​ស្រែ​ដែរ»

ការ​សិក្សា​មួយ​ទៀត​របស់​លោក កែម ឡី ថា កម្ពុជា​កំពុង​ប្រឈម​នូវ​គម្លាត​ទ្រព្យ​ធន​រវាង​អ្នក​ទីក្រុង និង​អ្នក​នៅ​តាម​ជនបទ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួប​អស្ថិរភាព​សេដ្ឋកិច្ច​នៅ​ពេល​អនាគត។

គេ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រមាណ ៧%​ប៉ុណ្ណោះ នៅ​ទីក្រុង​រួម​មាន​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត ទី​រួម​ស្រុក ទី​រួម​ឃុំ នៅ​ជិត​ផ្សារ​មាន​ជីវភាព​ក្រីក្រ។ ប៉ុន្តែ​មាន​៨១% នៅ​តាម​ទី​ជនបទ មាន​ស្ថានភាព​ក្រីក្រ​ដូច​កាល​ពី​ទសវត្ស​៨០ ក្នុង​នោះ​មាន​៥១,២% ចំណាត់​ថ្នាក់​នៃ​ទ្រព្យ​សម្បត្តិ គឺ​ក្រ និង​ក្រ​បំផុត។

ដោយ​ឡែក​សម្រាប់​ទាំង​ទីក្រុង និង​តំបន់​ជនបទ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង មាន​៤១,៥% ក្រីក្រ និង​ក្រ​បំផុត។ រីឯ​ខេត្ត​រតនគិរី និង​ខេត្ត​ឧត្តរមានជ័យ មាន​ចំនួន ៣៧%​ទៅ​៤០% ហើយ​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​រដ្ឋ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន មាន​ចំនួន ៣០%ទៅ​៣៧% ដែល​ក្រីក្រ។

យោង​តាម​របាយការណ៍​វិភាគ​គោល​នយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១០ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បង្ហាញ​ថា ប្រហែល​ជា​ម្នាក់​ក្នុង​ចំណោម ៣នាក់ នៃ​ប្រជាជន​កម្ពុជា​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០០៧។ ត្រឹម​ឆ្នាំ​២០១៥ គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​កំណត់​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ឲ្យ​សល់​ត្រឹម ១៩,៥% ហើយ​ដើម្បី​សម្រេច​គោលដៅ រដ្ឋាភិបាល​ប្រឹង​អភិវឌ្ឍ​នៅ​ទី​ជនបទ​ដែល​ជា​កន្លែង​ភាព​ក្រីក្រ​ថយ​ចុះ​យឺត​បំផុត។

ក្រុម​អ្នក​វិភាគ​ដីធ្លី និង​អភិវឌ្ឍ​សង្គម ឲ្យ​ដឹង​ដូច​គ្នា​ថា ប្រសិន​បើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោម​ឆ័ត្រ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន មាន​តម្លាភាព គ្មាន​បក្ខពួក​និយម និង​គ្មាន​អំពើ​ពុក​រលួយ វា​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ក៏​គួរ​លើក​បញ្ហា​សង្គមកិច្ច​ឲ្យ​បាន​ច្រើន រួម​មាន​ការ​ថែទាំ​ចាស់​ជរា ក្មេង​កំព្រា អ្នក​រងគ្រោះ និង​ជនជាតិ​ដើម​ភាគ​តិច ព្រោះ​ការ​អភិវឌ្ឍ​លឿន វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ខ្លាំង ហើយ​ភាព​ក្រីក្រ​ក៏​កើន​ឡើង​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហ៊ាន

ពី PP

គួរសួរខាងនាយកដ្ដានវាយតំលៃផលប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ព្រោះរាល់គំរោងដីសម្បទានទាំងអស់ ត្រូវបានវាយតំលៃរួចរាល់ តែនៅតែមានផលប៉ះពាល់ដ៏ដែល។. នណាជាអ្នកទទួលខុសត្រូូវ?

Jul 22, 2012 06:59 AM

អ្នកភូមិចាន់

ពី រតនគិរី) (

ខ្ញុំ​ជឿ​ហើយ ការ​អភិវឌ្ឈន៏​តាម​រយៈ​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​ពិត​ជា​ប៉ះពាល់​ដល់​ជីវភាព​(ដូច​ជា​សុខភាព​នៅ​ពេល​ក្រុមហ៊ុន​បាញ់​ជី ឬ​ថ្នាំ​សំលាប់​ស្មៅ) បាត់​ដី​ បើ​រាដ្ឋាភិបានល​មិន​ជឿ​ទេ​ សូម​ចុះ​មក​មើល​ភូម​ខ្ញុំ​ផ្ទាល់​ទៅ គឹ​អស់​ទាំង​ភូមិ ។

Jul 21, 2012 06:33 AM

(PP

ពី PP

អ្នក​មាន​ក៏​កាន់​តែ​មាន ហើយ​អ្នក​ក្រ​ក៏​កាន់​តែ​ក្រ នេះ​រឿង​ពិត​នៅ​ក្នុង​ស្រុក​ខែ្មរ​សព្វ​ថៃ្ង។

Jul 21, 2012 01:07 AM

John

ពី London

The Title of this News says it all. The only people that do not acknowledge this issue are the one that benefit from this land grabbing. More than 30 yrs after the KR regime, many poor Khmer are getting poorer, displace and defenceless. This Policy is only served Hun Sen and his inner circle but the poor have to pay the price. Their greed will lead this country into many social unrests and more bloodshed which we do not need. Our government is giving our lands to Vietnam as well as robbing it from the poor, what a way to run a country.

Jul 20, 2012 05:42 AM