ប៉ុន្តែពេលបច្ចុប្បន្ននេះ ម្ចាស់ដីជាអតីតយោធាផ្តាច់ខ្លួនចំនួន ២៦គ្រួសារ ដែលរដ្ឋាភិបាលចែកដីឲ្យដាំដំណាំនោះ រងនូវការចោទពីអ្នកទិញដី ប្ដឹងចោទថាពួកគាត់ជាមេខ្លោងតវ៉ាទាមទារដីទៅវិញ។ ពាក្យបណ្ដឹងតបនេះ ធ្វើឲ្យពួកគាត់មួយចំនួនភ័យខ្លាច ព្រមទាំងបានរត់គេចខ្លួនទៅខេត្តផ្សេងៗ។
តំណាងប្រជាពលរដ្ឋ ២៦គ្រួសារ ជាអតីតយោធាខ្មែរក្រហម នៅតំបន់ភ្នំវល្លិ ខេត្តកំពត បានដាក់ពាក្យសុំកាន់កាប់ដីទំហំ ៥៨ហិកតារ ទៅឲ្យក្រុមយុវជនស្ម័គ្រចិត្តចុះវាស់ដីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីដីពួកគាត់ត្រូវបានមេយោធាខេត្តកែប លក់បន្តទៅអ្នកផ្សេងៗ។
អតីតយោធាខ្មែរក្រហមនៅភ្នំវល្លិ លោក មាស អាង ថ្លែងនៅថ្ងៃទី៩ ខែវិច្ឆិកា ថា កាលពីឆ្នាំ១៩៩៤ ក្រោយពីមានការចរចាបញ្ចប់សង្គ្រាមស៊ីវិល ពួកគាត់បានទទួលដីទំហំ ៥ហិកតារក្នុងមួយគ្រួសារ នៅតំបន់ភ្នំវល្លិ ពីលោក ឈូក រីន ដែលជាអតីតមេយោធាខ្មែរក្រហមផ្តាច់ខ្លួន។ លោក ឈូក រីន ត្រូវប្រមុខរដ្ឋាភិបាលផ្តល់សិទ្ធិចែកដីតំបន់ភ្នំវល្លិ ទៅឲ្យក្រុមយោធាផ្តាច់ខ្លួន មានដីសង់ផ្ទះ និងដីស្រែចម្ការ។ ប៉ុន្តែក្រោយពីលោក ឈូក រីន ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារមក ស្រាប់តែនៅឆ្នាំ២០០៥ ដីពួកគាត់ទំហំ ៥៨ហិកតារនោះ មានជម្លោះជាមួយមេធាវីម្នាក់ឈ្មោះ ពុទ្ធាវី ប្ដឹងពួកគាត់នៅតុលាការខេត្តកំពត។
ក្រោយមក តុលាការមិនចាត់ការបណ្ដឹង ពួកគាត់បានដាំដំណាំលើដីចែកជាធម្មតាវិញ។ នៅឆ្នាំ២០១០ មានអ្នកស្រីម្នាក់ឈ្មោះ ហៀវ លន់ ប្ដឹងពួកគាត់ថា រស់នៅ និងដាំដុះលើដីគេបានទិញពីមេយោធានៅខេត្តកែប។ ក្រោយមក អ្នកស្រី ហៀវ លន់ បានប្រើគ្រឿងចក្រឈូស និងព័ទ្ធដីទុក។ ទន្ទឹមនោះ ពួកគាត់មានដីកាពីតុលាការ តាមចាប់ខ្លួនចោទថា ជាមេខ្លោងតវ៉ាដីធ្លី។ រហូតមកដល់ពេលនេះ ពួកគាត់ខ្លះគេចខ្លួនទៅខេត្តផ្សេងៗ នៅមានតិចតួចរង់ចាំមើលសភាពការណ៍ដីនោះ៖ «ហើយក្រោយខ្ញុំដាំដំណាំបានពេញ ហើយគេមកកាប់ដំណាំខ្ញុំចេញ កាប់សន្ទូងកាប់អី គេបរអាត្រាក់ជាន់ គេដាំស្វាយនៅពៀរលើរបស់ខ្ញុំទាំងអស់ ហើយដេញខ្ញុំចេញ ព័ទ្ធរបងមិនឲ្យខ្ញុំធ្វើ។ ខ្ញុំ ២៦គ្រួសាររងទុក្ខហ្នឹង ក៏មិនហ៊ាននឹងគេ ក៏ចុះចេញ»។
