ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកភូមិទាំងនោះ បានព្យាយាមកាប់គាស់ដីធ្វើស្រែចម្ការ នៅលើតំបន់ដែលកាន់កាប់ដោយអាជ្ញាធរអប្សរា។ បន្ទាប់ពីមានការចោទប្រកាន់មក គឺក្រុមអ្នកភូមិទាំងនោះត្រូវចៅក្រមស៊ើបសួរ កោះហៅឱ្យចូលខ្លួនមកបំភ្លឺ ដើម្បីបើកការស៊ើបអង្កេតជាបឋម។
ប្រជាពលរដ្ឋចំនួន៧នាក់ ដែលរស់នៅភូមិតានី នៃឃុំរុនតាឯក បានចូលខ្លួនជាបន្តបន្ទាប់ នៅថ្ងៃចន្ទ ទី២៣ និងថ្ងៃអង្គារ ទី២៤ ខែកក្កដា ទៅកាន់តុលាការខេត្តសៀមរាប បន្ទាប់ពីមេធាវីរបស់អាជ្ញាធរអប្សរាបានដាក់ពាក្យប្ដឹងថា បានប៉ះពាល់ទៅលើកម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាមក។
ក្រុមអ្នកភូមិទាំង៧នាក់ បានបង្ហាញក្តីបារម្ភថា ពួកគេខ្លាចក្រែងមានការចាប់ឃុំខ្លួននៅក្នុងរឿងនោះ។
កាលពីព្រឹកថ្ងៃចន្ទ បុរសអ្នកភូមិ២នាក់ បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ហើយបុរស២នាក់ផ្សេងទៀតនឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅវេលារសៀលថ្ងៃដដែលទៀត។
លោក ញឹម សួន គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិតានី ទាំង៧នាក់ដែលបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួររួចហើយ។ លោកបានមានប្រសាសន៍ថា លោកបានធ្វើស្រែនៅលើដីទំហំ៤ហិកតារកន្លះ តាំងពីឆ្នាំ១៩៩៣ មក។ ប៉ុន្តែចាប់ពីឆ្នាំ២០០៥-២០០៦ នៅពេលដែលអាជ្ញាធរអប្សរាទៅបង្កើតភូមិអភិវឌ្ឍន៍រុនតាឯក បានធ្វើឱ្យដីស្រែរបស់គាត់ចូលទៅក្នុងតំបន់គ្រប់គ្រងរបស់គេ។
ដោយសារតែគាត់មិនមានដីផ្សេងធ្វើស្រែ ក៏បន្តធ្វើលើដីដដែល បណ្ដាលឱ្យមានការប្ដឹងចោទប្រកាន់រូបគាត់ថា ទៅប៉ះពាល់កម្មសិទ្ធិសម្បត្តិសាធារណៈទៅវិញ៖ «គេចោទពួកខ្ញុំថា ទន្ទ្រានដីរបស់រដ្ឋ។ ប៉ុន្តែខ្ញុំធ្វើស្រែខ្ញុំតាំងពីឆ្នាំ១៩៩៣ មក កើតជាជាប់មកកន្លែងតុលាការ។ ព្រួយបារម្ភខ្លាចគេអត់ដូរសំណងវិញ ខ្លាចគេចាប់ខ្លួននោះផង ខ្លាចអត់នរណានៅចិញ្ចឹមគ្រួសារនោះផង។ ខ្ញុំចង់បានឱ្យបញ្ចប់ការចោទប្រកាន់ចេញ»។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ មេធាវីរបស់អាជ្ញាធរអប្សរា បានដាក់ពាក្យប្ដឹងអ្នកភូមិទាំង៧នាក់នោះ ដោយបានចោទប្រកាន់ពាក់ព័ន្ធទៅលើការប្រព្រឹត្តបទព្រហ្មទណ្ឌ។
លោក ហុក ពៅ ជាចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនោះ បានមានប្រសាសន៍ថា អ្នកភូមិទាំង៧នាក់ គឺមានជាប់ពាក់ព័ន្ធនឹងការចូលទៅកាន់កាប់ដីរបស់អាជ្ញាធរអប្សរា ដែលបានទិញសម្រាប់ធ្វើភូមិអភិវឌ្ឍន៍រុនតាឯក ឱ្យប្រជាពលរដ្ឋពីក្នុងតំបន់អង្គរទៅរស់នៅនោះ។ លោក ហុក ពៅ បានឱ្យដឹងថា តំណាងអយ្យការ បានធ្វើការចោទប្រកាន់អ្នកទាំង៧នាក់ ពីបទថាបានធ្វើឱ្យប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ។
ក៏ប៉ុន្តែ ទោះយ៉ាងណា លោកបានសម្រេចមិនឃុំខ្លួនក្រុមអ្នកភូមិទាំង៧នាក់នោះទេ គឺគ្រាន់តែបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការប៉ុណ្ណោះ៖ «បានន័យថា គាត់មិនទាន់រួចផុតពីការចោទប្រកាន់ទេ ប៉ុន្តែយើងអនុវត្តវិធានការមិនឃុំខ្លួនគាត់ទាំងអស់ហ្នឹង ប៉ុន្តែគាត់ចូលថ្ងៃនេះបាន៤នាក់ ហើយស្អែក៣នាក់ទៀត»។
លោក ហម ស៊ុនរិទ្ធិ ជាមេធាវីការពារក្តីឱ្យអ្នកភូមិទាំង៧នាក់ បានមានប្រសាសន៍ថា កូនក្តីរបស់លោកមិនចង់ទៅធ្វើស្រែចម្ការនៅលើដី ដែលមានទំនាស់នោះទៀតទេ ក៏ប៉ុន្តែអាជ្ញាធរនៅពុំទាន់មានការដោះដូរដីឱ្យអ្នកភូមិទាំងនោះ ទើបអ្នកភូមិគ្មានដីផ្សេង ហើយក៏នៅតែបន្តធ្វើ។
ការស្រាវជ្រាវ បានឱ្យដឹងថា នៅភូមិតានី នោះ គឺមានប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ដែលមានដីស្រែប៉ះពាល់ទៅក្នុងភូមិអភិវឌ្ឍន៍រុនតាឯក ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអ្នកភូមិទាំងនោះបានរង់ចាំអាជ្ញាធរធ្វើការដោះដូរដីផ្សេង មកឱ្យពួកគេជាយូរមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់បានទទួលដីដោះដូរទៅកន្លែងផ្សេងនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។