អ្នករស់នៅផ្នែកខាងត្បូងស្ទឹងអន្លង់ក្មេងលេង ក្នុងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ច្រើនគ្រួសារ មិនពេញចិត្តចំពោះការរៀបចំភូមិ ឃុំ របស់អាជ្ញាធរខេត្តឡើយ។
បុរសវ័យ ៧៧ឆ្នាំ នៅភូមិតេជោអន្លង់ក្មេងលេង ផ្នែកខាងត្បូងស្ទឹង សុំមិនប្រាប់ឈ្មោះ អះអាងនៅថ្ងៃ១១ ខែកញ្ញា ថា អាជ្ញាធរខេត្តប្រជុំកាលពីថ្ងៃចន្ទ ទី១០ កញ្ញា ថាដីគាត់កំពុងរស់នៅ និងដាំដំណាំជាដីសង្គមកិច្ចរបស់រដ្ឋ។ អាជ្ញាធរនឹងវាស់វែងបែងចែកដីជាថ្មី ដើម្បីឲ្យទៅជាដីស្របច្បាប់។ គម្រោងរបស់អាជ្ញាធរ គឺក្នុងមួយគ្រួសារនឹងទទួលបានក្បាលដី ៣០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ។
បុរសនោះនិយាយថា ដីគាត់ទំហំ ១ហិកតារ បានសង់ផ្ទះ និងដាំដំណាំ មានស្វាយ ខ្នុរ ត្របែក ក្រូច ដំឡូង ជាដើម តាំងពីឆ្នាំ២០០៦ មក បើមានការរៀបចំឡើងវិញ ដីគាត់អាចនឹងរួញកាន់តែតូច៖ «ខ្ញុំអត់សុខចិត្តទេ ត្បិតអីដំណាំខ្ញុំមានបានហូបអស់ហើយ»។
ស្រីម្នាក់ទៀតសុំមិនប្រាប់ឈ្មោះអះអាងថា គោលការណ៍ពីនាយករដ្ឋមន្ត្រីប្រកាសថា បើដីពលរដ្ឋកាប់គាស់ដាំដំណាំបានប៉ុណ្ណា សុំឲ្យយុវជនស្ម័គ្រចិត្តវាស់ដីឲ្យពលរដ្ឋប៉ុណ្ណោះ។ ប៉ុន្តែបើតាមការប្រជុំរបស់អាជ្ញាធរខេត្ត ស្រុក កាលពីថ្ងៃចន្ទ សុំបែងចែកដីឡើងវិញ គាត់មិនយល់ព្រមទេ៖ «ប៉ុន្តែគេអត់មានលើកយកគោលការណ៍របស់សម្ដេចតេជោទេ គេវាស់ឲ្យក្បាល ៣០ ជម្រៅ ១០០។ ពួកខ្ញុំទាំងអស់គ្នាអត់យល់ព្រមទេ»។
លោក សុខ ស៊ីណា ពលរដ្ឋនៅខាងត្បូងស្ទឹងអន្លង់ក្មេងលេង សុំឲ្យក្រុមនិស្សិតវាស់ដីគាត់ដែលមានទំហំ ៧០អារ ឲ្យត្រូវតាមប្រសាសន៍នាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបគាត់សុខចិត្ត៖ «ដីដែលខ្ញុំមានផ្ទៃដីប៉ុន្មាន ខ្ញុំសុំតែដីខ្ញុំប៉ុណ្ណឹងទេ ខ្ញុំមិនចង់មានការរៀបចំទៅទៀតទេ»។
ពាក់ព័ន្ធនឹងក្តីកង្វល់រួញដីរបស់អ្នកភូមិ លោក ទឹម ហុង មេភូមិតេជោអន្លង់ក្មេងលេង ថ្លែងថា អ្នកភូមិនេះរស់នៅរកេតរកូតតាំងពីឆ្នាំ១៩៩៦។ នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១១ រដ្ឋាភិបាលទើបតែទទួលស្គាល់ជាភូមិស្របច្បាប់។ ភូមិតេជោអន្លង់ក្មេងលេង កើតចេញពីភូមិចំនួន ៣ មានពលរដ្ឋរស់នៅជាង ៧០០គ្រួសារ។ បច្ចុប្បន្នអ្នកនៅខាងត្បូងស្ទឹងអន្លង់ក្មេងលេង ជាង ២០០គ្រួសារ អាជ្ញាធរនិងក្រុមយុវជនស្ម័គចិត្ត មិនទាន់វាស់ទំហំដីច្បាស់លាស់ទេ។
លោកថា អាជ្ញាធរប្រជុំកាលពីថ្ងៃចន្ទ គឺជម្រាបអ្នកភូមិឲ្យទៅរស់នៅអមផ្លូវដែលរៀបចំកសាងផ្លូវក្នុងពេលឆាប់ៗ មានទទឹង ១៥ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ។ លោកថា ចំពោះការបែងចែកដីវិញ អាជ្ញាធរមានបំណងគិតពីចំនួនមនុស្សក្នុងគ្រួសារមួយៗ៖ «ខាងត្បូងស្ទឹងនឹងមាន ២៧០គ្រួសារ។ ការរៀបចំយើងមាន ២ផ្នែក តំបន់ខាងត្បូង ទី១ ដីលំនៅឋាន ទី២ ដីកសិកម្ម។ រៀបចំជូនគាត់មិនក្រោមពី១ហិកតារកន្លះទេ»។
ជំទប់ទី២ ឃុំតេជោអភិវឌ្ឍន៍ លោក ជន យី ថ្លែងថា ឃុំតេជោអភិវឌ្ឍន៍ រដ្ឋាភិបាលប្រកាសទទួលស្គាល់នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីក្រសួងមហាផ្ទៃ បង្កើតភូមិចំនួន៦។ ក្នុង៦ភូមិនោះ មានភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោអង្កាញ់ ភូមិតេជោជ្រៃបាក់ ភូមិតេជោអន្លង់ក្បាលដំរី ភូមិតេជោអន្លង់ក្មេងលេង និងភូមិតេជោពង្រក។ លោកថា ក្រុមយុវជនស្ម័គ្រចិត្តមិនទាន់វាស់ដីជូនពលរដ្ឋក្នុងភូមិតេជោអន្លង់ក្មេងលេង ខាងត្បូងស្ទឹងទេ។
អភិបាលស្រុកឈូក លោក ខឹម ហម ជាប់ប្រជុំ មិនអាចជម្រាបសួរបានទេ នៅថ្ងៃ១១ ខែកញ្ញា។ ប៉ុន្តែក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា បញ្ជាក់ថា អាជ្ញាធរពិតជានឹងប្រមូលពលរដ្ឋឲ្យទៅរស់នៅប្រមូលផ្តុំ ដើម្បីរៀបចំសណ្ដាប់ធ្នាប់មែន ប៉ុន្តែលោកមិនគាំទ្រការយកដីពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល ដកទៅជាដីសង្គមកិច្ចទេ។ បញ្ហានេះនឹងលើកឡើងក្នុងកិច្ចប្រជុំរបស់សាលាស្រុកនៅថ្ងៃ១២ ខែកញ្ញា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។