អាជ្ញាធរ​ខេត្ត​កំពត​ដោះស្រាយ​ដី​ដែល​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន សូ ងួន

អាជ្ញាធរ​ខេត្ត​កំពត និង​លោក​ឧកញ៉ា សូ ងួន ទទួល​យល់​ព្រម​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ជាង ៣០០ គ្រួសារ ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន នោះ។
ដោយ ម៉ម មុនីរតន៍
2012-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ស្រប​ពេល​គ្នា​នេះ​ដែរ អភិបាល​ខេត្ត​កំពត ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ណា​យក​លុយ​ពី​ការ​ធ្វើ​ប្លង់​នេះ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ក៏​ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ​ជាជាង​ឆន្ទៈ​ពិត​ប្រាកដ។ ការ​ធ្វើ​យ៉ាង​នេះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​បារម្ភ​បាត់បង់​សំឡេង​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង​មុខ។

តំណាង​ប្រជា​ពលរដ្ឋ​អះអាង​ថា អភិបាល​ខេត្ត​កំពត បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​លើ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ដោយ​ចាត់​ទុក​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ត្រូវ​ប្រគល់​ឲ្យ​ពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង​វិញ។

លោក អ៊ុំ សាមិត ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ប្រមាណ ៣០០ គ្រួសារ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត។លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ថា អភិបាល​ខេត្ត​កំពត គឺ​លោក ខូយ ឃុនហួរ បាន​ប្រជុំ​ប្រាប់​ពលរដ្ឋ ដែល​កំពុង​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​ដី ដែល​កំពុង​ប្រទាញប្រទង់​គ្នា​រយៈ​ជាង ៥ ឆ្នាំ​នេះ ឲ្យ​ពលរដ្ឋ​វិញ។ លោក​បញ្ជាក់​ថា ក្នុង​ចំណាត់​ការ​នេះ លោក ខូយ ឃុនហួរ បាន​ព្រមាន​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​មន្រ្តី​ណា​យក​លុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​ទៅ​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នោះ។

លោក​បន្ត​ថា៖ «បើ​មាន​ជន​ដែល​ទាមទារ​អើ​លុយ​កាក់​ថ្លៃ​សាំង​ម៉ូតូ​អី​រាយការណ៍​ប្រាប់​គាត់​ចាប់​ដាក់​គុក​ហើយ​អភិបាល​ស្រុក​អី មេឃុំ​អី វាទ​យក​ដី​កន្លែង​ហ្នឹង គឺ​អត់​បាន​ទេ។ គាត់​ក៏​ចាប់​ដាក់​គុក​ទាំង​អស់»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី​លោក ខូយ ឃុនហួរ អភិបាល​ខេត្ត​កំពត​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី ១៦ មិថុនា ជុំវិញ​បញ្ហា​នេះ។

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ជម្លោះ នៅ​ភូមិ​ព្រៃ​ពាយ​ជាង ៣.០០០ ហិកតារ​នេះ មិន​មែន​តែ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន នោះ​ទេ ដែល​ដណ្ដើម​កាន់កាប់។ពោល​គឺ នៅ​មាន​មន្ត្រី​មាន​អំណាច ២ រូប​ទៀត គឺ​លោកស្រី ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ និង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ទៅ​ទន្ទ្រាន​យក​ដែរ ក្នុង​រយៈ​ជាង ៣ ខែ​ចុង​ក្រោយ​នេះ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) គឺ​លោក ឌឿ សុខុម ដែល​តែង​ឃ្លាំមើល​ក្នុង​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​លោក សូ ងួន។លោក​ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​សារ​នយោបាយ​ជាជាង​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​ពិត​ប្រាកដ​លើ​ផ្នែក​នេះ។

លោក​បន្ត​ថា៖ «យើង​គិត​ថា​នេះ​ធ្វើ​ឡើង​តាម​រយៈ​បទ​បញ្ជា​របស់​អើ​លោក​នាយក​រដ្ឋមន្ត្រី​ច្រើន​ជាង​ឆន្ទៈ​របស់​អាជ្ញាធរ​ខេត្ត ដែល​គាត់​ចង់​ដោះស្រាយ ហើយ​អើ​ការ​ធ្វើ​បទបញ្ជា​នេះ​បើ​តាម​យោបល់​របស់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា ដោយសារ​តែ​ទាក់ទង​នឹង​នយោបាយ​ទាក់ទង​នឹង​សំឡេង​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើសុំ​ប្រតិកម្ម​បាន​ទេ​ពី​លោកស្រី ម៉ែន សំអន និង​លោក ចម ប្រសិទ្ធិ ជុំវិញ​ការ​អះអាង​របស់​ពលរដ្ឋ​នេះ​ទេ។

ក៏​ប៉ុន្តែ លោក​ឧកញ៉ា សូ ងួន ដែល​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធី្ល​នេះ លោក​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​បាន​កាត់​ដី​មួយ​ចំណែក​សម្រាប់​ពលរដ្ឋ​រួចរាល់​ហើយ ដើម្បី​បញ្ចៀស​បញ្ហា និង​អនុវត្ត​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល។

លោក​បន្ត​ថា៖ «ប្រសាសន៍​របស់​សម្ដេច​ធ្វើ​ហ្នឹង គឺ​ល្អ​មែន​ទែន ដូច​គំនិត​របស់​ខ្ញុំៗ មាន​គំនិត​ធ្វើ​មុន​គាត់​តាំង​ពី​មុន ២០១២ ឃើញ​ហ្អេ។ ព្រោះ​យើង​ធ្វើ​អញ្ចឹង ដើម្បី​ឲ្យ​ប្រជាជន​ក៏​រស់​សេដ្ឋកិច្ច​ជាតិ​ក៏​រស់​ក្រុមហ៊ុន​ក៏​រស់។ បើ​យើង​គិត​តែ​ពី​ទាស់​គ្នា អា​ហ្នឹង​ដំណើរ​អត់​ចេញ​ទាំង​អស់​គ្នា។ ស្ទះ​តែ​រហូត»

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការ​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា​ចាត់​ទុក​ថា ការ​ប្រញាប់​ប្រញាល់​របស់​រដ្ឋាភិបាល​ព្យាយាម​កាត់​បន្ថយ​បញ្ហា​ក្នុង​ជម្លោះ​ដី​ធ្លី​នេះ គឺ​ជា​ឆន្ទៈ​នយោបាយ​បារម្ភ​ការ​បាត់បង់​សំឡេង​គាំទ្រ​ក្នុង​អាណត្តិ​បោះឆ្នោត​សកល​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​មិថុនា​ពលរដ្ឋ​ប្រមាណ ៥០ នាក់ បាន​យក​ញត្តិ​របស់​អ្នក​ភូមិ​ដែល​មាន​ស្នាម​មេ​ដៃ​ចំនួន ២០០ នាក់ ដាក់​ចូល​សាលា​ខេត្ត​កំពត ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី ជា​មួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ដែល​បាន​អូស​បន្លាយ អស់​រយៈ​ពេល​ជាង ៥ ឆ្នាំ ចាប់​តាំង​មាន​ជម្លោះ​ក្នុង​ឆ្នាំ ២០០៦។

ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ពួក​គេ​ទទួល​ដំណឹង​ថា ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​បណ្ដោះ​អាសន្ន ដែល​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

What ever it is,welcome your decision. The problem is:can the governor save his position because,normally,Hun Sen doesn't dare to touch Men Sam oan... plus Chaorm Proaseth.... Hmmmm! Khoy Khun Huo faces a tough challenge.

Jun 17, 2012 11:09 AM