អ្នក​ភូមិ​នៅ​ខេត្ត​ឧត្ដរមានជ័យ​បារម្ភ​ខ្លាច​បាត់​បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ

អ្នក​ភូមិ​ពោធិវង្ស ក្នុង​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ភាគ​ច្រើន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​តាម​រយៈ​ការ​ចុះ​វាស់​វែង​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត។ ប៉ុន្តែ​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​ដី​កាន់​កាប់ ដោយ​សារ​កំពុង​មាន​បញ្ហា​ដីធ្លី​ដែល​ពុំ​ទាន់​ដោះស្រាយ​រួច។
ដោយ សុ ជីវី
2012-12-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពុំ​ទាន់​ដោះស្រាយ​រួច គឺ​ដោយ​សារ​ដី​ស្រែ​ដែល​អ្នក​ភូមិ​កំពុង​ប្រមូល​ផល​ស្រូវ​នោះ បែរ​ជា​មាន​ម្ចាស់​ដី​អះអាង​ថា បាន​ទិញ​ដី និង​បាន​រារាំង​មិន​អោយ​ពលរដ្ឋ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ។

អ្នក​ភូមិ​ពោធិវង្ស ប្រមាណ​ជិត ៥០​គ្រួសារ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ នៅ​ពេល​ដែល​ជម្លោះ​ដីធ្លី​បាន​រារាំង​និស្សិត​ស្ម័គ្រចិត្ត​មិន​អោយ​ចុះ​វាស់​វែង ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ។

តំណាង​អ្នក​ភូមិ​ដែល​មាន​ដី​ស្រែ​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ លោក សោម ធឿន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​ដែល​មក​ពី​តាម​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត បាន​ចូល​ទៅ​រាន​ព្រៃ និង​បង្កើត​ជា​ភូមិ​ពោធិវង្ស ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​ខ្មែរ-ថៃ បាន​ជិត ១០​ឆ្នាំ​មក​ហើយ។ លោក សោម ធឿន បន្ត​ថា ក្រុម​អ្នក​ភូមិ​បាន​រាន​ព្រៃ ក្នុង​នោះ​គ្រួសារ​ខ្លះ​បាន​មួយ​ហិកតារ ខ្លះ​បាន ២​ហិកតារ ក៏​នាំ​គ្នា​ធ្វើ​ស្រែ​តាំង​ពី​ឆ្នាំ​២០០៤ មក។

លោក​រំលឹក​ដែរ​ថា រហូត​មក​ដល់​ខែ​កញ្ញា កន្លង​ទៅ គឺ​នៅ​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចូល​មក​វាស់វែង​ដី​អោយ​ពលរដ្ឋ​ក្នុង​ភូមិ បែរ​ជា​មាន​អ្នក​មក​រារាំង​ថា ដី​ស្រែ​របស់​ពលរដ្ឋ​ដែល​មាន​ចំនួន ៤៧​គ្រួសារ នៅ​លើ​ទំហំ​ដី​ជាង ៦០​ហិកតារ​នោះ មាន​ម្ចាស់​ផ្សេង​ទៅ​វិញ។ រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ភូមិ​ចេះ​តែ​ភ័យ​បារម្ភ​ខ្លាច​បាត់​ដី​ធ្វើ​ស្រែ។

លោក សោម ធឿន៖ «៧​ឆ្នាំ​ទៅ​ហើយ វា​ទៅ​ជា​ដី​គេ ហី​រហូត​ដល់​យើង​មាន​ប័ណ្ណ​ពាក្យ​ស្នើសុំ​កាន់​កាប់​អី​ម៉ា​ចំនួន​ដែរ។ ហី​ដល់​អីចឹង​ទៅ ខ្ញុំ​មិន​ដឹង​គិត​ថា​ម៉េច​ដល់​ថា​ប៉ះពាល់​ទៅ​លើ​ដី​គេ។ អត់​ដែល​ដឹង​ទេ ទើប​និស្សិត​ចុះ​មក​កាល​វស្សា​មិញ។ មក​វាស់​ហ្នឹង គឺ​ទំនាស់​អត់​អោយ​ទេ។ ហើយ​យើង​ទៅ​ទាម​ទារ​ដាក់​ពាក្យ​បណ្ដឹង​ហើយ​អី​ហើយ នៅ​តែ​មិន​បាន។ ដាក់​បាត់ៗ​អីចឹង​ទៅ មិន​ដឹង​ទៅ​ឯ​ណា»

មេ​ភូមិ​ពោធិវង្ស លោក គឹម សារុន មាន​ប្រសាសន៍​ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​របស់​អ្នក​ភូមិ​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​ដើម្បី​យក​ដី​ស្រែ​មក​អោយ​ប្រជាពលរដ្ឋ​វិញ។ យ៉ាង​នេះ​ក្តី លោក គឹម សារុន មិន​បាន​បញ្ជាក់​ទេ​ថា តើ​លោក​នឹង​ប្រើ​ប្រាស់​មធ្យោបាយ​យ៉ាង​ណា ដើម្បី​រក​ដំណោះស្រាយ​ឡើយ៖ «ខ្ញុំ​ក៏​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដែរ​ថា បើ​ដោះស្រាយ​ដី​នេះ​អត់​ចេញ ខ្ញុំ​ក៏​អត់​មាន​មុខ​ធ្វើ​មេ​ភូមិ​ដែរ។ ខ្ញុំ​សន្យា​ជាមួយ​គាត់។ ខ្ញុំ​ក៏​សង្ឃឹម​ថា​ថ្នាក់​លើ ខាង​ស្រុក​ខាង​ខេត្ត​ហ្នឹង គាត់​ជួយ ព្រោះ​ភូមិ​នេះ​ទាំង​ប្រជាពលរដ្ឋ​ទាំង​គណៈកម្មការ​អី​មាន​ការ​ស្រុះ​ស្រួល​អភិវឌ្ឍន៍​គ្រាន់​បើ​ដែរ»

កន្លង​មក​តាម​រយៈ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​ទំនាស់​របស់​មេ​ភូមិ អ្នក​ដែល​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ស្រែ​អ្នក​ភូមិ​នោះ បាន​យល់​ព្រម​ប្រគល់​ដី​ទំហំ​ប្រមាណ ៣០​ហិកតារ គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ទំហំ​ដី​សរុប​ទៅ​អោយ​អ្នក​ភូមិ។ ប៉ុន្តែ​ត្រូវ​ក្រុម​អ្នក​ភូមិ​បដិសេធ ដោយ​សំអាង​ថា ពួក​គេ​មាន​ដី​តិចតួច បើ​ចែក​ពាក់​កណ្ដាល គឺ​ពុំ​នៅ​សេសសល់​អ្វី​ដែល​អាច​ចិញ្ចឹម​គ្រួសារ​បាន​ឡើយ។

ចៅ​សង្កាត់​បន្សាយរាក់ លោក ហែម សេដា មាន​ប្រសាសន៍​ថា លោក​នឹង​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នេះ​នៅ​ដើម​ឆ្នាំ​ថ្មី​ខាង​មុខ៖ «ខេត្ត​គាត់​កំពុង​តែ​ដោះ​ស្រាយ ប៉ុន្តែ​គាត់​ជាប់​រវល់​រឿង​ចុង​ឆ្នាំ​បិទ​បញ្ជី​បិទ​អី។ មិន​បាច់​ទៅ​ពិបាក​បារម្ភ​អី​ប្រជាជន។ ខ្ញុំ​បាន​ទាក់​ទង​ប្រាប់​មេ​ភូមិ គេ​បាន​ប្ដេជ្ញា​ចិត្ត​អី​អស់​ហើយ​តើ»

ពិត​មែន​ថា​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទាំង​ជិត ៤០​គ្រួសារ ត្រូវ​ហាម​ឃាត់​មិន​អោយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ក៏ដោយ ក៏​អ្នក​ភូមិ​មិន​បាន​ដឹង​ទេ​ថា​អ្នក​ណា​ជា​អ្នក​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី គ្រាន់​តែ​ដឹង​ថា​ជា​មន្ត្រី​មាន​អំណាច​ម្នាក់​នៅ​ឯ​ខេត្ត​សៀមរាប។ អ្នក​ភូមិ​បាន​សង្ស័យ​ថា ទំនាស់​ដី​ធ្លី​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ កើត​ឡើង​ដោយ​សារ​តែ​ការ​លួច​លក់​ដី​របស់​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល