អ្នក​ភូមិ​ដែល​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ស៊ីអាយវី ទៅ​ផ្ទៀងផ្ទាត់​ទំហំ​ដី​របស់​ខ្លួន

អ្នក​ភូមិ​ចំនួន​៣​ភូមិ ក្នុង​ឃុំ​២ធ្នូ និង​ឃុំ​ស្រែចារ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស៊ី.អាយ.វី (CIV) បាន​នាំ​គ្នា​មក​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ផែនទី​ដែល​បង្ហាញ​ពី​ប្លង់​ដី និង​គល់​បញ្ជី​ផ្ទៃដី​អ្នក​ភូមិ ក្រោយ​ពី​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​នៅ​តំបន់​ជម្លោះ​រួច​មក។
ដោយ ទេព សុរ៉ាវី
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ជា​លើក​ដំបូង​នៅ​ខេត្ត​ក្រចេះ ដែល​អាជ្ញាធរ​បាន​បិទ​ផ្សាយ​ទិន្នន័យ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​លទ្ធផល បន្ទាប់​ពី​ក្រុម​និស្សិត​បាន​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រយៈពេល​ជាង​១ខែ​រួច​មក។ ការ​បិទ​ផ្សាយ​នោះ មាន​ចំនួន​២​កន្លែង ក្នុង​ឃុំ​ស្រែចារ ដោយ​ជ្រើសរើស​យក​ផ្ទះ​អ្នក​ភូមិ ដែល​ក្រុម​និស្សិត​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ជា​ស្នាក់​ការ​នៃ​ការ​បិទ​ផ្សាយ​នូវ​ព័ត៌មាន​ទាំង​នោះ ដោយ​មួយ​កន្លែង​សម្រាប់​អ្នក​ភូមិ​ថ្ម​ហាល​ដី​ក្រហម ក្នុង​ឃុំ​២ធ្នូ និង​មួយ​កន្លែង​ទៀត បិទ​ផ្សាយ​សម្រាប់​អ្នក​ភូមិ​មានជ័យ និង​ភូមិ​ក្បាល​ត្រាច ក្នុង​ឃុំ​ស្រែចារ។

លោក ជាតិ វិចិត្រ អ្នក​ភូមិ​មានជ័យ ក្នុង​ឃុំ​ស្រែចារ ដែល​មាន​ដី​ចម្ការ​នៅ​ឃុំ​២ធ្នូ ឲ្យ​ដឹង​ថា គាត់​មាន​ដី​ទំហំ​១ហិកតារ​កន្លះ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ី.អាយ.វី ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ លោក​ថា កាល​ពី​ខែ​មុន ក្រុម​និស្សិត​បាន​ចុះ​វាស់វែង​ដីធ្លី​ជូន​អ្នក​ភូមិ​នៅ​តំបន់​ទំនាស់​នោះ ហើយ​ថ្ងៃ​ទី​៧ ខែ​សីហា ក្រុម​និស្សិត និង​អាជ្ញាធរ ក៏​បាន​ប្រកាស​ឲ្យ​អ្នក​ភូមិ​ចុះ​មក​ផ្ទៀងផ្ទាត់​ឯកសារ​វិនិច្ឆ័យ ដែល​ពួក​គាត់​ចុះ​វាស់វែង ក្រែង​មាន​ការ​ខុស​ឆ្គង នឹង​អាល​ប្ដឹង​ជំទាស់ ឬ​សុំ​ការ​កែ​តម្រូវ​នូវ​ប្រការ​ណា​មួយ។

