ពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ធ្វើ​កម្មសិទ្ធិ

ក្រុម​អ្នក​ភូមិ​ខ្លះ​បាន​អះអាង​ថា សកម្មភាព​លួច​ឈូស​ព្រៃ​លិច​ទឹក ក្នុង​តំបន់​បឹង​ទន្លេសាប​នោះ គឺ​មាន​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ខ្លះ អាច​ជាប់​ពាក់​ព័ន្ធ ហើយ​ព្រងើយ​កន្តើយ ក្នុង​ការ​បង្ក្រាប​អំពើ​រុក​រាន​ដី​ខុស​ច្បាប់​នេះ។
ដោយ ហង្ស សាវយុត
2012-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រៃ​លិច​ទឹក តំបន់​អក​ស ៣០៥
២១-មិថុនា-២០១២៖ ព្រៃ​លិច​ទឹក ត្រូវ​គេ​ប្រើ​គ្រឿង​ចក្រ​ជីក​ធ្វើ​ជា​ទំនប់​ថ្មី ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ ធ្វើ​ជា​ដី​ស្រែ​ប្រាំង​ថ្មី នៅ​តំបន់​អក​ស ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។
RFA/Hang Savyouth

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ភូមិ​ត្រពាំងទឹម នៃ​ឃុំ​កណ្ដែក កំពុង​នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ធ្វើ​ជា​ពាក្យ​បណ្ដឹង ដាក់​ជូន​ទៅ​អាជ្ញាធរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ បំណង​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម ដែល​កំពុង​ប្រើ​គ្រឿង​ចក្រ​ជាច្រើន​គ្រឿង លួច​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​រុក​រាន​យក​ដី​តំបន់​ទន្លេសាប ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នោះ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា សកម្មភាព​ជញ្ជូន​គ្រឿង​ចក្រ ដើម្បី​លួច​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​តំបន់​អក​ស ក្នុង​ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង ចម្ងាយ​ប្រមាណ​ជា ៨​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​តំបន់​ភ្នំ​ក្រោម​នោះ គឺ​បាន​ធ្វើ​ឡើង​តាំង​តែ​ពី​អំឡុង​ពេល​៣​ថ្ងៃ មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣​មក ហើយ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ណា​ចុះ​ធ្វើ​ការ​ហាម​ឃាត់​នៅ​ឡើយ​ទេ។

កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មិថុនា មាន​សេចក្តី​រាយការណ៍​ថា មនុស្ស​មួយ​ក្រុម​ដែល​តែង​តាំង​គ្នា​ឯង ជា​មេក្រុម​ក្នុង​ការ​ធ្វើ​សកម្មភាព​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ បាន​ប្រើ​គ្រឿង​ចក្រ​ចំនួន ៦​គ្រឿង លួច​ឈូស​ព្រៃ​លិច​ទឹក​នៅ​ពេល​យប់ ព្រម​ទាំង​បាន​ធ្វើ​សកម្មភាព​ដក​ហូត​យក​ម៉ាស៊ីន​ថត​រូប​របស់​អ្នក​ដែល​តាម​ដាន​សកម្មភាព​នោះ​ទៀត​ផង។

ស្ត្រី​ឈ្មោះ ចាន់ រ៉ី ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំងទឹម នៃ​ឃុំ​កណ្ដែក មាន​ប្រសាសន៍​ថា អ្នក​ស្រី​សូម​អំពាវនាវ​ដល់​មន្ត្រី​សាលា​ខេត្ត​សៀមរាប និង​អាជ្ញាធរ​បឹង​ទន្លេសាប មេត្តា​ចុះ​ពិនិត្យ និង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​សកម្មភាព​លួច​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក បំណង​រុក​រាន​យក​ដី​ចែក​គ្នា​នេះ។

