មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការធ្វើកំណែទម្រង់លើការប្រមូលពន្ធដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគរបស់រដ្ឋាភិបាល ថាគឺជាមធ្យោបាយក្នុងការកៀរគរស្វែងរកសំឡេងគាំទ្រនៅមុនការឆ្នោតជាតិឆ្នាំ២០១៣ មកដល់ ជាជាងឆន្ទៈនយោបាយក្នុងការកែទម្រង់លើប្រព័ន្ធដីធ្លីដែលមានភាពចម្រូងចម្រាសដ៏រ៉ាំរ៉ៃនេះ។
ការរកឃើញរបស់អង្គការសង្គមស៊ីវិលបង្ហាញថា យន្តការដែលរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាគ្រោងនឹងដំណើរការដោយមិនកំណត់ពេលលើការប្រមូលពន្ធនេះ ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកញ្ញា ដែលតម្រូវឲ្យក្រុមហ៊ុនវិនិយោគដែលទទួលបានដីសម្បទានសេដ្ឋកិច្ចត្រូវបង់ថ្លៃជួលដីចំនួន ៥ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយហិកតារ បន្ទាប់ពីមានការវិនិយោគបាន ៦ឆ្នាំ។
លោក សួន ប៊ុនសាក ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា។ លោកមានប្រសាសន៍ថា អ្វីដែលប្រមុខរដ្ឋាភិបាលកំពុងតាក់តែងគោលនយោបាយលើប្រព័ន្ធដីធ្លីនេះ គឺជាផ្នែកមួយក្នុងការទាមទារប្រជាប្រិយភាពនយោបាយនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ ជាជាងឆន្ទៈនយោបាយគ្រប់គ្រងប្រព័ន្ធដីធ្លីមួយដ៏ជាក់លាក់ និងត្រឹមត្រូវ ដែលមានជម្លោះជាង ៣ទសវត្សរ៍មកហើយនេះ។
លោក សួន ប៊ុនសាក៖ «ជាហេតុផលនយោបាយដែរតាមរយៈការបង្ហាញទៅដល់សាធារណជនកម្ពុជា ដើម្បីឲ្យឃើញថា រដ្ឋាភិបាលមិនបាននៅទំនេរអំពីរឿងបញ្ហាដីធ្លីទេ ណាមួយជិតដល់ពេលរដូវបោះឆ្នោតផង រដ្ឋាភិបាលគាត់បង់បង្ហាញពីឆន្ទៈនយោបាយរបស់គាត់ក្នុងការកែទម្រង់នេះ។ សរុបទៅគឺវាពាក់ព័ន្ធទៅនឹងបញ្ហានយោបាយដែរមែនទែនទៅ»។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការយកពន្ធលើដីសម្បទានសេដ្ឋកិច្ច ជារឿងធម្មតាសម្រាប់ប្រទេសជាទូទៅ។ លោកបន្តថា ដំណាក់កាលដំបូង ដីវិនិយោគឲ្យក្រុមហ៊ុននៅមិនទាន់ផ្ដល់ផលចំណេញអ្វីដល់អ្នកវិនិយោគទេ ប៉ុន្តែនៅពេលដំណាក់កាលណាមួយដីវិនិយោគទាំងនោះនឹងផ្ដល់ផលចំណេញឲ្យអ្នកវិនិយោគវិញ ហើយអ្នកវិនិយោគត្រូវបែងចែកផលចំណេញខ្លះមកឲ្យរដ្ឋតាមរយៈការបង់ពន្ធដារលើដីវិនិយោគនេះ។
លោកបន្តថា៖ «ថវិកាជាតិនឹងកើនឡើង ពីព្រោះថា រយៈពេលមួយគេឲ្យថា taxes break តែនៅពេលដែលចប់ពេលវេលាហ្នឹងទៅ សម្បទានហ្នឹងមានកាតព្វកិច្ចបង់ពន្ធភាគរយហើយពន្ធនឹងកើនឡើង។ ហេតុអីក៏កើនឡើង? ព្រោះផលិតផលរបស់ដីដើម្បីរកចំណេញមកជូនអ្នកវិនិយោគ ក៏មានកើនឡើងទៅតាមពេលវេលាដែរ ក្រោយពេលដែលដីនោះធ្វើផលិតកម្មពេញកម្លាំង»។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ លោក ហ៊ុន សែន បានសម្រេចឲ្យក្រុមហ៊ុនវិនិយោគដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ត្រូវបង់ថ្លៃឈ្នួលដីចំនួន ៥ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហិកតារ ចាប់ពីឆ្នាំទី៦ នៃការវិនិយោគដោយមិនរើសអើង បែងចែកប្រភេទដីដែលត្រូវធ្វើផលិតកម្មក្នុងវិស័យកសិកម្ម ឬដីប្រភេទផ្សេងឡើយ។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (Adhoc)។ លោកហាក់ពុំមានជំនឿថា ប្រសិទ្ធភាពនៃយន្តការដែលរដ្ឋាភិបាលគ្រោងនឹងដំណើរការនេះអាចឆ្លើយតបទៅតាមតម្រូវការចាំបាច់ពិតប្រាកដ និងជោគជ័យតាមផែនការនោះទេ ពីព្រោះការប្រឈមបណ្ដាលពីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលតែងមិនទទួលបានដំណោះស្រាយម្ដងណានោះឡើយសម្រាប់ជនរងគ្រោះជាម្ចាស់កម្មសិទ្ធិដីធ្លី។