លោក​បន្ត​ថា ក្រោយ​ពី​ផ្ទៀងផ្ទាត់​រួច គាត់​ឃើញ​ផ្ទៃដី​ដែល​គាត់​គ្រប់គ្រង និង​ទិន្នន័យ​ដែល​ក្រុម​និស្សិត​ចុះ​វាស់វែង មាន​ចំនួន​ដូច​គ្នា ហើយ​លោក​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​អ្នក​ភូមិ ហើយ​ក្រុមហ៊ុន​ស៊ី.អាយ.វី ដែល​ធ្លាប់​តែ​គម្រាម​បាញ់​សម្លាប់​អ្នក​ភូមិ​រឿង​ទំនាស់​ដីធ្លី លែង​មាន​សិទ្ធិ​ធ្វើ​បាប​អ្នក​ភូមិ​ត​ទៅ​ទៀត៖ «កាល​ពី​មុន​មក មាន​ក្រុមហ៊ុន​បាញ់​បោះ ហើយ​វា​ដុត​រោង​ចម្ការ ផ្ទះ​នៅ​ចម្ការ​អី វា​ដុត​សព្វ​គ្រប់​អស់​តែ​ទាំង​អស់​ហ្នឹង។ ហើយ​វា​បាញ់​បោះ​គម្រាម​បាញ់​សុទ្ធ​តែ​ប្រឡោះ​ជើង​យាយៗ ប្រឡោះ​ជើង​ឲ្យ​តែ​អ្នក​ណា​ចូល ក្បាល​ពួក​ហ្អែង ពួក​ងែង ក្បាល​ងែង​មួយ​ស្អី​អញ​បង់​តែ​មួយ​ពាន់​ដុល្លារ ពីរ​ពាន់​ដុល្លារ​អី​ទេ វា​ថា​អ៊ីចឹង វា​មិន​ដែល​ខ្លាច​នរណា​ទេ។ សង្ឃឹម​ថា​គាត់​នឹង​ចេញ​ប្លង់​ពិត​ប្រាកដ​មែន»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ មែន អាន នៅ​ភូមិ​មានជ័យ ឃុំ​ស្រែចារ ឲ្យ​ដឹង​ថា លោក​មាន​ដី​ចម្ការ​ចំនួន​៥ហិកតារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ី.អាយ.វី ។ លោក​បាន​មក​ផ្ទៀងផ្ទាត់​នូវ​ឯកសារ និង​ពិនិត្យ​មើល​បញ្ជី​ផែនទី​ប្លង់​ដី ដែល​មាន​បិទ​ផ្សាយ​ដោយ​ក្រុម​និស្សិត និង​មន្ត្រី​សុរិយោ​ដី ហើយ​វា​ស៊ី​គ្នា​នឹង​ឯកសារ​ដែល​លោក​កំពុង​មាន និង​សាក្សី​ដែល​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ដី​ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​រំលោភ​បំពាន​ចំនួន​៥ហិកតារ​ពិត​មែន៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​នេះ ខ្ញុំ​សង្ឃឹម​ថា​ដី​ប្រាកដ​ជា​មក​បាន​ប្រជាពលរដ្ឋ និង​រូប​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​សង្ឃឹម​១០០%​តែ​ម្តង។ ការ​គម្រាម​កំហែង​ក៏​គ្មាន​ដែរ​ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ ពេល​ហ្នឹង​ទៅ»

លោក ម៉ម ឌីណេ សមាជិក​ក្រុម​ការងារ​៥ នៃ​ការ​ចុះ​វាស់វែង​ដីធ្លី និង​ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្នួល នៃ​មន្ទីរ​ដែនដី នគរូបនីយកម្ម ឲ្យ​ដឹង​ថា ការ​បិទ​ផ្សាយ​នេះ​មាន​រយៈពេល​១ខែ ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ សម្រាប់​ឲ្យ​អ្នក​ភូមិ​ដែល​ក្រុម​ការងារ​ចុះ​វាស់វែង​ដី​ហើយ មក​ផ្ទៀងផ្ទាត់។ លោក​បន្ត​ថា ក្នុង​លក្ខខណ្ឌ​មាន​ការ​ខុស​ឆ្គង​ភូមិ-ឃុំ ឈ្មោះ​ណា​មួយ អ្នក​ភូមិ​អាច​ដាក់​ពាក្យ​សុំ​កែ​តម្រូវ​បាន ហើយ​ប្រសិន​បើ​ខុស​ប្លង់ដី ឬ​គំនូស​ផែនទី ក្រុម​ការងារ​និស្សិត​ចុះ​វាស់វែង​ដីធ្លី​នឹង​ចុះ​វាស់វែង​ម្តង​ទៀត៖ «ការពារ​ក្រែង​ថា ដី​គាត់​វា​បាត់ ឬ​ក៏​វា​អត់​មាន។ គាត់​មក​មើល​ទៅ​ឃើញ​ថា​គាត់​វា​មាន​ឈ្មោះ ហើយ​វា​មាន​ផែនទី​ដី​នៅ​លើ​របស់​គាត់​មែន អ៊ីចឹង គ្រាន់​គាត់​ទៅ​ផ្ដិត​មេដៃ​ថា​គាត់​បាន​មក​មើល និង​បាន​វាស់វែង​ពិត​ប្រាកដ​មែន»

លោក ម៉ម ឌីណេ បញ្ជាក់​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ភូមិ​ចំនួន​៣​ភូមិ​នោះ មាន​ចំនួន​៩៣៣​ក្បាល​ដី ស្មើ​នឹង​ផ្ទៃដី​១.៥៨០​ហិកតារ។

តាម​ទិន្នន័យ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​បង្ហាញ​ថា ដី​១ពាន់​ហិកតារ​ដែល​ក្រុមហ៊ុន​ស៊ី.អាយ.វី ទទួល​បាន​ពី​រដ្ឋ​នោះ នៅ​សល់​តែ​១១០,៦៥​ហិកតារ​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​ជូន​អ្នក​ភូមិ​រួច។ មន្ត្រី​សុរិយោ​ដី​បញ្ជាក់​ថា ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បញ្ចប់​នៅ​ខែ​ក្រោយ​នោះ អាជ្ញាធរ​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បឋម​ជូន​អ្នក​ភូមិ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល