ពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់៖ អាជ្ញាធរ​ស្រុក យក​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន

អាជ្ញាធរ​ស្រុក មាន​តួនាទី​សហការ​ជាមួយ​ក្រុម​និស្សិត ដើម្បី​វាស់វែង​ដី​ជូន​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ អំឡុង​ពេល​ក្រុម​និស្សិត​កំពុង​តែ​ធ្វើ​សកម្មភាព​ចុះ​វាស់វែង​ដី​ជូន​ប្រជា​ពលរដ្ឋ នៅ​តាម​បណ្ដា​ខែត្រ។
ដោយ ទីន ហ្សាការីយ៉ា
2012-09-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ដោយ​ឡែក​នៅ​ឯ​ខែត្រ​កំពង់​ធំ​វិញ ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្ដាន់​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ថា បាន​យក​ដី​បម្រុង​របស់​សហគមន៍ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៅ​វិញ នៅ​ពេល​ដែល​ក្រុម​និស្សិត​ចុះ​ទៅ​វាស់វែង​នោះ។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បដិសេធ។

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​អូរ​ពក​សាមគ្គី​ជាង ២០០ នាក់ ឃុំ​មាន​រិទ្ធិ ខែត្រ​កំពង់ធំ បាន​ដាក់​ពាក្យ​បណ្ដឹង​មក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ក្រុម​ប្រឹក្សា​ស្រុក​សណ្ដាន់​ចំនួន​បី​រូប ពី​បទ​យក​ដី​រួម​របស់​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ប្រជា​ពលរដ្ឋ​មួយ​រូប​ឈ្មោះ រស់ ស៊ាន បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា លោក​បាន​យក​ពាក្យ​បណ្ដឹង​មក​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍​លើ​ករណី​ក្រុម​ប្រឹក្សា​ស្រុក​សណ្ដាន់ ដែល​មាន​ឈ្មោះ ប៉ែន និន ឈ្មោះ គង់ សុខា និង​ឈ្មោះ ម៉ឹង សាម៉ៃ ហៅ ហ៊ បាន​យក​ដី​របស់​សហគមន៍​ជាង ៤ ហិកតារ ដែល​បម្រុង​ទុក​ធ្វើ​សាលា​រៀន មន្ទីរ​ពេទ្យ និង​វត្ត តែ​ត្រូវ​បាន​អ្នក​ទាំង​បី​ចង់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៅ​វិញ។

លោក រស់ ស៊ាន៖ «ដី​ហ្នឹង​រាន​ថ្មីៗ នៅ​ឆ្នាំ ២០០០។ ខ្ញុំ​ក៏​សំណូមពរ​ទុក​សម្រាប់​ធ្វើ​ជា​ដី​សាធារណៈ ហើយ​ក៏​ព្រម​ឲ្យ​ប្រធាន​ភូមិ ចាស់​ព្រឹទ្ធាចារ្យ អ្នក​ភូមិ​ទាំង​អស់​គ្រប់គ្រង ពី​ព្រោះ​អនាគត​ទៅ យើង​គ្មាន​អ្វី​កសាង​ទេ ធ្វើ​សាលា​រៀន មន្ទីរពេទ្យ»។

លោក រស់ ស៊ាន ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា​កន្លង​ទៅ ក្រុម​ប្រឹក្សា​ស្រុក​ទាំង​បី​រូប បាន​ហៅ​ក្រុម​និស្សិត​ទៅ​វាស់​ដី​នោះ ប៉ុន្តែ ត្រូវ​បាន​ក្រុម​ប្រជា​ពលរដ្ឋ​ទៅ​ទប់ស្កាត់​មិន​ឲ្យ​វាស់។

ក្រុមប្រឹក្សា​ស្រុក​សណ្ដាន់ លោក ប៉ែន និន បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា មូលហេតុ​ដែល​លោក​បាន​យក​ដី​នោះ ដោយសារ​តែ​កាល​ពី ៥ ឆ្នាំ​មុន អតីត​អភិបាល​ស្រុក​សណ្ដាន់ លោក ផាន់ សុផេង បាន​រក​ទីតាំង​ថ្មី​សង់​សាលារៀន​បាន​រួច​ហើយ នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ប្រមាណ ២ គីឡូម៉ែត្រ ហើយ​លោក​ក៏​បាន​ស្នើសុំ​ដី​បម្រុង​នោះ​ចែក​គ្នា​ធ្វើ​ចម្ការ។

លោក ប៉ែន និន៖ «ថ្ងៃ​ទី​១១ កញ្ញា​ហ្នឹង ខ្ញុំ​ក៏​បាន​ពន្យល់​ប្រជា​ពលរដ្ឋ​ដែរ​ថា យើង​ទាំង​អស់​គ្នា​លួច​កាប់​រាន​ដី​របស់​រដ្ឋ​ទាំង​អស់​គ្នា ហើយ​មិន​សម​មក​ដណ្ដើម​យក​ពី​ខ្ញុំ​ទេ ពី​ព្រោះ​ថា ពួក​ខ្ញុំ​បី​បួន​នាក់​នេះ ចែក​គ្នា​បាន​ម្នាក់​កន្លះ​ហិកតារ​ទេ តែ​ប្រជា​ពលរដ្ឋ​វិញ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ បាន​ម្នាក់​រាប់​សិប​ហិកតារ រាប់​រយ​ហិកតារ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ ២០១០ មន្ត្រី​សាលា​ស្រុក​ទាំង​នោះ បាន​និយាយ​ថា ពួក​គាត់​ខ្ចី​ដី​នោះ ធ្វើ​ចម្ការ​ជា​បណ្ដោះអាសន្ន​សិន ហើយ​បើ​សិន​សហគមន៍​ត្រូវ​ការ​ដី​វិញ​នៅ​ពេល​ណា ពួក​គាត់​នឹង​ប្រគល់​ជូន​វិញ។ ដូច្នេះ ប្រជា​ពលរដ្ឋ​ក៏​ស្ងប់​ចិត្ត​តាំង​ពី​ពេល​នោះ​មក។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១១ កញ្ញា​នេះ ទើប​ផ្ទុះ​រឿង​ថា ក្រុមប្រឹក្សា​ស្រុក​ទាំង​នោះ មាន​គោល​បំណង​ចង់​យក​ដី​នោះ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ហៅ​ក្រុម​និស្សិត​ទៅ​វាស់វែង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អតីត​អភិបាល​ស្រុក​សណ្ដាន់ លោក ផាន់ សុផេង បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ កញ្ញា ឆ្នាំ ២០១២ ដើម្បី​សុំ​បំភ្លឺ​បន្ថែម​អំពី​ករណី​នេះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ប្រឹក្សា​ឃុំ​មាន​រិទ្ធិ លោក សុខ ម៉ាប់ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ ២០០០ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ទៅ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ នៅ​តំបន់​ភូមិ​អូរ​ពក​សាមគ្គី​នោះ ធ្វើ​ចម្ការ និង​បង្កើត​ជា​ភូមិ​ថ្មី។ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​រក្សា​ទុក​ដី​ជាង ៤ ហិកតារ​រួម​ទាំង​អស់​គ្នា។ នៅ​ក្នុង​ឆ្នាំ ២០០៥ ប្រជា​ពលរដ្ឋ និង​មន្ត្រី​យោធា​ស្រុក ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​លោក​អភិបាល​ស្រុក ដើម្បី​រក្សា​ទុក​ដី​នោះ សម្រាប់​ធ្វើ​ស្នាក់​ការ​បញ្ជា​ការដ្ឋាន​ទ័ព​ជើង​គោក សាងសង់​សាលារៀន មន្ទីរពេទ្យ និង​វត្ត​ជា​ដើម។

លោក សុខ ម៉ាប់៖ «ក្រុមប្រឹក្សា​ស្រុក​ហ្នឹង ទៅ​នាំ​គ្នា​វាស់​ចែក​គ្នា​ក្បាល ២០ ម៉ែត្រ ៣០ម៉ែត្រ។ ដល់​អ៊ីចឹង ប្រជា​ពលរដ្ឋ​ពួក​គាត់​អត់​ព្រម​ទេ។ ពួក​គាត់​ទៅ​ឃាត់»។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ​ដាក់​ជូន​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ បាន​សរសេរ​ថា ក្រុម​ប្រឹក្សា​ទាំង​នោះ បាន​គំរាម​ចាប់​ប្រជា​ពលរដ្ឋ​ដាក់​គុក បើ​សិន​ជា​អ្នក​ណា នៅ​តែ​តវ៉ា​អំពី​បញ្ហា​នេះ។ ក៏​ប៉ុន្តែ ក្រុមប្រឹក្សា​ស្រុក លោក ប៉ែន និន បាន​បដិសេធ​ថា ពុំ​មាន​ការ​គំរាម​កំហែង​ចាប់​ខ្លួន​អ្វី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ខ្មុំមានចម្ងល់មួយដូចនៅស្រុកខ្មែរ ចង់មានការងារធើ្វក្នុងជួរ
រាជការត្រូវអោយលុយទៅគេ(មេឫឯចៅហ្វាយនាយ)កាលឆ្នាំ
មុនមិត្តខ្មុំម្នាក់បានប្រាប់ថាអស់តែប្រាំពាន់ដុល្លានឹងបានចូល
ធើ្វការខាងព្រហ្មទន្ត រកតែពីរបីឆ្នាំរួចខ្លួន ដល់ចង់ឈប់ធើ្វ
លក់កន្លែងនោះទៅវិញបានចំណេញលើសដើម។តើរបៀប
នេះឫដែលធើ្វអោយប្រទេសជាតិរួចផុតពីអំពើរពុករលួយ?
តើប្រទេសណាខ្លះដែលអនុវត្តវិធីសាស្រ្តនេះ?សូមអាស៊ីសេរី
ជួយបំភ្លឺពលរដ្ឆខ្មែរផង អរគុណ

Sep 23, 2012 10:28 AM