ជាទូទៅគេតែងសង្កេតឃើញរូបភាពទំនាស់រវាងអ្នកមានប្រាក់ និងអ្នកមានអំណាចជាមួយប្រជាពលរដ្ឋក្រីក្រជាប្រភេទទំនាស់ ដែលមានលក្ខណៈលេចធ្លោជាងប្រភេទទំនាស់ផ្សេងៗ ទៀត។ យ៉ាងនេះក្ដី នៅឯខេត្តពោធិ៍សាត់មានរូបភាពនៃទំនាស់ថ្មីមួយបានកើតឡើង គឺទំនាស់ដីធ្លីរវាងរាស្ត្រ និងរដ្ឋ។
ប្រជាពលរដ្ឋជាង ១០០ គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នៅព្រឹកថ្ងៃទី២៨ កក្កដា បាននាំគ្នាមកសាលាសង្កាត់ ដើម្បីតវ៉ាទាមទារឲ្យអាជ្ញាធរដែនដីជួយជំរុញឲ្យអាជ្ញាធរជំនាញ ចេញប្លង់កម្មសិទ្ធិដីលំនៅឋានឲ្យពួកគាត់។
យោធាពិការឈ្មោះ សម សារឿន អាយុ ៥៥ ឆ្នាំ ជាអតីតអនុសេនីយ៍ទោនៃកងវរសេនាធំលេខ ៩២ ខេត្តពោធិ៍សាត់។ គាត់បង្ហាញស្នាមរបួសស្ទើរសុសខ្លួនក្នុងការប្រយុទ្ធ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
ដោយដៃដោះអាវបង្ហាញស្នាមរបួសបណ្ដើរ ហើយនិយាយបណ្ដើរ យោធាពិការឈ្មោះ សម សារឿន រៀបរាប់ពីការអស់សង្ឃឹមរបស់គាត់ ចំពោះអាជ្ញាធរខេត្ត ដែលមិនព្រមធ្វើប្លង់កម្មសិទ្ធិលំនៅឋានឲ្យគាត់។ យោធាពិការ សម សារឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ កក្កដាថា គាត់មករស់នៅទីនេះ កាលពីឆ្នាំ ១៩៩៣ បន្ទាប់ពីគាត់ត្រូវបានរំសាយពីកងទ័ព។ គាត់បន្តថា ដីដែលគាត់សង់លំនៅឋាននេះ គឺខាងអង្គភាពយោធាកាលណោះបានចែកឲ្យគាត់ មិនមែនគាត់ទៅចាប់យកដោយខ្លួនឯងនោះទេ។
លោក សម សារឿន៖ «ដីនេះគេចែកឲ្យយូរហើយ ជារបបរបស់យោធា ដែលអត់មានដីធ្លី។គេចែកឲ្យម្នាក់មួយប្រឡោះៗ ឲ្យគ្រួសារទ័ព។ដល់ឥឡូវគេអត់ធ្វើប្លង់ឲ្យតើឲ្យខ្ញុំសង្ឃឹមអីតែអត់មានប្លង់កម្មសិទ្ធិ គឺគេចង់ដកយកពេលណាក៏បាន។ ខ្ញុំខំតស៊ូពី ៧៩ មកដែរដល់ឥឡូវបាតដៃទទេ»។
អនុសេនីយ៍ឯកចូលនិវត្តន៍ និងជាអតីតនាយការិយាល័យទី២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ លោក យឹម ហែន បានឲ្យដឹងថា ដីតំបន់នេះពីមុន ជារោងចក្រអារឈើអាជីវកម្មយោធាខេត្ត។ ក្រោយមកអាជីវកម្មអារឈើយោធាខេត្ត បានផ្លាស់ទីតាំងទៅកន្លែងផ្សេងខាងយោធាខេត្ត ក៏សម្រេចវាស់ដីនេះឲ្យប្រជាពលរដ្ឋរស់នៅ តាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។ លោកថា គឺលោកផ្ទាល់ជាអ្នកវាស់ដីនេះ ចែកជូនប្រជាពលរដ្ឋ ដែលភាគច្រើនជាគ្រួសារកងទ័ពនៅពេលនោះ។ឯការរស់នៅតាំងពីពេលនោះមក ពុំមាននរណាមកប្រាប់ថា តំបន់នេះជាដីរបស់រដ្ឋនោះដែរ។ លោកថា មិនគួរណាអាជ្ញាធរដែនដីមិនព្រមចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់នេះសោះ។
លោក យឹម ហែន៖ «ខ្ញុំពិនិត្យឃើញថា បើដីរបស់រដ្ឋ ម៉េចក៏គេមិនឃាត់យើងតាំងពីផ្ទះខ្ទម? ដល់ឥឡូវយើងនាំគ្នាសង់ផ្ទះធំអស់លុយពីខ្លួនដល់តែគេថា គេមិនធ្វើប្លង់ឲ្យកាន់កាប់ តើខ្ញុំត្រូវទៅនៅឯណាវិញ? ហើយខ្ញុំបានបំរើជាតិ តាំងពីសក់ខ្មៅដល់ឥឡូវសក់សទៅហើយ ដល់អ៊ីចឹងទៅខ្ញុំដូចជាឆ្អែតចិត្តណាស់»។
ទាក់ទិនចំពោះការចោទប្រកាន់នេះ ចៅសង្កាត់ផ្ទះព្រៃ គឺលោក សៅ ម៉ុង មានប្រសាសន៍ថា ការធ្វើប្លង់កម្មសិទ្ធិជាសមត្ថកិច្ចរបស់អាជ្ញាធរជំនាញ ពុំមានពាក់ព័ន្ធជាមួយអាជ្ញាធរដែនដីនោះទេ។
លោក សៅ ម៉ុង៖ «យើងអាជ្ញាធរដែនដីចង់ឲ្យតែគេវាស់វែង ចេញប្លង់ឲ្យប្រជាពលរដ្ឋណាស់ តែវាជាតួនាទីរបស់អាជ្ញាធរជំនាញរបស់ខេត្ត។ យើងមិនអាចជួយប្រជាពលរដ្ឋបានទេ»។
ប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ានេះរួមមានមកពី ៤ ចំណុច គឺចំណុចខាងក្រោយសាលាខេត្តចំណុច ខាងក្រោយមន្ទីរសុខាភិបាលខេត្ត ចំណុចអតីតវាលយន្តហោះ និងចំណុចច្រមុះជ្រូក ស្ថិតក្នុងឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានចំនួនសរុបប្រមាណជាងមួយរយគ្រួសារ។ ការតវ៉ានេះ កើតឡើងបន្ទាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចុះទៅវាស់វែង ដើម្បីធ្វើប្លង់ដីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្ទះព្រៃ តែមិនធ្វើជូនប្រជាពលរដ្ឋនៅចំណុចទាំង ៤ នេះ។
ប្រជាពលរដ្ឋ៖ «ពួកខ្ញុំមានលិខិតស្នាមគ្រប់គ្រាន់ទាំងអស់ដូចគេឯង តើហេតុអីបានជាគេមិនចេញប្លង់ឲ្យ?»។
ឆ្លើយតបចំពោះការទាមទាររបស់ប្រជាពលរដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ លោក ចេង ឡៃ មានប្រសាសន៍ថា មូលហេតុដែលមន្ទីរមិនចេញប្លង់ដីជូនប្រជាពលរដ្ឋ គឺមកពីចំណុចទាំង ៤ នេះ ជាតំបន់កំពុងមានទំនាស់រវាងរាស្ត្រ និងរដ្ឋ។ លោកថា តាមគោលការណ៍នៃច្បាប់ តំបន់ដែលមានទំនាស់ គឺត្រូវរង់ចាំការដោះស្រាយរួចរាល់សិន ទើបអាចចេញប្លង់កម្មសិទ្ធិបាន។
លោក ចេង ឡៃ៖ «តាមគោលនយោបាយនៃសារាចរ លេខ ០៣ នោះ ទី១ គឺឲ្យពួកគាត់ចាកចេញ ដោយរកដីផ្សេង ដើម្បីជំនួស។ ករណីទី២ គឺអភិវឌ្ឍន៍នៅនឹងកន្លែង។ ពោលគឺបែងចែកដីឲ្យគាត់តាមលទ្ធភាព ដែលអាចធ្វើបាន។ ករណីទី៣ គឺផ្ដល់សំណងសមរម្យឲ្យគាត់ចាកចេញតែមិនត្រូវបានលើកទឹកចិត្តនោះទេ»។
