ក្រុមអ្នកភូមិបានច្រានចោលផែនការដោះដូរដីលំនៅឋាន ដែលរៀបចំឡើងដោយក្រុមអាជ្ញាធរ ហើយទាមទារសិទ្ធិរស់នៅស្របច្បាប់នៅលើដីដែលពួកគាត់បានកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រ ទី៣ ខែសីហា បានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅអាជ្ញាធរក្រុងប៉ោយប៉ែត ដើម្បីជួយសម្រួលឲ្យពួកគាត់ ដើម្បីទទួលសិទ្ធិកាន់កាប់ស្របច្បាប់នៅលើដីលំនៅឋាន ដែលពួកគាត់បានរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៩៨។
សេចក្ដីអំពាវនាវនេះ កើតមានឡើងបន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត បានប្រកាសឲ្យពួកគាត់រុះរើលំនៅឋានចេញពីទីតាំងដីដែលពួកគាត់កំពុងរស់នៅនាពេលបច្ចុប្បន្ន ទៅបោះទីតាំងរស់នៅលើដីនៅកន្លែងផ្សេង ដែលពួកគាត់មើលឃើញថា ដីមានស្ថានភាពពិបាករស់នៅ។
លោក អ៊ូ គីមឈន់ ជាតំណាងប្រជាពលរដ្ឋទាំង៤៦គ្រួសារ បានថ្លែងថា កាលពីថ្ងៃទី២ សីហា អាជ្ញាធរបានកោះហៅតំណាងប្រជាពលរដ្ឋឲ្យទៅចូលរួមប្រជុំនៅសាលាក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលក្រុងបានប្រាប់ឲ្យពួកគាត់រុះរើលំនៅឋានចេញពីដីលំនៅឋាន ដែលក្នុងមួយគ្រួសារៗមានទំហំ២០គុណនឹង៤០ម៉ែត្រ។
ក្រុមអ្នកភូមិបានបញ្ជាក់ថា សេចក្ដីប្រកាសនេះបានធ្វើឡើងដោយយោងលើស្មារតីនៃកិច្ចប្រជុំសម្រេចមួយ រវាងប្រជាពលរដ្ឋ៤៦គ្រួសារ និងភាគីម្ចាស់ដី១១ប័ណ្ណ ឈ្មោះ អ៊ូ សុខា រួមទាំងក្រុមមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២។ ពួកគាត់បានអះអាងថា ប្រជាពលរដ្ឋទាំង៤៦គ្រួសារ បាននាំគ្នាផ្ដិតមេដៃយល់ព្រមកាត់ដីក្នុងមួយគ្រួសារៗប្រវែង១០ម៉ែត្រ ធ្វើជាចំណីផ្លូវ តែសុំសិទ្ធិរស់នៅលើដីទីតាំងចាស់ដដែល។
លោក ង៉ោ ម៉េងជ្រួញ ជាអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង៤៦គ្រួសារ ចាំបាច់ត្រូវតែរុះរើលំនៅឋានចេញទៅរស់នៅលើដីទីតាំងថ្មីនៅជាប់គ្នា តាមការរៀបចំរបស់អាជ្ញាធរ ទើបអាចទទួលកម្មសិទ្ធិស្របច្បាប់។ លោកបន្តថា សេចក្ដីសម្រេចនេះ បានធ្វើឡើងដោយយោងលើស្មារតីនៃកិច្ចប្រជុំ រវាងភាគីទំនាស់ទាំងសងខាងដែលបានជួបប្រជុំគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២។
ទីតាំងដីថ្មីដែលក្រុមអាជ្ញាធររៀបចំតាមការសម្បទានរបស់ ឈ្មោះ អ៊ូ សុខា នោះ មានទំហំ២០គុណ៣០ម៉ែត្រ នៅខាងក្រោយទីតាំងដីដែលពួកគាត់កំពុងរស់នៅបច្ចុប្បន្ន ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ដីថ្មីនេះ មានស្ថានភាពពិបាករស់នៅ ដោយសារមានរណ្ដៅធំៗ ហើយមានជម្រៅជ្រៅ ដែលពួកគាត់ពុំអាចមានលទ្ធភាពរកថវិកាទៅចាក់ដីបំពេញ ដើម្បីសាងសង់លំនៅឋានរស់នៅបាន។
ទំនាស់ដណ្ដើមកាន់កាប់ដីរវាងប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ ជាមួយ ឈ្មោះ អ៊ូ សុខា ដែលអះអាងថា ជាភាគីម្ចាស់ដី១១ប័ណ្ណនេះ បានកើតជម្លោះប្ដឹងផ្ដល់គ្នាទៅស្ថាប័នតុលាការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រោយមក តុលាការបានកាត់សេចក្ដីឲ្យឈ្មោះ អ៊ូ សុខា ឈ្នះក្តីដោយសំអាងថាភាគី អ៊ូ សុខា មានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលធ្វើឡើងតាំងពីឆ្នាំ១៩៩៣។ ចំណែកប្រជាពលរដ្ឋទាំង៤៦គ្រួសារ បានចូលរស់នៅលើដីនោះ នៅឆ្នាំ១៩៩៨។ ប្រជាពលរដ្ឋចំនួន៤៦គ្រួសារ បានអះអាងថា ការរស់នៅលើដីកំពុងមានទំនាស់នោះ ពួកគាត់មានលិខិតបញ្ជាក់ដែលទទួលស្គាល់ដោយលោកមេភូមិ និងលោកមេឃុំ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកភូមិទាំង៤៦គ្រួសារ បានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកគាត់បានរស់នៅស្របច្បាប់ នៅលើដីដែលពួកគាត់បានអះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៩៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។