លោក យី សុខសាន៖ «ប៉ុន្តែធ្វើបានកម្រិតណានេះ គឺយើងមិនទាន់ពិនិត្យឃើញច្បាស់ថា តើលោកត្រូវបានជោគជ័យ ឬមួយក៏សូម្បីតែការផ្ដល់សម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនហ្នឹង ភាគច្រើនគឺក្រុមហ៊ុនមិនបានដោះស្រាយផលប៉ះពាល់ជនប្រជាជនទេ ធ្វើឲ្យមានការរំលោភដីធ្លីហ្នឹងជាច្រើនមកលើប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ថ្លៃឈ្នួលដីចំនួន ៥ដុល្លារសហរដ្ឋអាមេរិកក្នុង១ហិកតារនេះ នឹងត្រូវកើនឡើង ១ភាគរយជារៀងរាល់ឆ្នាំ។ បើទោះជាបែបណា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះ លោក ហ៊ុន សែន មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តប្រមូលពន្ធ ថាអាចចាប់ផ្ដើមឡើងនៅពេលណានោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមគិតថា អ្វីដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់ចំណាត់ការលើប្រព័ន្ធគ្រប់គ្រង និងកែទម្រង់ដីធ្លីក្នុងដំណាក់កាលចុងក្រោយនេះ ដូចជាការចែកប័ណ្ណកម្មសិទ្ធិ ការកំណត់ព្រំប្រទល់ដី និងការទារថ្លៃពន្ធលើដីសម្បទានសេដ្ឋកិច្ច។ មធ្យោបាយនេះ បំណងតែមួយប៉ុណ្ណោះគឺស្តាភាពបរាជ័យឡើងវិញលើគោលនយោបាយគ្រប់គ្រងដីធ្លីដែលរងការរិះគន់ថា មានភាពសកម្ម និងដើម្បីទាញយកសំឡេងឆ្នោតឆ្នាំ២០១៣ ខាងមុខ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ចំអកឡកឡឺយទៅក្រុមអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងដែលតែងរិះគន់លើនយោបាយនេះថា ប្រសិនបើការធ្វើនយោបាយមិនដើម្បីជោគជ័យទេ នោះមានន័យនៅស្ងៀមជាជាងធ្វើ។
បើទោះជាបែបណាសម្រាប់អ្នកជំនាញសេដ្ឋកិច្ចបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអនុវត្តគោលនយោបាយនេះមានប្រសិទ្ធភាព នោះចំណូលដែលបានមកពីវិស័យមួយនេះ អាចនឹងបង្កើនពន្ធចូលរដ្ឋបានច្រើនបន្ថែមទៀត។
អ្នកវិភាគសេដ្ឋកិច្ចលោក ហេង ឌីណា ហៅគោលនយោបាយរបស់រដ្ឋាភិបាលនេះថា គឺការវិវត្តន៍ថ្មីមួយទៀតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ លោកគិតថា ការប្រមូលពន្ធលើមធ្យោបាយដីសម្បទាសេដ្ឋកិច្ចនេះ នឹងមិនមានផលប៉ះពាល់ដល់ការវិនិយោគណាមួយសម្រាប់កម្ពុជា នោះទេ។
លោកចាត់ទុកថា កម្រិតពន្ធដែលត្រូវបង់ចូលរដ្ឋនេះថ្មីត្បិតជាផ្នែកមួយដែលមានចំនួនតិចតួច តែអាចរក្សាបាននូវស្ថិរភាពនយោបាយ និងបង្កើនទំនុកចិត្តបន្ថែមទៀតសម្រាប់អ្នកវិនិយោគនៅកម្ពុជា៖ «បើសិនជាយើងមើលតម្លៃក្នុងទីផ្សារ ៥ដុល្លារក្នុងមួយហិកតារហ្នឹងគឺមានកម្រិតទាប ហើយអ្នកដែលចង់បានដីដើម្បីវិនិយោគនៅមានច្រើន ហើយ ៥ដុល្លារក្នុងមួយហិកតារក្នុងរយៈពេល ៦ឆ្នាំដោយការវិនិយោគហ្នឹង គឺមានលក្ខណៈអំណោយផលច្រើនចំពោះការវិនិយោគ អ៊ីចឹងអាចជាចំណុចវិជ្ជមាន។ ក្នុងន័យហ្នឹងធ្វើគាត់គាត់អើបាន ពីព្រោះដីហ្នឹងត្រូវខិតខំបង្កបង្កើនផលដើម្បីបានចំណូលក្នុងការបង់ពន្ធចូលរដ្ឋ បើគាត់អត់មានការផលិតគាត់ត្រូវខាតច្រើនបើសិនបើអើមានការយកពន្ធអ៊ីចឹង»។
ស្ថិតិក្រុមហ៊ុនវិនិយោគដីសម្បទានដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ បង្ហាញថា មានក្រុមហ៊ុនចំនួន ១១៧ ក្រុមហ៊ុន ដែលវិនិយោគលើផ្ទៃដីចំនួនជាង ១លានហិកតារ (១.១៨១.៥២២ហិកតារ)។ ក៏ប៉ុន្តែរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) រកឃើញថា ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ការវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនមានទំហំច្រើនជាងនេះ។ តួលេខនេះមានចំនួនជាង ២លានហិកតារ ជិតពាក់កណ្ដាលនៃផ្ទៃដីដែលអាចដាំដុះបាននៅទូទាំងប្រទេស។ របាយការណ៍បន្តថា មនុស្សជាង ៤០ម៉ឺននាក់ក្នុងចំណោម ១២ខេត្ត ក្រុង បានរងផលប៉ះពាល់ដោយការវិនិយោគនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។