ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នៅ​ភូមិ​ថ្មគោល ភ្នំពេញ

អាជ្ញាធរ​ដាក់​កម្លាំង​តាម​ឃ្លាំ​មើល​ពលរដ្ឋ​គ្រប់​សកម្មភាព​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។
ដោយ វណ្ណ វិចារ
2012-12-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពេជ្រ លឹមឃួន សិទ្ធិ​មនុស្ស ៣០៥
តំណាង​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា លោក ពេជ្រ លឹមឃួន ថ្លែង​ក្នុង​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ នៅ​ភូមិ​ថ្មគោល រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Van Vicha

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ព្រមាន​ថា​ទង្វើ​តាម​ដាន​គ្រប់​សកម្មភាព​ពលរដ្ឋ​របស់​អាជ្ញាធរ​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ក្រៅ​ពី​បញ្ហា​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​លំនៅឋាន បញ្ឈប់​ការ​បណ្ដេញ​ចេញ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រិះគន់​មន្ត្រី​សមត្ថកិច្ច​ដែល​តែង​តែ​តាម​ឃ្លាំ​មើល​គ្រប់​សកម្មភាព​ពួក​គាត់។ ការ​ថ្លែង​រិះគន់​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី៨ ធ្នូ ខណៈ​ដែល​ពលរដ្ឋ​ជាច្រើន​សហគមន៍​ជួប​ជុំ​គ្នា​នៅ​ភូមិ​ថ្មគោល ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

តំណាង​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា លោក ពេជ្រ លឹមឃួន ថ្លែង​ថា ក្រុម​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា កំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ជាច្រើន​នាក់​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​តាម​ដាន​រាល់​សកម្មភាព​របស់​សកម្មជន​ដីធ្លី។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​គួរ​ណាស់​តែ​អាណិត​អាសូរ​ពលរដ្ឋ មិន​គួរ​ទុក​ពលរដ្ឋ​ជា​សត្រូវ​នោះ​ទេ។

លោក ពេជ្រ លឹមឃួន បញ្ជាក់​ថា លោក​ធ្លាប់​ឮ​ថា​គេ​តាម​ដាន​អ្នក​នយោបាយ ប៉ុន្តែ​ចារកិច្ច​រដ្ឋាភិបាល​បែរ​ជា​ទុក​ពលរដ្ឋ​ដែល​បាត់​បង់​លំនៅឋាន​ជា​ជន​សង្ស័យ​គួរ​ឲ្យ​តាម​ទៅ​វិញ៖ «គ្រប់​រូបភាព គេ​មាន​ឯក​សណ្ឋាន​ខ្លះ ស៊ីវិល​ខ្លះ អីចឹង​ខ្ញុំ​ត្រូវ​តែ​និយាយ និយាយ​ឲ្យ​គេ​ឮ អីចឹង​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​នយោបាយ​អ្វី​ទាំង​អស់ គេ​តាម​ដាន ខ្ញុំ​ចង់​ដឹង​ថា ខ្ញុំ​ហ្នឹង​ពាក់ព័ន្ធ​នយោបាយ ឬ​មាន​អង្គការ​ណា​នៅ​ពី​ក្រោយ​ញុះញង់​ដែរ​ឬ​ទេ»

លោក ពេជ្រ លឹមឃួន បន្ត​ថា លោក​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កុំ​ចាត់​ទុក​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជា​សត្រូវ​ត​ទៅ និង​តាម​ដាន​ពលរដ្ឋ​ទៀត​អី។

នៅ​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​សហគមន៍​ថ្មគោល ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ដាក់​លិខិត​អញ្ជើញ​អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម ប៉ុន្តែ​អាជ្ញាធរ​បដិសេធ ហើយ​ថែម​ទាំង​បញ្ជូន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល ដាក់​ពង្រាយ​កម្លាំង​តាម​ឃ្លាំ​មើល​សកម្មភាព​នោះ​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី៨ ធ្នូ ឆ្នាំ​២០១២ ហើយ​មន្ត្រី​នគរបាល​ម្នាក់​ដែល​តាម​ដាន​ពលរដ្ឋ ប្រាប់​ថា ពួក​គាត់​ធ្វើ​ការ​តាម​បញ្ជា​ថ្នាក់​លើ មិន​ហ៊ាន​បកស្រាយ​អ្វី​ទេ។

យ៉ាង​ណា​ក៏ដោយ ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​ប្រកាស​ថា កម្ពុជា ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស ប៉ុន្តែ​មន្ត្រី​ថ្នាក់​ក្រោម​បែរ​ជា​តាម​ដាន និង​បំភិតបំភ័យ​ពលរដ្ឋ។ លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ដោយ​សេរី ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​តាម​ដាន​ពួក​គេ ឬ​មួយ​ពួក​គេ​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ណា​មួយ បើ​ផ្ទះ​សម្បែង​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​អស់​ហើយ​នោះ។

លោក អំ សំអាត បញ្ជាក់​ថា អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ចប់​សព្វគ្រប់ និង​ផ្តល់​សំណង​សមរម្យ មិន​ចាំបាច់​ដាក់​កម្លាំង​តាម​ដាន​ពលរដ្ឋ​ទេ៖ «រឿង​ផ្ទះ​សម្បែង​របស់​គាត់ បើ​អាជ្ញាធរ​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អី​កើត​ឡើង​ទេ ហើយ​មិន​ចាំបាច់​អី​ទៅ​តាម​ដាន​ពលរដ្ឋ​ទេ ដែល​មើល​ទៅ​ជា​រូបភាព​មួយ​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ល្មម​បញ្ឈប់​អំពើ​ទាំង​ហ្នឹង​ហើយ ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សំណង​ដោយ​យុត្តិធម៌​ទៅ គ្មាន​បញ្ហា​អី​កើត​ឡើង​ទេ»

នៅ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​សហគមន៍​ថ្មគោល ពលរដ្ឋ​ជាច្រើន​សហគមន៍ មាន​បុរីកីឡា បឹងកក់ និង​សហគមន៍​មួយ​ចំនួន​ទៀត បាន​ឡើង​រៀបរាប់​ពី​ទុក្ខ​លំបាក និង​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​លំនៅឋាន ព្រម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល