ប្រជាពលរដ្ឋជាង១៣០គ្រួសារ នៅឃុំទន្លួង ស្រុកមេមត់ បានសម្ដែងការព្រួយបារម្ភខ្លាចក្រុមនិស្សិតមិនចុះទៅវាស់ដីចម្ការរបស់ពួកគាត់ ដែលក្រុមហ៊ុន និងក្រុមឈ្មួញបានរំលោភយក ពីព្រោះថាអាជ្ញាធរស្រុកបានហាមមេភូមិ មិនឲ្យធ្វើលិខិតទទួលស្គាល់ដីរបស់ពួកគាត់។
ស្ត្រីមួយរូបឈ្មោះ គន្ធា ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋចំនួន១៣០គ្រួសារ បានឲ្យដឹងនៅថ្ងៃទី២៤ កក្កដា ថា កាលពីចុងសប្ដាហ៍មុន ពួកគាត់បានទៅជួបក្រុមនិស្សិត សុំឲ្យទៅវាស់វែងដីនៅភូមិជង្គុំក្រោម ចំណុចត្បុលបាក់នឹម ដើម្បីធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ ហើយក្រុមនិស្សិតបានប្រាប់អ្នកស្រីថា ឲ្យមេភូមិធ្វើលិខិតបញ្ជាក់ទើបគេចុះទៅវាស់វែងជូន។ ប៉ុន្តែមេភូមិជង្គុំក្រោម ប្រាប់អ្នកស្រីថា លោកមិនហ៊ានធ្វើលិខិតបញ្ជាក់ជូនទេ ព្រោះអភិបាលស្រុកបានហាមមិនឲ្យទទួលស្គាល់ដីប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ជាជនជាតិភាគតិចស្ទៀង បានធ្វើចម្ការនៅលើដីរបស់ខ្លួន នៅភូមិជង្គុំក្រោម តាំងពីជីដូនជីតាមក មានទំហំជាង១ពាន់ហិកតារ។ ប៉ុន្តែនៅក្នុងឆ្នាំ២០០៧ ស្រាប់តែមន្ត្រីយោធាភូមិភាគ២ ឈ្មោះ ម៉ាត់ និងក្រុមហ៊ុនឈ្មោះ ស្រ៊ុន ម៉េងលាង បានទៅឈូសឆាយដីដំណាំរបស់គាត់។ អ្នកស្រី គន្ធា បញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយយកដីនោះ ពួកគាត់បាននាំគ្នាមកទីក្រុងភ្នំពេញ ដាក់លិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភាជាច្រើនលើក ដើម្បីរកដំណោះស្រាយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកមេមត់ ឈ្មោះ ចេង ប៊ុនណារ៉ា ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី២៤ កក្កដា។
ការទាមទារឲ្យក្រុមនិស្សិតចុះទៅវាស់វែងនៅលើដីមានទំនាស់របស់ប្រជាពលរដ្ឋចំនួន១៣០គ្រួសារ នៅឃុំទន្លួង នេះ ធ្វើឡើងនៅក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋ និងត្រូវរឹបអូសយកដីពីក្រុមហ៊ុនដែលរំលោភយកដីប្រជាពលរដ្ឋនោះ ជូនប្រជាពលរដ្ឋវិញ។
មេភូមិជង្គុំក្រោម លោក សៃ ប៊ត បានឲ្យដឹងថា ដីនៅតំបន់ត្បុលបាក់នឹម នោះ ជាដីរបស់ប្រជាពលរដ្ឋដែលកាន់កាប់តាំងពីឆ្នាំ១៩៧៩ មក ប៉ុន្តែត្រូវបានក្រុមអ្នកមានអំណាច និងក្រុមហ៊ុនរំលោភយក។ លោកមេភូមិបញ្ជាក់ថា លោកក៏ចង់ធ្វើលិខិតបញ្ជាក់ជូនប្រជាពលរដ្ឋដែរ ពីព្រោះថាស្ថានភាពប្រជាពលរដ្ឋមានការលំបាក បន្ទាប់ពីក្រុមហ៊ុនរំលោភយកដីរបស់ពួកគាត់។ ប៉ុន្តែកាលពីថ្ងៃទី២៣ កក្កដា អភិបាលស្រុកបានកោះហៅមេភូមិមួយចំនួនក្នុងឃុំទន្លួង ទៅប្រជុំ ហើយបានហាមមិនឲ្យពួកគាត់លូកដៃក្នុងរឿងនេះទៅវិញ។
ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម លោក នាង សុវ៉ាត ពន្យល់ថា បញ្ហានេះ រដ្ឋាភិបាលគួរតែស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីកន្លងមក មុននឹងបញ្ជូនក្រុមនិស្សិតចុះទៅវាស់វែងដីនោះ។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីរបស់ពួកគាត់បច្ចុប្បន្ននេះ ត្រូវបានក្រុមឈ្មួញបានជួលទៅឲ្យវៀតណាម ដាំដំឡូងមី។ ពួកគាត់បញ្ជាក់ថា ប្រសិនអាជ្ញាធរស្រុកនៅតែរារាំងអាជ្ញាធរភូមិ ឬក្រុមនិស្សិតមិនឲ្យវាស់ដីជូនពួកគាត់ទេ ពួកគាត់នឹងដាក់ពាក្យបណ្ដឹងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀត ដើម្បីឲ្យជួយអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។