អភិបាល​ស្រុក​រង​ការ​ចោទ​ថា​រុះរើ​ផ្ទះ​ពលរដ្ឋ​យក​ដី​លក់​ឲ្យ​ឈ្មួញ​នៅ​ពោធិ៍សាត់

អភិបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ​ចោទ​ប្រកាន់​ថា បាន​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​នៅ​ចំណុច​ស្រែ​យក្ស ដើម្បី​រឹបអូស​យក​ដីធ្លី​ទៅ​លក់​ឲ្យ​ឈ្មួញ។
ដោយ មណ្ឌល កែវ
2012-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជិន វន ជម្លោះ​ដីធ្លី ៣០៥
១៦-កក្កដា-២០១២៖ លោក ជិន វន តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ស្រែ​យក្ស ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ។
RFA/Mondul Keo

លោក ជិន វន ដែល​បាន​អះអាង​ថា​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៧០០​គ្រួសារ នៅ​ចំណុច​ស្រែ​យក្ស ស្ថិត​ក្នុង​ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ថា លោក ឆេ ឈីវ អភិបាល​ស្រុក​វាលវែង បាន​ប្រើ​កម្លាំង​ចម្រុះ​រាប់​សិប​នាក់ និង​ឡាន​ជាច្រើន​គ្រឿង​ទៅ​រុះរើ​ផ្ទះ​សម្បែង​អ្នក​ភូមិ។ ទោះ​បី​ជា​អ្នក​ភូមិ​បាន​បង្ហាញ​ពី​លិខិត​ស្នាម​ពាក់ព័ន្ធ​ផ្សេង​ក្នុង​ការ​រស់​នៅ ក៏​ក្រុម​នេះ​មិន​យក​ភ្នែក​មើល​ឡើយ ហើយ​ថែម​ទាំង​ហែក​លិខិត​ស្នាម​ទាំង​នោះ​ចោល​ទៀត​ផង។

លោក ជិន វន បន្ត​ថា លោក​មាន​ឯកសារ​ជាច្រើន​ដែល​បង្ហាញ​ថា អភិបាល​ស្រុក​វាលវែង គឺ​លោក ឆេ ឈីវ បាន​លក់​ដី​តំបន់​នេះ​ទៅ​ឲ្យ​ឈ្មួញ​រួច​ហើយ ទើប​លោក​រុះរើ​ផ្ទះ​អ្នក​ភូមិ ដើម្បី​ប្រគល់​ដី​នេះ​ឲ្យ​ឈ្មួញ៖ «សុំ​អង្វរករ​ដល់​សម្ដេច ហ៊ុន សែន និង​លោក​ជំទាវ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួក​យើង​ខ្ញុំ ដោយ​ផ្ដល់​ដី​នេះ​ឲ្យ​ពួក​យើង​ខ្ញុំ​រស់​នៅ​ដោយ​ស្រប​ច្បាប់។ លោក ឆេ ឈីវ បាន​លក់​ដី​តំបន់​នេះ​ទៅ​ឲ្យ​ឈ្មួញ ហើយ​មាន​សង់​ផ្ទះ​មួយ​យ៉ាង​ធំ​នៅ​ទី​នោះ​ផង។ ហើយ​បើ​សិន​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចង់​ឃើញ​ការ​ពិត សូម​អញ្ជើញ​ទៅ​ចំណុច​ស្រែ​យក្ស នឹង​ឃើញ​ការ​ពិត​ហើយ»

កាល​ពី​ថ្ងៃ​ទី​៧ មិនា កន្លង​ទៅ កម្លាំង​ចម្រុះ​ក៏​បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ ដោយ​បាន​ដុត​ផ្ទះ​ចំនួន​៣​ខ្នង​នៅ​ទីនេះ​ម្ដង​រួច​ហើយ។

ប្រជាពលរដ្ឋ​ឈ្មោះ រស់ ចំរើន នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា គាត់​បាន​មក​រស់​នៅ​ទីនេះ​កាល​ពី​ឆ្នាំ​២០០៨។ គាត់​មាន​ដី​ស្រែ​តែ​កន្លះ​ហិកតារ កូន​ក្នុង​បន្ទុក​ច្រើន ហេតុ​នេះ​ហើយ​ទើប​គាត់​មក​សង់​ផ្ទះ​នៅ​ចំណុច​ស្រែ​យក្ស នេះ តែ​ឥឡូវ​ផ្ទះ​គាត់​ត្រូវ​បាន​កម្លាំង​ចម្រុះ​រុះរើ​អស់​ហើយ៖ «សូម​សម្ដេច និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ មេត្តា​សន្ដោស​ប្រោស​ប្រណី​ដល់​យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​រយ​គ្រួសារ ដែល​កំពុង​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​ស្រុក ព្រោះ​ការ​ពិត​ពួក​យើង​ខ្ញុំ​សុទ្ធ​តែ​ជា​ជន​ក្រីក្រ និង​គ្មាន​ដីធ្លី​បង្កបង្កើន​ផល​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន។

យ៉ាង​នេះ​ក្ដី អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ប្រជាពលរដ្ឋ​បាន​មក​វាត​យក​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​តាំង​ទី​លំនៅ​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​នោះ​ហើយៗ​មាន​ទាំង​ខាង​រដ្ឋបាល​ព្រៃ​ឈើ និង​ខាង​ទូរទស្សន៍​ទៀត​ផង ឃើញ​ថា​តំបន់​នេះ​គឺ​ជា​ដី​ព្រៃ។ ប្រជាពលរដ្ឋ​ទាំង​នេះ​ទៅ​រំលោភ​កាន់​កាប់​ដី​ព្រៃ​ឈើ​ហ្នឹង។ ឥឡូវ​យើង​អនុវត្ត​តាម​ប្រសាសន៍​សម្ដេច ដោយ​មិន​ឲ្យ​ចាប់​យក​ដី​ព្រៃ​កាន់​កាប់​ទេ។ ហើយ​បើ​តាម​ច្បាប់ អ្នក​ទាំង​នោះ​ត្រូវ​មាន​ទោស​ទៀត​ផង»

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​បង្ហាញ​ថា លោក ជិន វន និង​លោក នូ ផេង ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៥២៧​គ្រួសារ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០០៩ បាន​ដាក់​ពាក្យ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត ដោយ​មាន​ការ​យល់​ព្រម​ពី​មេឃុំ​លោក ទេព កាន់ និង​អភិបាល​ស្រុក​លោក អួន យ៉ង់ (បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក) ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​ចំណុច​ស្រែ​យក្ស ស្ថិត​ក្នុង​ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តែ​ពុំ​ទាន់​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល