យុវជន​វាស់​ដី​ជូន​របាយការណ៍​ដល់​នាយក​រដ្ឋមន្ត្រី​ពី​ការ​រំលោភ​យក​ដីធ្លី​ខេត្ត​ពោធិ៍សាត់

និស្សិត​ក្រុម​ទី​១២០ ដែល​បាន​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​របាយការណ៍​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ថា មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​បាន​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ​ក្នុង​ខេត្ត។
ដោយ មណ្ឌល កែវ
2012-12-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​របាយការណ៍​ក៏​បាន​លើក​បង្ហាញ​ពី​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​របស់​អាជ្ញាធរ​ដែនដី ដែល​បាន​យក​ដី​ព្រៃ​សហគមន៍​របស់​ប្រជាពលរដ្ឋ​ទៅ​លក់​ឲ្យ​ឈ្មួញ ឬ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ឈូស​ឆាយ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ បើ​ទោះ​បី​ជា​ក្រុម​និស្សិត​បាន​វាស់​វែង​ឲ្យ​ប្រជាពលរដ្ឋ​រួច​ហើយ​ក៏ដោយ។ ចំណែក​អាជ្ញាធរ​ខេត្ត​និយាយ​ថា គេ​មិន​បាន​ដឹង​អំពី​របាយការណ៍​នេះ​ទេ។

ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​ទី​១២០ ប្រចាំ​ស្រុក​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​របាយការណ៍​សរសេរ​ដោយ​ដៃ​ចំនួន ៨​ទំព័រ​ក្រដាស​រ៉ាម រៀប​រាប់​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ដែល​បង្ក​ឡើង​ដោយ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ។

ប្រធាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​ទី​១២០ ដែល​បាន​ធ្វើ​ការ​វាស់វែង​ដី​នៅ​ក្នុង​ស្រុក​ក្រគរ គឺ​លោក ខៀវ បញ្ញាវឌ្ឍន៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ធ្នូ ថា លោក​បាន​ជូន​របាយការណ៍​នេះ​ផ្ទាល់​ដៃ​ដល់​លោក ហ៊ុន ម៉ានិត ប្រធាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដីធ្លី ដែល​ជា​កូន​ប្រុស​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សង្ឃឹម​ថា របាយការណ៍​នេះ​នឹង​បាន​ដឹង​ឮ​ដល់​លោក​នាយក​រដ្ឋមន្ត្រី។

លោក ខៀវ បញ្ញាវឌ្ឍន៍៖ «ខ្ញុំ​គិត​ថា​ចំណុច​ទាំង​នោះ គឺ​មាន​ភាព​មិន​ប្រក្រតី និង​មាន​អាថ៌កំបាំង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌ ទើប​ខ្ញុំ​ធ្វើ​របាយការណ៍​នេះ​ជូន​ឯកឧត្តម ហ៊ុន ម៉ានិត ឲ្យ​លោក​ជ្រាប ដើម្បី​ឲ្យ​លោក​មាន​វិធានការ»

ក្នុង​របាយការណ៍​ប្រធាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ក្រុម​ទី​១២០ លោក ខៀវ បញ្ញាវឌ្ឍន៍ បាន​បញ្ជាក់​លំអិត​អំពី​ផល​ប៉ះពាល់​នានា​ដែល​កើត​ចេញ​ពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន មក​លើ​ប្រជាពលរដ្ឋ ដោយ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ដែនដី​មិន​ត្រឹម​តែ​មិន​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​ទេ តែ​ថែម​ទាំង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ លោក ខៀវ បញ្ញាវឌ្ឍន៍ បាន​សម្ដែង​ការ​ងឿង​ឆ្ងល់ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ​ដែល​បាន​ដក​ហូត​យក​សលាកបត្រ​វាស់វែង ដែល​ក្រុម​និស្សិត​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​ឯ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច រួច​ហើយ​នោះ។

លោក ខៀវ បញ្ញាវឌ្ឍន៍៖ «ឯកឧត្តម កែវ រតនៈ គាត់​បាន​ចុះ​មក​មើល​ផ្ទាល់​ហើយ គឺ​ដី​ទាំង​អស់​ហ្នឹង​មិន​ប៉ះពាល់​ដី​សហគមន៍​ទេ ហើយ​មូលហេតុ​អី​ដែល​អាជ្ញាធរ​ឃុំ​ស្រុក​ហ្នឹង កាក់​សលាកបត្រ​គេ ខ្ញុំ​ឆ្ងល់​ដែរ​រឿង​ហ្នឹង ហើយ​គេ​ថា​ដី​ហ្នឹង​ពាក់ព័ន្ធ​ដី​សហគមន៍​ទៀត នោះ​ខ្ញុំ​អត់​យល់​តែ​ម្ដង»

អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី២៩ ធ្នូ ថា លោក​ពុំ​បាន​ដឹង​អំពី​របាយការណ៍​របស់​ក្រុម​និស្សិត​នេះ​ទេ។

កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ បាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ដែនដី​ដែល​បាន​ដក​ហូត​យក​សលាកបត្រ​ដី​ដែល​ក្រុម​យុវជន​បាន​វាស់វែង និង​ផ្ដល់​សលាកបត្រ​ឲ្យ​ពួក​គាត់​រួច​ហើយ។ បុរស​អ្នក​ភូមិ​ឈ្មោះ ម៉ាត់ រ៉ាយូ អាយុ ៥២​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គាត់​បាន​ឲ្យ​ដឹង​ថា នេះ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៩៧។ ក្រុម​និស្សិត​ក៏​បាន​វាស់វែង​ចេញ​សលាកបត្រ​ឲ្យ​រួច​ហើយ តែ​ឥឡូវ​អាជ្ញាធរ​ដែនដី​បែរ​ជា​ដក​ហូត​សលាកបត្រ​មិន​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​គាត់​ទេ។

ប៉ុន្តែ លោក ចេង ឡៃ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លោក​បាន​បន្ទោស​ថា នេះ​ជា​កំហុស​ផ្នែក​បច្ចេកទេស​ក្នុង​ការ​វាស់វែង​របស់​ក្រុម​និស្សិត៖ «អ្នក​វាស់វែង​មិន​បាន​មើល​ផែនទី​ប្រើប្រាស់​ដី​របស់​ស្រុក និង​ខេត្ត។ ដល់​អ៊ីចឹង គាត់​វាស់វែង​ជ្រុល​ចូល​ទៅ​ក្នុង​ដី​របស់​សហគមន៍ ព្រោះ​ដី​សហគមន៍​អត់​មាន​បង្គោល​ព្រំ​ទេ។ ដល់​ពេល​ដែល​យើង​យក​មក​ផ្ទៀងផ្ទាត់​នៅ​ឯ​ខេត្ត ទើប​ឃើញ​ថា​ចូល​ដី​ព្រៃ​សហគមន៍»

យ៉ាង​នេះ​ក្ដី ប្រធាន​ក្រុម​និស្សិត​ទី​១២០ យុវ​និស្សិត ខៀវ បញ្ញាវឌ្ឍន៍ បាន​សរសេរ​ក្នុង​របាយការណ៍​ផ្ញើ​ជូន​លោក ហ៊ុន ម៉ានិត ជា​ប្រធាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ទូទាំង​ប្រទេស​ថា លោក​បាន​ពិនិត្យ​ឃើញ​ថា​ដី​តំបន់​នេះ គឺ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​រួច​ហើយ ទើប​ក្រុម​និស្សិត​សម្រេច​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ។ និស្សិត​រូប​នេះ​បន្ត​ថា ការ​ដក​យក​សលាកបត្រ​ពី​ប្រជាពលរដ្ឋ​វិញ​នេះ អាច​ធ្វើ​ឲ្យ​ខក​បំណង និង​មិន​បម្រើ​ឲ្យ​ឆន្ទៈ​ពិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer farmer

It’s funny and funny. Actually, both (local authority and youth) they do not know how to resolve and solve the problems. They have no abilities and responsibilities, and finally they blame each other when problems arise or when they find themselves unable to deal with a certain challenge.

When current Cambodian youth become a leader in the future, how they lead the country?

Waste so much time and money. It because the useless leader and poor quality education of youth and its leader. The government leader especially the minister of education, youth and sport department has to improve the education system.

Dec 29, 2012 04:57 PM

Phnom Bouk

ពី Siem Reap

ឆ្នាំ​ថ្មី២០១៣នេះ សូមជូនពរនិស្សិត​ក្រុម​ទី​១២០ អោយមានសុខភាពល្អ ជោគជ័យនឹងការងារ ដើម្បីប្រយោជន៍ប្រជាជនខ្មែរនិងប្រទេសជាតិកម្ពុជា។

Dec 29, 2012 09:31 AM