ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ភាពីម៉ិច

ជម្លោះ​ដី​រវាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ភាពីម៉ិច ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​ចំនួន ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់។

0:00 / 0:00

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា បាន​លើក​គ្នា​កាន់​ការដ្ឋាន​ថ្មី​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ចំណុច​ខ្នាចអន្សោង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ ដើម្បី​ធ្វើការ​រារាំង​បញ្ឈប់​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ដី​ស្រែ​ចំការ​របស់​ពួក​គាត់​ទៀត។

ស្ត្រី​អ្នក​ភូមិ​ក្រឡាញ់ ឈ្មោះ ឡោន ស៊ីវៃ បាន​ឲ្យ​ដឹង​ថា ដី​ចំការ​របស់​គាត់ និង​ដី​របស់​អ្នក​ភូមិ​ដែល​នៅ​ជិត​គ្នា​នោះ ត្រូវ​ក្រុមហ៊ុន​ភាពីម៉ិច ប្រើ​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​រំលោភ​យក។ គាត់​ថា គាត់​បាន​ហាម​ឃាត់​គេ​តែ​គេ​មិន​ព្រម​បញ្ឈប់​ការ​ឈូសឆាយ ទើប​ព្រឹក​ថ្ងៃ​៣ មេសា នេះ គាត់​សម្រេច​ចិត្ត​មក​ធ្វើការ​តវ៉ា។

ស្ត្រី​អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ដី​ចំការ​វិល​ជុំ​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​តែ​បង្កបង្កើន​ផល​តាំង​ពី​ដើម​រៀង​មក ស្រាប់​តែ​ឥឡូវ​ក្រុមហ៊ុន​បែរ​ជា​មក​ឈូស​ឆាយ​បំពាន​យក​ដោយ​ពុំ​មាន​ផ្ដល់​ដំណឹង​ដល់​អ្នក​ភូមិ ឬ​អាជ្ញាធរ​ដែន​ដី​ឡើយ៖ «ពួក​ខ្ញុំ​មក​នេះ​គ្រាន់​តែ​សុំ​មើល​ច្បាប់​របស់​ក្រុមហ៊ុន ថា​តើ​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​ឲ្យ​គាត់​ដល់​ណា ម៉េច​បាន​ជា​គាត់​មក​យក​ដី​ពួក​ខ្ញុំ? តើ​រដ្ឋាភិបាល​ចង់​ឲ្យ​ក្រុមហ៊ុន​យក​ដី​របស់​ប្រជាពលរដ្ឋ ឬ​យ៉ាង​ណា? បើ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​នោះ​ប្រជាពលរដ្ឋ​មុខ​ជា​ស្លាប់​អស់​ទុក​ដី​នេះ​ឲ្យ​ចិន​រស់​ទៅ...»

បុរស​អ្នក​ភូមិ​ឈ្មោះ ឡឹង ឌីន បន្ថែម​ថា ដី​ចំការ​របស់​គាត់​ដែល​មាន​ដើម​ខ្នុរ ស្វាយ កំពុង​ទទួល​ផល​ទៅ​ហើយ​នោះ ក៏​គេ​ឈូស​រំលំ​បំពាន​យក​ដែរ៖ «ខ្ញុំ​មក​សុំ​ឲ្យ​ក្រុមហ៊ុន​បែងចែក​ឲ្យ​ច្បាស់ ដី​ណា​របស់​ក្រុមហ៊ុន​ដី​ណា​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​សិន​ចាំ​ឲ្យ​ក្រុមហ៊ុន​ឈូស...»

ប្រជាពលរដ្ឋ​មក​ពី​៦​ភូមិ គឺ​ភូមិ​ក្រឡាញ់ ភូមិ​ស្រែឫស្សី ភូមិ​ដូង ភូមិ​ទទឹង ភូមិ​កំពង់លើ និង​ភូមិ​សំរោង ប្រមាណ ១០០​នាក់ បាន​ខឹងសម្បា ហើយ​លើក​គ្នា​មក​សុំ​ជួប​តំណាង​ក្រុមហ៊ុន​ដើម្បី​សួរ​នាំ​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​ចេះ​តែ​រំលោភ​បំពាន​លើ​ដី​ស្រែ​ចំការ​របស់​ពួកគាត់។

តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ឃុំ​ក្បាលត្រាច លោក គុជ វេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែន​ដី​ពុំ​ព្រម​ជួយ​ដោះស្រាយ​កង្វល់​ជូន​ប្រជាពលរដ្ឋ​ទើប​កើត​មាន​នូវ​ការ​តវ៉ា​នៅ​មុខ​ការដ្ឋាន​ក្រុមហ៊ុន​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​នៅ​កន្លែង​ណា​ខ្លះ។ តើ​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ហើយ ឬ​នៅ បាន​ជា​មក​ឈូស​ឆាយ​ស្រេច​តែ​ចិត្ត។ ជួន​កាល​ក្រុមហ៊ុន​ធ្វើ​បំពាន​លើ​ការ​ណែនាំ​របស់​រដ្ឋាភិបាល...»

ការ​តវ៉ា​នេះ​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ម៉ោង​ស្ទើរ​តែ​កើត​ជា​អំពើ​ហិង្សា ដោយ​តំណាង​ក្រុមហ៊ុន​ពុំ​ព្រម​ចេញ​មក​ជួប​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លុះ​ដល់​ម៉ោង​ប្រមាណ​ជា ១១​ថ្ងៃ​ត្រង់ មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ពេល​ឲ្យ​លោក ៣​ថ្ងៃ លោក​នឹង​នាំ​យក​ក្ដី​កង្វល់​នេះ​ទៅ​រាយការណ៍​ជូន​ថ្នាក់​ស្រុក និង​ខេត្ត ដើម្បី​ដោះស្រាយ។

ប្រជាពលរដ្ឋ​បាន​យល់​ព្រម​តាម​សំណូមពរ​នេះ​ហើយ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​រៀង​ខ្លួន​នា​វេលា​ម៉ោង​ប្រមាណ ២​រសៀល​ថ្ងៃ​ដដែល ដោយ​បាន​ព្រមាន​ថា នឹង​វិល​មក​ធ្វើ​ការ​តវ៉ា​ជា​ថ្មី ប្រសិន​បើ​ពុំ​ទទួល​បាន​ដំណោះស្រាយ​ដូច​ការ​សន្យា​របស់​លោក​មេ​ឃុំ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។