ជនជាតិ​ដើម​ភាគ​តិច​មិន​អនុញ្ញាត​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​វាស់​ដី​ជា​កម្មសិទ្ធិ​ឯកជន

នៅ​ឯ​ឃុំ​ប្រមេ នៃ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក្រុម​ជនជាតិ​ភាគ​តិច​កួយ ជាច្រើន​រយ​គ្រួសារ បែរ​ជា​បដិសេធ​មិន​ឱ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ធ្វើ​ការ​វាស់វែង​ដី​ជា​លក្ខណៈ​កម្មសិទ្ធិ​ឯកជន​ឱ្យ​ពួក​គេ​ទៅ​វិញ។
ដោយ ហង្ស សាវយុត
2012-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តើ​មូល​ហេតុ​អ្វី​ខ្លះ ដែល​ក្រុម​ជនជាតិ​ភាគ​តិច​កួយ ព្យាយាម​បដិសេធ​មិន​ឱ្យ​មាន​ការ​វាស់វែង​ដី ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​សម្រាប់​ពួក​គេ​នោះ?

ក្រុម​ជនជាតិ​កួយ​ប្រមាណ​៥០០​គ្រួសារ នៅ​ក្នុង​ឃុំ​ប្រមេ បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​រៀបចំ​ឯកសារ​មួយ​ចំនួន ដូច​ជា​ស្វ័យ​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​លក្ខន្តិកៈ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ចុះ​បញ្ជី​ឱ្យ​ក្លាយ​ទៅ​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ក្នុង​បំណង​ចង់​ឱ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល ធ្វើ​ការ​វាស់វែង​ដីធ្លី ដោយ​ដាក់​បញ្ចូល​ប្លង់​ទៅ​ក្នុង​កម្មសិទ្ធិ​សមូហភាព នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​តែ​មួយ​ក្នុង​តំបន់​ពួក​គេ​រស់នៅ​ទាំង​មូល។

កាល​ពី​ពេល​ថ្មីៗ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​តាម​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ប្រមេ បាន​បដិសេធ​មិន​ឱ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​អាច​វាស់វែង​ដីធ្លី ដើម្បី​រៀបចំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឯកជន​ជូន​ពួក​គេ​នោះ​ទេ។

ការ​បដិសេធ​នោះ ដោយ​សារ​តែ​ពួក​គេ​ភ័យ​ខ្លាច​បាត់​បង់​ដី​កសិកម្ម ដី​ប្រពៃណី ដី​ជំនឿ និង​ដី​តំណម​ជាដើម ដោយ​សារ​តែ​ខ្លាច​អ្នក​ផ្សេង​អាច​នឹង​ទៅ​ដណ្ដើម​យក​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​ពេល​ណា​មួយ។

ស្ត្រី​ឈ្មោះ រឿង ខាន់ គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់ រស់នៅ​ក្នុង​ឃុំ​ប្រមេ នៃ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចង់​បាន​ការ​វាស់វែង​ដីធ្លី ហើយ​រៀបចំ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​មក​ឱ្យ​គាត់​នោះ​ទេ។ ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា គាត់​ចង់​បាន​ការ​វាស់វែង​ដីធ្លី ហើយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​វិញ។

ការ​ធ្វើ​បែប​នេះ គឺ​វា​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​មក​ឱ្យ​ពួក​គាត់​ច្រើន​ជាង រួម​ជាមួយ​នឹង​ការ​អាច​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ឃុំ​របស់​គាត់​បាន​ទៀត​ផង៖ «បើ​សិន​ជា​វាស់​ជា​ឯកជន មិន​អាច​ការពារ​បាន​ទេ ពីព្រោះ​សព្វ​ថ្ងៃ​នេះ មាន​អនាធិបតេយ្យ​ច្រើន​ណាស់។ ចង់​បាន​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច វាស់​ជា​ដី​សមូហភាព​ទាំង​អស់​នៅ​ឃុំ​នេះ ក៏​សម្រាប់​បង​ប្អូន​ធ្វើ​ការ សម្រាប់​កូន​ចៅ​ត​ទៅ​មុខ»

លោក ឈឹម សាមុត គឺ​ជា​សកម្មជន​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រចាំ​ឃុំ​ប្រមេ បាន​គាំទ្រ​ទៅ​លើ​គោល​គំនិត​ដែល​ចង់​ឱ្យ​មាន​ការ​វាស់វែង​ដីធ្លី និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជា​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​កំពុង​មាន​ការ​ពិបាក​ការពារ​ដីធ្លី ដែល​អ្នក​ភូមិ​ធ្លាប់​ប្រើប្រាស់​ជា​យូរ​មក​ហើយ។ តំណាង​ជនជាតិ​ដើម​ភាគ​តិច​ដដែល បាន​មាន​ប្រសាសន៍​ទៀត​ថា ពេល​បច្ចុប្បន្ន ដី​នៅ​ជុំវិញ​តំបន់​ពួក​គាត់​រស់នៅ គឺ​មាន​ក្រុមហ៊ុន​ឯកជន​ចិន​មួយ​បាន​ចុះ​ទៅ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទី​នោះ ហើយ​ប្រសិន​បើ​ជនជាតិ​ភាគ​តិច​សុខ​ចិត្ត​វាស់វែង​ដីធ្លី​ធ្វើ​កម្មសិទ្ធិ​ឯកជន គឺ​តំបន់​នោះ​​នឹង​ត្រូវ​ស្ថិត​ក្នុង​ប្លង់​នៃ​រូបមន្ត​ស្បែក​ខ្លា។

កាល​ណា​ស្ថិត​នៅ​ក្នុង​ប្លង់​នៃ​រូបមន្ត​ស្បែ​ក​ខ្លា វា​នឹង​អាច​មាន​ការ​គំរាម​កំហែង​ច្រើន​មក​លើ​កម្មសិទ្ធិ​ឯកជន​ក្រុម​ជនជាតិ​ភាគ​តិច​របស់​គាត់៖ «យើង​លំបាក​មែន​ទែន​ក្នុង​ការ​ក្លាយ​ទៅ​ជា​តំបន់​ស្បែក​ខ្លា។ អ៊ីចឹង គាត់​អត់​ចង់​ទេ ណា​មួយ​បើ​សិន​ជា​យើង​ចុះ​ជា​សមូហភាព តាម​ច្បាប់​ភូមិបាល តាម​អនុក្រឹត្យ​នោះ គឺ​អាច​សល់​ដី​បម្រុង​ទុក​ផង ដី​ប្រើប្រាស់​ជាក់ស្ដែង​ក៏​យើង​មាន ហើយ​យើង​បាន​ដី​ប្រពៃណី ដី​ជំនឿ ដី​តំណម​អី​ហ្នឹង​ដែរ។ អានេះ​បើ​សិន​ជា​យើង​ចុះ​បែប​ហ្នឹង យើង​អត់​ស្ថិត​នៅ​ក្នុង​ប្លង់​ស្បែក​ខ្លា​របស់​ក្រុមហ៊ុន​ទេ»

អាជ្ញាធរ​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ថា គេ​កំពុង​បើក​ទូលាយ​ឱ្យ​ក្រុម​ជនជាតិ​ភាគ​តិច​ទាំង​នោះ ប្រើ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​នីតិវិធី​នៃ​ការ​វាស់វែង​ដីធ្លី និង​ធ្វើ​កម្មសិទ្ធិ។

លោក ប៉ាង យាត ជា​អភិបាល​ស្រុក​ត្បែងមានជ័យ បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​មាន​ក្រុម​ជនជាតិ​ភាគ​តិច​កួយ​ប្រមាណ​ជា​១០០​គ្រួសារ នៅ​ឃុំ​ប្រមេ បាន​ឱ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​ធ្វើ​ការ​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ឱ្យ​ពួក​គេ ក៏​ប៉ុន្តែ​បន្ទាប់​មក មាន​ក្រុម​ជនជាតិ​ភាគ​តិច​ជា​ច្រើន បាន​ជំទាស់​ទៅ​លើ​សកម្មភាព​វាស់វែង​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​នោះ ហើយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​ឃុំ​ប្រមេ។

អភិបាល​ស្រុក​ដដែល បាន​មាន​ប្រសាសន៍​ថា លោក​បាន​ព្យាយាម​ពន្យល់​អំពី​ផល​វិបាក​នៃ​ការ​ធ្វើ​ប្លង់​ដី​កម្មសិទ្ធិ​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នោះ គឺ​នៅ​ពេល​ណា​ដែល​ឯកជន​ត្រូវ​ការ​ប្រើប្រាស់​ម្នាក់ៗ វា​មិន​អាច​ប្រើ​បាន​ទេ ព្រោះ​ប័ណ្ណ​ជា​កម្មសិទ្ធិ​សមូហភាព ហើយ​ពេល​ឯកជន​ត្រូវ​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ ដោយ​យក​ប្លង់​ទៅ​បញ្ចាំ ឬ​ក៏​ចង់​លក់​ដូរ​ជាដើម ក៏​អត់​បាន​ដែរ៖ «អាជ្ញាធរ​មិន​ជំទាស់​ទេ បើ​គាត់​យក​សហគមន៍ ក៏​ជួយ​ខាង​សហគមន៍​ទៅ។ ប៉ុន្តែ​គ្រាន់​ថា បើ​ធ្វើ​ប្លង់​សហគមន៍ ចាំ​ពេល​ពួក​គាត់​មាន​ច្បាប់​សិន បាន​យើង​រៀបចំ​វាស់​ជូន​គាត់។ ហើយ​បើ​សិន​ជា​គាត់​ចង់​បាន​ឯកជន ក៏​វាស់​ជូន​គាត់​ឯកជន​ទៅ ព្រោះ​យើង​មិន​អាច​បង្ខំ​គាត់​ទៅ​ខាង​ច្រក​ណា​ទេ»

កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ ឧត្តម​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ និង​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ដីធ្លី បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ឱ្យ​ការ​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ត្រូវ​ចាប់​អារម្មណ៍​ទៅ​លើ​តំបន់​ដែល​មាន​ជនជាតិ​ភាគ​តិច​កំពុង​រស់នៅ គឺ​ត្រូវ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​សមូហភាព​ឱ្យ ប្រសិន​បើ​មាន​ការ​ស្នើសុំ បើ​ទោះ​បី​ជា​សហគមន៍​ជនជាតិ​ភាគ​តិច​នោះ​កំពុង​ដំណើរ​ការ​សុំ​ចុះ​បញ្ជី​សហគមន៍ នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​នីតិបុគ្គល​ក៏ដោយ។

លោក ឡោ ច័ន្ទ អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ក្រុម​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេ ដែល​ចង់​បាន​ការ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​ជា​សមូហភាព​នោះ៖ «ជនជាតិ​ភាគ​តិច​កួយ គាត់​ធ្វើ​អ៊ីចឹង ជា​រឿង​មួយ​ដ៏​ល្អ ពីព្រោះ​អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់។ គាត់​ចង់​ចុះ​ជា​លក្ខណៈ​ឯកជន​ក៏​បាន គាត់​ចង់​ដាក់​លក្ខណៈ​ជា​សមូហភាព​នៅ​ក្នុង​សហគមន៍​របស់​គាត់​ក៏​បាន»

លោក គិត ទូច ជា​មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់ នៃ​គំរោង​ច្បាប់​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ ស៊ី.អិល.អ៊ី.ស៊ី (CLEC) បាន​មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគ​តិច អាច​ចុះ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​សមូហភាព​បាន ប្រសិន​បើ​គេ​មាន​សំណុំ​រឿង​ជា​នីតិបុគ្គល សំណុំ​រឿង​ខាង​កំណត់​អត្តសញ្ញាណកម្ម និង​លក្ខន្តិកៈ​ដើម្បី​គ្រប់គ្រង​សហគមន៍ បញ្ជូន​ទៅ​រដ្ឋាភិបាល​អស់​ហើយ​នោះ។

ក៏​ប៉ុន្តែ ចំពោះ​ក្រុម​ជនជាតិ​ភាគ​តិច​ខ្លះ​ដែល​មិន​ទាន់​បាន​រៀបចំ​ឯកសារ​នីតិបុគ្គល និង​លក្ខន្តិកៈ ដើម្បី​ឱ្យ​ពេញ​លេញ​ជា​រចនា​សម្ព័ន្ធ​ចាត់​តាំង​ជា​សហគមន៍ សម្រាប់​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​នៅ​ឡើយ​ក៏​ដោយ ក៏​មិន​មែន​មាន​ន័យ​ថា ត្រូវ​បាត់​ឱកាស​នោះ​ទេ គឺ​គ្រាន់​តែ​ត្រូវ​បំពេញ​លក្ខខ័ណ្ឌ​ផ្សេងៗ ដើម្បី​តម្រូវ​តាម​គោលការណ៍​ច្បាប់ ឱ្យ​មាន​ការ​ទទួល​ស្គាល់​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំបាទសូមអោយបុគ្គលិកអាស៊ីសេរីកែលំអពាក្យថា ជនជាតិដើមភាគតិចទៅជាជនជាតិភាគតិចរស់នៅប្រទេសកម្ពុជាពីព្រោះអីខ្ញុំថា យ៉ាងនោះ វាដោយសារតែប្រទេសខែ្មរមិនមែនជាទឹកដីជនជាតិណាទេ មិនត្រូវប្រពាក្យថាជនជាតិដើមជាដាច់ខាត ។សូមលោកពិចារណាចុះប្រទេសវៀតណាម ៥៤ ជនជាតិតែគ្មានជនជាដើមទេ សូម្បីតែខែ្មរក្រោមជាម្ចាស់ទឹកដីក៍មិនបានដែរ ។​សូមអរគុណ ពីខ្ញុំបាទ សុរិយា ថាច់

Aug 10, 2012 10:33 PM