តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយ រស់នៅភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ចំនួន ៦០គ្រួសារ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តចាត់វិធានការចុះស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពកាប់រានឈូសឆាយដីព្រៃឈើសហគមន៍ប្រមាណ ៣០០ហិកតារពីសំណាក់ក្រុមហ៊ុន អាន ម៉ារ៉ាឌី។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតំណាងប្រជាពលរដ្ឋចំនួនពីរនាក់ កាលពីខែកញ្ញា ឆ្នាំ២០១២ បានធ្វើលិខិតជូនអភិបាលខេត្តរតនគិរី សុំអន្តរាគមន៍ទៅក្រុមហ៊ុន អាន ម៉ារ៉ាឌី ឲ្យគោរពគោលការណ៍កំណត់ព្រំដីសម្បទានដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត បានកំណត់ជូនក្រុមហ៊ុន និងប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋលោក ថ្លាន ជាន់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១២ មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ វេលាម៉ោង ៩ព្រឹក ឯកឧត្តម ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូចុះទៅជួបប្រជុំជាមួយអ្នកភូមិចង មានគ្នាប្រមាណ ៥១០នាក់ ដោយផ្ដោតទៅលើការបែងចែកព្រំប្រទល់ដីភូមិចង និងក្រុមហ៊ុន អាន ម៉ារ៉ាឌី គឺចាប់ពីអូរលំប៉ង ទៅលិច ជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាន ម៉ារ៉ាឌី និងចាប់ពីអូរលំប៉ង ទៅកើតជាដីព្រៃរបស់ភូមិចង ដែលទាំងអស់នេះធ្វើឲ្យអ្នកភូមិអាចទទួលយកបាន។
លោកបន្តថា នៅក្នុងខែសីហា ឆ្នាំ២០១២ ឈ្មោះ រ៉ា ជាមេការក្រុមហ៊ុន និងឈ្មោះ កែវ ជាមន្រ្តីបរិស្ថានខេត្តបានចុះទៅជួបឈ្មោះ រចំ ប៊ូស ចាស់ទុំតំណាងសហគមន៍ភូមិចង ដោយសរសេរលិខិតព្រមព្រៀងក្នុងន័យដោះដូរដីចម្ការចាស់ និងដីព្រៃ ដែលឯកឧត្តម ម៉ុក ម៉ារ៉េត បានកំណត់ទៅឲ្យអ្នកភូមិ ហើយក្រុមហ៊ុនផ្តល់ថ្លៃពលកម្ម និងម៉ាស៊ីនភ្លើងមកអ្នកភូមិជាថ្នូរ តែអ្នកភូមិទាំងអស់គ្នាមិនយល់ព្រមឡើយ។ ហើយរហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ក្រុមហ៊ុនបាននាំកម្មករប្រមាណ ២០នាក់ មកកាប់រានយកដីព្រៃនៅតំបន់នោះដោយរំលោភ៖ «មេភូមិគាត់ទៅប្រាប់ថា ឯងកុំចាប់ដីនេះ ព្រោះក្រុមហ៊ុនគេយកហើយ បើអ្នកណាហ៊ានកាប់ដីនេះ គេចាប់យកទៅដាក់គុក។ គេនៅតវ៉ាតើ ខ្ញុំធ្វើពាក្យប្ដឹងជូនម្តងហើយ យកពូថៅទៅដោះផ្លាក គេដុំនោះគេដោះចេញឲ្យអស់»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀត គឺលោក សល់ ត្លាន បានបញ្ជាក់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ មានអ្នកភូមិចង ម្នាក់បានក្រុមតម្រួតព្រំដែនខ្មែរចាប់ខ្លួន ដោយសារគាត់កាប់ព្រៃយកដីចំនួន ២ហិកតារ នៅតំបន់នោះ និងចោទថាប្រជាពលរដ្ឋចូលកាប់រានដីក្រុមហ៊ុន ទើបប្រជាពលរដ្ឋទៅសុំឲ្យមេឃុំ គឺលោក សែវ ពើង ឲ្យជួយដោះស្រាយ។ លោកបន្តថា មេឃុំបានសន្យាថា ចាំខែរាំងភ្លៀង គាត់ទៅមើល ប៉ុន្តែគាត់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ទើបពួកគាត់សម្រេចធ្វើដំណើរមកការិយាល័យសមាគមអាដហុក ខេត្ត ដើម្បីសុំជួយប្រឹក្សាយោបល់ពីបញ្ហានេះ៖ «ដំបូងហ្នឹង ដីនៅខាងអូររប៉ង ហ្នឹង ដីប្រជាពលរដ្ឋភូមិចង។ ចៅហ្វាយស្រុកគេមកប្រកាសដល់នេះ គេថាដីរដ្ឋ ប៉ុន្តែដីរដ្ឋគេថាដីក្រុមហ៊ុន។ គេថា កាប់ហ្នឹងគេចាប់ថ្ងៃហ្នឹងហើយ កុំឲ្យអ្នកភូមិកាប់។ អ្នកភូមិចង់ទាមទារយកដីមកវិញ ចង់បានធ្វើចម្ការ»។