អ្នក​ស្រី ចាន់ រ៉ី៖ «អា​នោះ តំបន់​អក​ស តំបន់​ព្រៃ​លិច​ទឹក តំបន់​ហាម​ឃាត់។ ក្នុង​ដី​ហ្នឹង អត់​មាន​ចែក​អ្នក​ណា​ទាំង​អស់ ពីព្រោះ​ធ្វើ​ស្រែ​ស្រូវ​ប្រាំង​យើង​ទៅ​នេះ គេ​ឱ្យ​តែ​ត្រឹម​៨០០​ម៉ែត្រ​ទេ តែ​ក្រៅ​ពី​នោះ ជា​តំបន់​ព្រៃ​ហាម​ឃាត់។ ចុះ​មូលហេតុ​អ្វី បាន​ជា​ជលផល​បណ្ដោយ​ឱ្យ​ធ្វើ​អី​ចេះ។ ដែល​គេ​ឈូស​នោះ គេ​ដើរ​យក​លុយ ហើយ​អា​ខ្លះ គ្នា​លក់​ជ្រូក​ទាំង​យប់​ឱ្យ​គេ។ ក្នុង​១​ក្បាល ៨​ម៉ែត្រ ឬ​ក៏​៧​ម៉ែត្រ គឺ​២០០​ដុល្លារ។ គេ​មាន​ប្រធាន​ក្រុម​គេ ៦​ទៅ​៧​នាក់ បើ​បង​ចង់​ដឹង​ការ​ពិត ទាល់​តែ​ទៅ​សួរ​ប្រធាន​ក្រុម ព្រោះ​គេ​អ្នក​កាន់​កាប់​អា​រឿង​ដី​ស្រែ​ដែល​គេ​លើក​ថ្មី ឈូស​ព្រៃ​ធ្វើ​ថ្មី​ហ្នឹង​ណា»

ចំណែក​ស្ត្រី​ឈ្មោះ វីន ព័រ ជា​អ្នក​ភូមិ​ត្រពាំងទឹម ដែរ បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ថា​ព្រៃ​លិច​ទឹក​នៅ​ទីនោះ នឹង​បាត់​បង់​ទៅ​យ៉ាង​ឆាប់​រហ័ស​ជា​ទី​បំផុត ហើយ​វាល​ស្រែ​ប្រាំង​ថ្មីៗ​រាប់​សិប​ហិកតារ នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​ជំនួស​វិញ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​បង្ក្រាប​ឱ្យ​ទាន់​ពេល​វេលា​ទេ​នោះ។

អ្នក​ស្រី វីន ព័រ៖ «ឃើញ​គេ​ឈូស សួរ​គេ​ថា​គេ​ឈូស​ធ្វើ​ផ្លូវ ដល់​ពេល​រួច​ទៅ​ឃើញ​គេ​ចែក​ចង្កោម​គ្នា​គេ មិន​ដឹង​គេ​ចែក​តាំង​ពី​ពេល​ណា ដល់​ពេល​ពួក​ខ្ញុំ​ទៅ​សុំ​គេ គេ​ថា អស់​ហើយ។ ទំនប់​ហ្នឹង​គេ​ធ្វើ​លួច​លាក់​ផង គេ​មាន​អី​ចែក​ទៀត។ ទោះ​ជា​មិន​បាន ក៏​សូម​សំណូមពរ​ឱ្យ​បង​ជួយ ឱ្យ​អត់​ទាំង​អស់​គ្នា ទុក​ព្រៃ​នោះ​ឱ្យ​ត្រី​ពង​កូន​សារ​ឡើង​វិញ។ តំបន់​ព្រៃ​លិច​ទឹក ក្រៅ​ពី​លិច​ទឹក ក៏​ប្រជាជន​ច្រូត​ស្បូវ កាប់​អុស​អី​ដុត​ធម្ម​តា បើ​សិន​ជា​គេ​ធ្វើ​ជា​ស្រែ​ប្រាំង​ទៀត យើង​អត់​មាន​ស្បូវ មាន​អី​ច្រូត និង​លក់​ចិញ្ចឹម​ជីវិត​ទេ អត់​មាន​អុស មាន​អី​ដុត​ទេ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ឃុំ​កណ្ដែក និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា គេ​ពុំ​ទាន់​បាន​ដឹង​អំពី​សកម្ម​ភាព​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​នោះ​ទេ។

លោក ព្រិន សាវិន ជា​នាយ​ខ័ណ្ឌ​ជលផល ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេសាប លោក​មិន​បាន​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​រឿង​នោះ​យ៉ាង​ណា​ទេ ដោយ​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​លោក ខាំ លឿ ជា​មេឃុំ​កណ្ដែក បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ទទួល​ព័ត៌មាន​នោះ​ថា មាន​សកម្មភាព​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក តាំង​តែ​ពី​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣​ម្ល៉េះ។

