ប្រជាពលរដ្ឋមកពីភូមិចំនួន៦ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែមេសា បានលើកគ្នាកាន់ការដ្ឋានថ្មីរបស់ក្រុមហ៊ុនភាពីម៉ិច នៅចំណុចខ្នាចអន្សោង ស្ថិតក្នុងភូមិក្រឡាញ់ ដើម្បីធ្វើការរារាំងបញ្ឈប់មិនឲ្យគ្រឿងចក្រឈូសឆាយលើដីស្រែចំការរបស់ពួកគាត់ទៀត។
ស្ត្រីអ្នកភូមិក្រឡាញ់ ឈ្មោះ ឡោន ស៊ីវៃ បានឲ្យដឹងថា ដីចំការរបស់គាត់ និងដីរបស់អ្នកភូមិដែលនៅជិតគ្នានោះ ត្រូវក្រុមហ៊ុនភាពីម៉ិច ប្រើគ្រឿងចក្រមកឈូសឆាយរំលោភយក។ គាត់ថា គាត់បានហាមឃាត់គេតែគេមិនព្រមបញ្ឈប់ការឈូសឆាយ ទើបព្រឹកថ្ងៃ៣ មេសា នេះ គាត់សម្រេចចិត្តមកធ្វើការតវ៉ា។
ស្ត្រីអ្នកភូមិរូបនេះបន្តថា ដីចំការវិលជុំរបស់អ្នកភូមិដែលធ្លាប់តែបង្កបង្កើនផលតាំងពីដើមរៀងមក ស្រាប់តែឥឡូវក្រុមហ៊ុនបែរជាមកឈូសឆាយបំពានយកដោយពុំមានផ្ដល់ដំណឹងដល់អ្នកភូមិ ឬអាជ្ញាធរដែនដីឡើយ៖ «ពួកខ្ញុំមកនេះគ្រាន់តែសុំមើលច្បាប់របស់ក្រុមហ៊ុន ថាតើរដ្ឋាភិបាលផ្ដល់សម្បទានឲ្យគាត់ដល់ណា ម៉េចបានជាគាត់មកយកដីពួកខ្ញុំ? តើរដ្ឋាភិបាលចង់ឲ្យក្រុមហ៊ុនយកដីរបស់ប្រជាពលរដ្ឋ ឬយ៉ាងណា? បើឲ្យក្រុមហ៊ុនទាំងអស់នោះប្រជាពលរដ្ឋមុខជាស្លាប់អស់ទុកដីនេះឲ្យចិនរស់ទៅ...»។
បុរសអ្នកភូមិឈ្មោះ ឡឹង ឌីន បន្ថែមថា ដីចំការរបស់គាត់ដែលមានដើមខ្នុរ ស្វាយ កំពុងទទួលផលទៅហើយនោះ ក៏គេឈូសរំលំបំពានយកដែរ៖ «ខ្ញុំមកសុំឲ្យក្រុមហ៊ុនបែងចែកឲ្យច្បាស់ ដីណារបស់ក្រុមហ៊ុនដីណារបស់ប្រជាពលរដ្ឋ។ ខ្ញុំចង់ឲ្យអាជ្ញាធររកដំណោះស្រាយឲ្យប្រជាពលរដ្ឋសិនចាំឲ្យក្រុមហ៊ុនឈូស...»។
ប្រជាពលរដ្ឋមកពី៦ភូមិ គឺភូមិក្រឡាញ់ ភូមិស្រែឫស្សី ភូមិដូង ភូមិទទឹង ភូមិកំពង់លើ និងភូមិសំរោង ប្រមាណ ១០០នាក់ បានខឹងសម្បា ហើយលើកគ្នាមកសុំជួបតំណាងក្រុមហ៊ុនដើម្បីសួរនាំពីមូលហេតុដែលក្រុមហ៊ុនចេះតែរំលោភបំពានលើដីស្រែចំការរបស់ពួកគាត់។
តំណាងសហគមន៍ប្រជាពលរដ្ឋឃុំក្បាលត្រាច លោក គុជ វេង មានប្រសាសន៍ថា អាជ្ញាធរដែនដីពុំព្រមជួយដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋទើបកើតមាននូវការតវ៉ានៅមុខការដ្ឋានក្រុមហ៊ុនយ៉ាងដូច្នេះ៖ «ខ្ញុំចង់ដឹងថា តើរដ្ឋាភិបាលប្រគល់ដីឲ្យក្រុមហ៊ុននៅកន្លែងណាខ្លះ។ តើក្រុមហ៊ុនបានធ្វើការសិក្សាពីផលប៉ះពាល់ហើយ ឬនៅ បានជាមកឈូសឆាយស្រេចតែចិត្ត។ ជួនកាលក្រុមហ៊ុនធ្វើបំពានលើការណែនាំរបស់រដ្ឋាភិបាល...»។
ការតវ៉ានេះបានអូសបន្លាយអស់ជាច្រើនម៉ោងស្ទើរតែកើតជាអំពើហិង្សា ដោយតំណាងក្រុមហ៊ុនពុំព្រមចេញមកជួបប្រជាពលរដ្ឋ។ ប៉ុន្តែលុះដល់ម៉ោងប្រមាណជា ១១ថ្ងៃត្រង់ មេឃុំក្បាលត្រាច លោក ដួង សារិន មកជួបជាមួយប្រជាពលរដ្ឋ និងបានសំណូមពរសុំឲ្យប្រជាពលរដ្ឋទុកពេលឲ្យលោក ៣ថ្ងៃ លោកនឹងនាំយកក្ដីកង្វល់នេះទៅរាយការណ៍ជូនថ្នាក់ស្រុក និងខេត្ត ដើម្បីដោះស្រាយ។
ប្រជាពលរដ្ឋបានយល់ព្រមតាមសំណូមពរនេះហើយបាននាំគ្នាវិលត្រឡប់ទៅលំនៅឋានវិញរៀងខ្លួននាវេលាម៉ោងប្រមាណ ២រសៀលថ្ងៃដដែល ដោយបានព្រមានថា នឹងវិលមកធ្វើការតវ៉ាជាថ្មី ប្រសិនបើពុំទទួលបានដំណោះស្រាយដូចការសន្យារបស់លោកមេឃុំ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។