ក្រៅពីការបញ្ជាក់ពីការមករស់នៅខ្លះតាំងពីឆ្នាំ១៩៨៥ និងខ្លះទៀត ពីឆ្នាំ ២០០៣ មកនោះ គេសង្កេតឃើញថា លំនៅឋានភាគច្រើន គឺជាប្រភេទលំនៅឋាន ដែលសាងសង់ពីថ្ម ដែលមានគ្រឹះរឹងមាំ និងមានទាំងដំណាំហូបផ្លែគ្រប់ប្រភេទ ដូចជា ដូង ស្វាយ ជាដើម យ៉ាងច្រើនទៀតផង។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា ចំណុចទាំង ៤ ដែលប្រជាពលរដ្ឋតវ៉ា ជាដីស្ថិតក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ ឬហៅថា បញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ។
លោក ខូយ សុខា៖ «មិនអាចចេញប្លង់ជូនគាត់បាន ព្រោះដីនេះ មិនមែនជាដីដែលមានលក្ខណៈធម្មតា។ វាជាដីក្នុងអាំងវង់ទែរ។ តែវាមិនអីទេ យើងអាចធ្វើនៅពេលក្រោយក៏បាន នៅពេលមានឱកាសយើងនឹងពិចារណារកវិធីដោះស្រាយរឿងហ្នឹង»។
ទោះយ៉ាងនេះក្ដី ប្រធានអង្គការសិទ្ធិលំនៅឋាន លោក សៀ ភីរម្យ មានប្រសាសន៍ថា តាមច្បាប់ភូមិបាល កាលណាប្រជាពលរដ្ឋមកកាន់កាប់ដោយអហិង្សា និងមានការទទួលស្គាល់ពីអាជ្ញាធរដែនដី មុនច្បាប់ភូមិបាលចូលជាធរមាន កាលពីឆ្នាំ ២០០១ រយៈពេល ៥ ឆ្នាំ នោះការកាន់កាប់របស់ប្រជាពលរដ្ឋទាំងនោះ នឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងត្រូវទទួលបានប្លង់កម្មសិទ្ធិដោយស្វ័យប្រវត្តិ។
លោក សៀ ភីរម្យ៖ «ឬក៏អាចសុំប្លង់កម្មសិទ្ធិបានជាស្វ័យប្រវត្តិ។ហើយប្រសិនបើអាជ្ញាធរគាត់មិនព្រមផ្ដល់ប្លង់កម្មសិទ្ធិឲ្យគាត់រស់នៅ ហើយមានបំណងចោទប្រកាន់គាត់ថា កាន់កាប់ដីរដ្ឋដោយខុសច្បាប់នោះ វាគឺជាការរំលោភលើច្បាប់ភូមិបាល និងច្បាប់កំពូល គឺរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហ្នឹងគឺថា រាជរដ្ឋាភិបាល ឬក៏អាជ្ញាធរថ្នាក់ក្រោមខ្លួនឯងនោះ គឺជាអ្នករំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយ»។
ទោះជាយ៉ាងណាក៏ដោយ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា នៅពេលខាងមុខ អាជ្ញាធរខេត្តនឹងពិនិត្យពិចារណាចំពោះការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋចំណុចទាំង ៤ ដែលមានទំនាស់ ដោយឈរលើគោលការណ៍នៃច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