ក៏​ប៉ុន្តែ អាជ្ញាធរ​ឃុំ​មិន​អាច​រារាំង​សកម្មភាព​នោះ​បាន​ទេ ដោយ​សារ​តែ​ក្រុម​អ្នក​ឈូស​ព្រៃ​ទាំង​នោះ អះអាង​ថា ដី​តំបន់​នោះ គឺ​ជា​អតីត​ដី​ស្រែ ស្រូវ​ឡើ​ង​ទឹក​របស់​ជីដូន​ជីតា​ពួក​គេ។ លោក​មេ​ឃុំ អះអាង​ថា បើ​តាម​លោក​ដឹង តំបន់​នោះ​ធ្លាប់​ជា​ដី​ស្រែ ស្រូវ​ឡើង​ទឹក នៅ​អំឡុង​ឆ្នាំ​១៩៦០។

លោក ខាំ លឿ៖ «ជម្រាប​ប្អូន​ថា កន្លែង​នោះ​ជា​កន្លែង​ស្រែ​ស្រូវ​វា។ ខ្ញុំ​កើត​មក ខ្ញុំ​ឃើញ​តែ​ស្រែ​ស្រូវ​វា​ដែរ។ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដំណឹង​ផង ប៉ុន្តែ​លើក​មុន​ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ទៅ​ខេត្ត ទៅ​ស្រុក​រួច​ហើយ តែ​គេ​ចែក​គ្នា​បាន​៨​ម៉ែត្រៗ​ម្នាក់ ក៏​មិន​ដឹង​និយាយ​ថា​ម៉េច ព្រោះ​គេ​អះអាង​ថា​ជា​ដី​ស្រែ​ស្រូវ​វា ពី​ដូន​តា​គេ ខ្ញុំ​ក៏​មិន​ហ៊ាន​និយាយ។ ធម្មតា​នៅ​ភូមិ ស្រុក ជាមួយ​គ្នា​វា​ជៀស​មិន​ផុត​ពី​សាច់ញាតិ​ទេ តែ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ឈ្មោះ​ណា​ដែរ»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​ខ្លះ​បាន​បង្ហើប​ថា ក្រុម​អ្នក​ដែល​បាន​ជញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃ​នោះ​ខ្លះ គឺ​ជា​សាច់ញាតិ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​មេឃុំ​កណ្ដែក ដោយ​ពួក​គេ​ស្គាល់​មុខ និង​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស់ ហើយ​គេ​អាច​សហការ និង​ប្រាប់​ឈ្មោះ​អ្នក​ទាំង​នោះ​បាន ប្រសិន​បើ​អាជ្ញាធរ​ពិត​ជា​ចង់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​មែន​នោះ។

លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា កន្លង​ទៅ គឺ​រូប​លោក​បាន​ចុះ​ទៅ​ដល់​តំបន់​ទំនប់​៧៨ ក្នុង​ឃុំ​កណ្ដែក នោះ​ដែរ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​ស្នើ​សុំ​ធ្វើ​ទំនប់​បង្ហូរ​ទឹក​ទីនោះ។ ក៏ប៉ុន្តែ មិន​មាន​អាជ្ញាធរ​ណា​មួយ បាន​ប្រាប់​លោក​ឱ្យ​ដឹង​ថា នៅ​តំបន់​អក​ស មាន​ការ​បញ្ជូន​គ្រឿង​ចក្រ​ទៅ​លួច​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក​ឡើយ។ លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ការ​សាក​សួរ​ទៅ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង អំពី​រឿង​នេះ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​កណ្ដែក បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​លួច​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក បាន​ប្រើ​គ្រឿង​ចក្រ​លើក​ធ្វើ​ជា​ទំនប់​ថ្មី​មួយ​នៅ​តំបន់​អក​ស​នោះ ហើយ​បាន​ដើរ​បោះ​បង្គោល​ក្បាល​ដី​ទំហំ​ប្រមាណ ៨​ម៉ែត្រ និង​ជម្រៅ​មិន​ទាន់​ច្បាស់​លាស់ ដើម្បី​ចែក​ទៅ​ឱ្យ​ក្រុម​អ្នក​ភូមិ​ប្រមាណ ៣០០​នាក់ ចាប់​ផ្ដើម​ធ្វើ​ជា​វាល​ស្រែ​ប្រាំង​ថ្មី នៅ​ក្នុង​ទឹក​ដី​នៃ​តំបន់​ទី​២ ដែល​កំណត់​ការពារ​ដោយ​អាជ្ញាធរ​បឹង​ទន្លេសាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល