ប្រធាន​សភា​មិន​ទទួល​យក​ញត្តិ​សុំ​ដោះលែង​សកម្មជន​ដីធ្លី​-​សិទ្ធិ​មនុស្ស

សមាជិក​សភា​មក​ពី​គណបក្ស​កាន់​អំណាច បាន​គេច​មិន​ទទួល​យក​ញត្តិ​ជាង ៥​ម៉ឺន​ស្នាម​មេដៃ ដែល​ពលរដ្ឋ​ប្រជាជាតិ​​អាស៊ាន និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដាក់​ស្នើ​ឲ្យ​ជួយ​ដោះលែង​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ។
ដោយ ដែន អយុធ្យា
2012.12.17
តវ៉ា ដីធ្លី សភា ៣០៥ ១៧-វិច្ឆិកា-២០១២៖ ពលរដ្ឋយក​ញត្តិ​មក​ដាក់​ស្នើ​ឲ្យ​ជួយ​ដោះលែង​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ​នៅ​មុខ​រដ្ឋ​សភា នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

​ស្នាម​មេដៃ​មាន​ចុះ​ហត្ថលេខា និង​បដា​ផ្សេងៗ បាន​បញ្ជូន​ទៅ​ដល់​ពី​មុខ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ជាមួយ​ហ្វូង​មនុស្ស​ជិត ៥០០​នាក់។

ស្នាម​មេដៃ ហត្ថលេខា និង​លិខិត​សម្ដែង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១១.០០០​នាក់ មក​ពី​២៤ រាជធានី​ខេត្ត និង​​ចំនួន ៤​ម៉ឺន​ស្នាម​មេដៃ​របស់​ពលរដ្ឋ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង់ បារាំង និង​នូវែលហ្សេឡង់ ត្រូវ​​​បញ្ជូន​ដល់​មុខ​មន្ទីរ​រដ្ឋ​សភា ដើម្បី​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​តវ៉ា​ចង់​បាន​យុត្តិធម៌ និង​ការ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា ដែល​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា។

លោក ស មូរ៉ា ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ពេបជ្រាយ​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋ​សភា លោក ហេង សំរិន និង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​បាន​មក​ទទួល​យក​ញត្តិ​ពលរដ្ឋ។ លោក​ប្រៀប​ប្រដូច​សកម្មភាព​របស់​សមាជិក​សភា​កម្ពុជា ទៅ​នឹង​សមាជិក​សភា​បរទេស ថា​សមាជិក​សភា​កម្ពុជា មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ច្បាប់​ទេ។

លោក​បន្ត​ថា សហគមន៍​ប្រជាពលរដ្ឋ​មក​ពី ២៤ រាជធានី ខេត្ត មិន​បញ្ឈប់​សកម្មភាព​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ទេ ដរាប​ណា​រដ្ឋាភិបាល ឬ​រដ្ឋ​សភា មិន​បញ្ឈប់​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ឬ​ដោះលែង​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ​នោះ​ទេ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន ពៅ ដែល​បាន​ចូល​រួម​ដឹកនាំ​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​មុខ​រដ្ឋ​សភា បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ដាក់​ញត្តិ គឺ​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល បញ្ឈប់​សកម្មភាព​​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​ដោយ​គ្មាន​សំណង​សមរម្យ។ ដោះលែង​សកម្មជន​ដីធ្លី និង​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ លោក​ចាត់​ទុក​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ក្រោម​រូបភាព​យក​ដី​អភិវឌ្ឍន៍ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ។

​ពិធី​ជួបជុំ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ មាន​មនុស្ស​ចូល​រួម​ជិត ៥០០​នាក់។ ពិធី​នេះ​តំណាង​សហគមន៍​នានា​ក៏​មាន​រាំ និង​ច្រៀង​ផ្សេងៗ ដែល​នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នីមួយៗ បាន​បង្ហាញ​នូវ​ក្ដី​ឈឺ​ចាប់​ដែល​រដ្ឋាភិបាល​បង្ខំ​បណ្ដេញ​ពួកគេ​ចេញ​ពី​លំនៅឋាន និង​ចាប់​តំណាង​ដាក់​ពន្ធនាគារ​ជាដើម។

អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ នៅ​ក្នុង​ពិធី​ជួបជុំ បាន​ចាត់​ទុក​សកម្មភាព​របស់​សមាជិក​សភា​បក្ស​កាន់​អំណាច និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន​ មិន​បាន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ អ្នកស្រី​ចាត់​ទុក​ថា ស្ថាប័ន​រដ្ឋ​សភា​សំរាប់​បម្រើ​ឲ្យ​បក្ស​ពួក​មួយ​ក្ដាប់​តូច​របស់​ខ្លួន និង​មិន​បម្រើ​ដល់​ពលរដ្ឋ​នោះ​ទេ។

អ្នកស្រី ទេព វន្នី បន្ត​ថា សព្វថ្ងៃ​នេះ​មាន​សហគមន៍​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត រស់​នៅ​គ្មាន​ទី​ជម្រក បាត់​បង់​មុខ​របរ ខ្វះ​ចំណី​អាហារ ​កុមារ​តូចៗ​បាត់បង់​ការ​សិក្សា និង​ជួប​បញ្ហា​សុខភាព ដោយសារ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។

តំណាង​សហគមន៍​បុរី​កីឡា កញ្ញា រុន សុផាត មើល​ឃើញ​ថា ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កន្លង​មក មិន​បាន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ទេ។ ពលរដ្ឋ​រូប​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដោយ​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​ទាំង​បង្ខំ ដើម្បី​យក​ដី​អភិវឌ្ឍន៍​ជា​បន្ទាន់។

ត្រង់​ចំណុច​នេះ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​តាម​ឃ្លាំមើល​ការ​ដង្ហែ​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា ក៏​បាន​រិះគន់​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ។ បន្ថែម​លើស​នេះ លោក​បាន​ចាត់​ទុក​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ ពិសេស​សមាជិក​សភា​បក្ស​កាន់​អំណាច ដែល​មិន​ទទួល​យក​ញត្តិ​ពលរដ្ឋ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​កម្សោយ និង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

ទាក់ទិន​បញ្ហា​នេះ លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​បាន​ចេញ​ពី​រដ្ឋ​សភា​មក​ជួប​តំណាង​​​សហគមន៍ ក៏​បាន​ស្នើ​ឲ្យ​ប្រធាន​រដ្ឋ​សភា និង​សមាជិក​សភា​បក្ស​កាន់​អំណាច ត្រូវ​ទទួល​ខុស​ត្រូវ​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ។

ស្រប​ពេល​ដែល​មិន​មាន​តំណាង​រដ្ឋ​សភា ឬ​សមាជិក​សភា​បក្ស​កាន់​អំណាច​ចេញ​ជួប​មុខ ឬ​មក​ទទួល​យក​ញត្តិ​របស់​តំណាង​សហគមន៍​ទាំង ២៤ រាជធានី ខេត្ត នៅ​មុខ​រដ្ឋ​សភា ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២។

លោក អ៊ូ ចន្ទឫទ្ធិ សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​យក​ទៅ​រក្សា​ទុក​ក្នុង​ការិយាល័យ​របស់​​លោក និង​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​នេះ​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​ដំណោះ​ស្រាយ​យ៉ាង​ណា​លោក​មិន​ធានា​ទេ គឺ​អាស្រ័យ​លើ​ប្រធាន​សភា និង​សមាជិក​សភា​បក្ស​កាន់​អំណាច​ដោះស្រាយ។

ញត្តិ​របស់​សហគមន៍​ទាំង ២៤ រាជធានី ខេត្ត និង​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាង ៥​ម៉ឺន​ស្នាម​មេដៃ មាន​ខ្លឹមសារ​ទទូច​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិមនុស្ស បញ្ឈប់​សកម្មភាព​បណ្ដេញ​​​ពលរដ្ឋ​ទាំង​បង្ខំ​ចេញ​ពី​ដីធ្លី អនុវត្ត​លទ្ធិប្រជាធិបតេយ្យ កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ស្នើ​​វាស់​ព្រំដី​ជាង ១២​ហិកតារ និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បាន​ឆាប់ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ ២​បន្ថែម​ទៀត​ឲ្យ​គ្រប់​ចំនួន ១០​អគារ តាម​កិច្ច​សន្យា​ក្រុមហ៊ុន។

បន្ថែម​លើ​នេះ ក៏​បាន​ទាមទារ​សុំ​ឲ្យ​ប្រធាន​រដ្ឋ​សភា ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា អ្នកស្រី ទឹម សាក់មុន្នី ដោះលែង​ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរីកីឡា ដោះលែង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ពី​ពន្ធនាគារ និង​ស្វែង​រក​មុខ​ឃាតក​ពិត​ដែល​បាន​សម្លាប់​លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​យក​មក​ផ្ដន្ទាទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។