ការចេញដីកានេះ បានធ្វើឲ្យមានប្រតិកម្មពីក្រុមអ្នកភូមិដែលកំពុងកាន់កាប់បង្កបង្កើនផលនៅលើដីនោះអស់រយៈពេលជាច្រើនឆ្នាំមក។ ជាមួយគ្នានេះពួកគាត់បានលើកគ្នាមកតវ៉ាសុំឲ្យអាជ្ញាធរខេត្តបាត់ដំបង ជួយដោះស្រាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា។
ប្រជាពលរដ្ឋជិត ២០០នាក់ មកពីភូមិចំនួនពីរ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកគ្នាមកតវ៉ាប្រឆាំងជំទាស់ទៅនឹងដីការក្សាការពាររបស់តុលាការខេត្តបាត់ដំបង ដែលបានសម្រេចប្រគល់ដីជាង ៦០០ហិកតារឲ្យទៅបុគ្គលបីនាក់។ ការចេញដីកានេះបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅបង្កបង្កើនផលនៅលើដីជាង ៥៦៣ហិកតារតាំងពីឆ្នាំ២០០៥។
លោក ឈុត ម៉ៅ អាយុ ៦៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅភូមិបឹងពីរ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ លោកបានថ្លែងថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ លោក សាអឿន កោសល្យមុនី ចៅក្រមតុលាការខេត្តបាត់ដំបង បានចេញដីការក្សាការពារចំនួន ៣ច្បាប់ សម្រេចប្រគល់ដីសរុប ៦៣៨ហិកតារទៅឲ្យឈ្មោះ ទន់ ប៊ុនធឿន ឈ្មោះ សង ថន និង ឃុន តែស៊ី អាយុ ៣៨ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចគ្នា។
លោកបានបន្តថា ដីនោះគឺជាដីដែលមានដីកាសម្រេចដកហូតរបស់អាជ្ញាធរខេត្តបាត់ដំបង និង អាជ្ញាធរខេត្តបន្ទាយមានជ័យ ទុកជាសម្បត្តិរដ្ឋតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ប៉ុន្តែលោកចៅក្រមពុំបានពិនិត្យលើករណីនោះទេ។
លោក ឈុត ម៉ៅ៖ «យើងខ្ញុំទាំងអស់គ្នា គឺសុំអោយអភិបាលខេត្តជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ ព្រោះមានលិខិតឯកសារដែលអភិបាលខេត្តដកហូតហើយ ម៉េចក៏តុលាការហ៊ានសម្រេចឲ្យទៅ សង ថន ទៅវិញ ហើយនិង ទន់ ប៊ុនធឿន ប៉ែន កិ ត្រង់ប្រជាពលរដ្ឋដែលខំគ្រប់គ្រងតាំងពីឆ្នាំ២០០៣ មក ដូច្នេះសុំឲ្យលោកអភិបាលខេត្តជួយរកយុត្តិធម៌»។
លោក កែវ សៅ អាយុ ៥៦ឆ្នាំ រស់នៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានថ្លែងថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ខ្លះនៅភូមិបឹងពីរ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងខ្លះទៀតនៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពួកគាត់បានច្រានចោលដីកាសម្រេចរបស់តុលាការខេត្តបាត់ដំបង ហើយសុំរក្សាដីនោះសម្រាប់បង្កបង្កើនផល។
លោក កែវ សៅ៖ «ប្រជាជនទៅថ្ងៃមុខថ្ងៃក្រោយ សុំកុំឲ្យមានបញ្ហាទៅមុខទៀត ធ្វើបានប៉ុន្មានយកប៉ុណ្ណឹងមកវិញ»។
លោក អ៊ិន ប៊ុនម៉ាត់ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង។ លោកបានមានប្រសាសន៍ថា អាជ្ញាធរខេត្តក្រោយពីជួបជាមួយតំណាងអ្នកភូមិហើយ បានអន្តរាគមន៍បញ្ហានេះទៅតុលាការខេត្តបាត់ដំបង។ អាជ្ញាធរខេត្តនឹងបញ្ជូនដីកាហូតដីនៅតំបន់នោះ ឲ្យតុលាការពិនិត្យមើលឡើង។
លោក អ៊ិន ប៊ុនម៉ាត់៖ «លិខិតមួយអមដីកាដកហូតរបស់ខេត្តដែលបានដកហូតដីហ្នឹងទុកជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០០៦ ដាក់ទៅថ្នាក់ជាតិ ដើម្បីសុំគោលការណ៍ថ្នាក់លើ ដើម្បីអនុវត្តព្រោះដីហ្នឹងត្រូវបានរដ្ឋដកហូតហើយ»។
ក្រុមអ្នកភូមិដែលបាននាំគ្នាមកតវ៉ានៅសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២២ ខែមីនា បានវិលត្រឡប់ទៅលំនៅឋានពួកគេវិញហើយ ក្រោយពីអាជ្ញាធរខេត្តបានទទួលយកសំណើពួកគាត់រួចមក។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា សមាគមអាដហុក បានផ្ដល់មេធាវីជួយក្រុមអ្នកភូមិរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការប្ដឹងបដិសេធទៅដីការក្សាការពាររបស់តុលាការខេត្តបាត់ដំបង ព្រោះថា ដីនោះពុំមែនជាដីរបស់បុគ្គលបីនាក់នោះទេ គឺជាដីរបស់រដ្ឋ។ លោកថ្លែងថា កាលពីឆ្នាំ២០០៦ អាជ្ញាធរខេត្តបានចេញដីកាដកដីពីបុគ្គលទាំងបីនាក់នោះមកទុកជាសម្បត្តិរបស់រដ្ឋ តាមបទបញ្ជាលេខ០០១ របស់រដ្ឋាភិបាល ដែលតុលាការមិនគួរមើលរំលងនោះឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