មន្ត្រីអាជ្ញាធរស្រុកអណ្ដូងមាស ឲ្យដឹងថា ក្រុមហ៊ុន អាន ម៉ារ៉ាឌី ទទួលបានដីសម្បទានពីរចំណុច មានផ្ទៃដីជិត ២ម៉ឺនហិកតារ នៅតំបន់សួនឧទ្យានជាតិវីរជ័យ ជាប់នឹងភូមិចង ក្នុងឃុំញ៉ាង។
អនុប្រធានភូមិចង លោក សល់ ជេល បានបញ្ជាក់ថា អាជ្ញាធរភូមិមិនបានដឹងច្បាស់ថាព្រំប្រទល់ដីសម្បទាននៅចំណុចណាទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋបានចាំប្រសាសន៍រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រាប់អ្នកភូមិថា ផ្លូវធ្វើថ្មីនៅតំបន់នោះ គឺជាព្រំប្រទល់កំណត់ដីសម្បទាន និងដីព្រៃប្រជាពលរដ្ឋអភិរក្ស។ លោកបន្តថា ប្រជាពលរដ្ឋមិនយល់ព្រមឲ្យក្រុមហ៊ុនឈូសឆាយព្រៃមកខាងកើតថ្នល់នោះទេ៖ «ចាប់ពីខាងនេះ អូរប៉ងគេកាប់ចម្ការសព្វថ្ងៃ អាហ្នឹងដីប្រជាពលរដ្ឋ ក្រុមហ៊ុនគេថាដីគេ ប្រជាពលរដ្ឋគេតវ៉ាម្តងហ្នឹងគេដោះស្រាយមួយលើក ទាំងអភិបាលស្រុក ទាំងប៉ូលិសផង គេថាដីព្រៃរដ្ឋ។ បើដីព្រៃរដ្ឋ ដល់ឥឡូវធ្វើម៉េចក្រុមហ៊ុនកាប់អស់ហើយ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី និងជាប្រធានឧទ្យានជាតិវីរជ័យ លោក ជូ សុភ័ក្ត្រ ដើម្បីបញ្ជាក់ពីករណីនេះបានទេ។
យ៉ាងនេះក្តី មន្ត្រីបរិស្ថានមួយរូបដែលប្រជាពលរដ្ឋអះអាងថា ឈ្មោះ កែវ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបានកំណត់ព្រំដីសម្បទានដូចប្រជាពលរដ្ឋអះអាងនោះទេ៖ «រឿងថាចែក ឬមិនចែក ព្រឹកមិញខ្ញុំជួបប្រធានមន្ទីរបរិស្ថាន គាត់ថាគាត់ដូចជាមិនបានឮ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា មិនអាចទាក់ទងតំណាងក្រុមហ៊ុន អាន ម៉ារ៉ាឌី សុំបំភ្លឺពីការចោទប្រកាន់របស់អ្នកភូមិបានទេ។ យ៉ាងនេះក្តី អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តបានបញ្ជូនលិខិតសុំកិច្ចអន្តរាគមន៍របស់ប្រជាពលរដ្ឋមកអាជ្ញាធរស្រុក ដើម្បីចុះទៅស៊ើបអង្កេត និងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។ លោកបន្តថា នឹងចុះទៅពិនិត្យមើលករណីនេះក្រោយបញ្ចប់ពិធីបុណ្យភ្ជុំ៖ «ដីហ្នឹង ខ្ញុំមិនទាន់ឡើងទៅពិនិត្យមើលទេ ខ្ញុំឃើញដែរពាក្យបណ្ដឹងហ្នឹង។ ប៉ុន្តែ ចំណុចព្រំប្រទល់មុនហ្នឹង គ្រាន់តែឮៗទេ ខ្ញុំក៏អត់ក្តាប់បានថា ត្រឹមណាទល់ត្រឹមណាដែរ។ ដែលនិយាយថា ឯកឧត្តម ម៉ុក ម៉ារ៉េត ទៅប្រកាសព្រំប្រទល់ គាត់អត់មានប្រកាសព្រំប្រទល់អ្វីទេ ប៉ុន្តែមិនដឹងប្រជាពលរដ្ឋយើងគាត់ស្តាប់យ៉ាងម៉េចឮយ៉ាងម៉េច»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍កត់សម្គាល់ថា ជម្លោះដីធ្លីនេះធ្វើឲ្យប្រជាពលរដ្ឋភូមិចង ម្នាក់ត្រូវអាជ្ញាធរចាប់ឃុំខ្លួននៅពន្ធនាគារខេត្តប្រមាណជិតមួយខែ ទើបបានដោះលែង។ លោកសម្ដែងក្តីបារម្ភថា ប្រសិនជម្លោះនេះអូសបន្លាយយូរទៅទៀត ប្រជាពលរដ្ឋនឹងរងនូវការរំលោភសិទ្ធិកាន់តែធ្ងន់ធ្ងរជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។