អតីតយោធាខ្មែរក្រហមដែលគេចខ្លួនទៅខេត្តផ្សង ដោយសារធ្វើជាតំណាងតវ៉ាដី លោក ស ចេង អះអាងថា ដោយបានឮលោក ហ៊ុន សែន ប្រកាសពីរឿងដីធ្លី ត្រូវពលរដ្ឋមានកម្មសិទ្ធិ ពួកគាត់ក៏ដាក់ពាក្យសុំកាន់កាប់ដីដែលរដ្ឋបានចែកឲ្យនោះ ជូនក្រុមយុវជនស្ម័គ្រចិត្ត កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
អតីតយោធាម្នាក់ទៀតឈ្មោះ ឃុត ឃាន ថ្លែងថា ពួកគាត់បានប្ដឹងតវ៉ាដីដាក់ពាក្យគ្រប់ស្ថាប័ន ប៉ុន្តែគ្មានដំណោះស្រាយដល់ពួកគាត់ឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់រងនូវការចោទជាមេខ្លោងតវ៉ាដី ទើបរត់គេចខ្លួនពីផ្ទះ។ ឥឡូវក្រុមយុវជនស្ម័គ្រចិត្តចុះវាស់ដីនៅទីនោះ ទើបពួកគាត់ដាក់ពាក្យសុំកាន់កាប់ដី និងបញ្ជូនពាក្យបណ្ដឹងទៅនាយករដ្ឋមន្ត្រី ពីបញ្ហាដីធ្លីពួកគាត់ត្រូវមេយោធាខេត្តកែប រំលោភយកទៅលក់ឲ្យអ្នកស្រី ហៀវ លន់។ លោកបញ្ជាក់ថា កាលពីលោក ឈូក រីន ចែកដីឲ្យយោធាជាកូនចៅនោះ ដីទំនាស់តំបន់ភ្នំវល្លិ ស្ថិតនៅក្នុងភូមិបុស្សញីញ ឃុំកូនសត្វ ស្រុកកំពត ទេ។ ប៉ុន្តែ គេប្ដឹងពួកគាត់ទៅតុលាការ ថារស់នៅលើដីអ្នកស្រី ហៀវ លន់ គឺដីនោះនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីបញ្ជាការយោធាខេត្តកែប លោក ជន សុផល បំភ្លឺរឿងនោះថា ដីដែលបានលក់ជូនអ្នកស្រី ហៀវ លន់ នោះ មិនមានពាក់ព័ន្ធដីអតីតយោធាខ្មែរក្រហមដែលធ្វើសមាហរណកម្មនោះទេ ជាដីរបស់មេទាហាន គឺលោក កែ គឹមយ៉ាន ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩៤ មក៖ «អីចឹង ការចោទប្រកាន់របស់បងប្អូនកន្លងទៅ វាមិនទាក់ទងអីខាងខ្ញុំអ្នកលក់នោះទេ។ ក៏ប៉ុន្តែ ក្រោយមកបងប្អូនចេះតែមានបញ្ហាលើកថាដីអ្នកនេះ ដីអ្នកនោះ ក្រោយពីឯកឧត្តម កែ គឹមយ៉ាន មានបញ្ហា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ពុទ្ធាវី និងអ្នកស្រី ហៀវ លន់ ដែលរងនូវការចោទពីអតីតយោធាខ្មែរក្រហមបានទេនៅថ្ងៃទី៩ វិច្ឆិកា។
ប៉ុន្តែ អតីតមេឃុំកូនសត្វ លោក ដាន សៅ ថ្លែងថា ដីជម្លោះនោះកាលគាត់នៅជាមេឃុំ គឺដីចែកឲ្យយោធាសមាហរណកម្មនៅតំបន់ភ្នំវល្លិ ស្ថិតក្នុងភូមិបុស្សញីញ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត ចែកឲ្យពួកគេដាក់អាវុធឈប់បាញ់គ្នា ហើយធ្វើជាប្រជាពលរដ្ឋ មានការសង់ផ្ទះ និងមានដីដាំដុះ។ ក្រោយមក ដីនោះបានកាត់ទៅឲ្យភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ បង្កើតជាភូមិ ឃុំ ទើបកកើតថ្មីដោយក្រសួងមហាផ្ទៃ ទើបកើតមានជម្លោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។