ពលរដ្ឋ​រស់នៅ​ជាប់​របង​ប្រលាន​យន្តហោះ​ពុំ​ទទួល​យក​ដំណោះស្រាយ​អាជ្ញាធរ​

ពលរដ្ឋ​ប្រមាណ​១៦៣​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ចំនួន​បី គឺ​ភូមិ​ថ្មគោល ព្រៃជីសាក់ និង​ភូមិ​គោកចំប៉ក់ ក្នុង​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ពុំ​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ឡើយ នៅ​ថ្ងៃ​ទី​ពុធ ទី​០១ សីហា និង​ទាម​ទារ​ឲ្យ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋាភិបាល​រុះរើ​ផ្ទះ​ពលរដ្ឋ ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២ សីហា។
ដោយ សេក បណ្ឌិត
2012-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​យ៉ាង​ណា ពួក​គាត់​បាន​អត់ធ្មត់​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​តាម​ផ្លូវ​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​បាន​ព្យាយាម​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​កំណត់​ឲ្យ​ចាក​ចេញ​របស់​អាជ្ញាធរ​នោះ។

អាជ្ញាធរ​បាន​ជូន​ដំណឹង​ជាច្រើន​លើក​មក​ហើយ​ដល់​ពលរដ្ឋ ដែល​រស់នៅ​ជាប់​របង​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឲ្យ​រើ​ផ្ទះ​ចេញ​ពី​របង​ប្រលាន​ប្រមាណ​១០ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ​ជុំវិញ​ប្រលាន​យន្តហោះ​នេះ។ អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ជូន​ពលរដ្ឋ​ដែរ​ថា ក្នុង​ការ​រុះរើ​ផ្ទះ​នោះ រដ្ឋ​ពុំ​មាន​ចេញ​សំណង​ជូន​ទេ ដោយ​រដ្ឋ​ក្រ ពុំ​មាន​លុយ​ចេញ​ថ្លៃ​សំណង​នោះ​បាន​ឡើយ។

ប៉ុន្តែ ពលរដ្ឋ​មិន​អាច​ទទួល​យក​សេចក្តី​ជូន​ដំណឹង និង​ការ​ស្នើសុំ​របស់​អាជ្ញាធរ​នោះ​ឡើយ។ ដោយ​សារ​ពួក​គាត់​ក្រីក្រ ហើយ​ដី និង​ផ្ទះ​នោះ ពួក​គាត់​ទិញ​ដូរ​ស្រប​ច្បាប់ មាន​អាជ្ញាធរ​ទទួល​ដឹង​ឮ​ត្រឹមត្រូវ ម្យ៉ាង​ប្លង់​ដី និង​ផ្ទះ​ទាំង​នោះ ពួក​គាត់​ភាគ​ច្រើន​បាន​ដាក់​បញ្ចាំ​នៅ​ធនាគារ ដើម្បី​យក​ប្រាក់​ធ្វើ​ផ្ទះ​នោះ។

ពលរដ្ឋ​ម្នាក់ លោកស្រី ភួង សុភាព បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ធ្លាប់​ជា​ជន​រងគ្រោះ​ម្តង​រួច​មក​ហើយ ដោយ​សារ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​បុរី​កីឡា។ គាត់​បាន​ប្រាក់​សំណង​បន្តិចបន្តួច មក​ទិញ​ដី​ធ្វើ​ផ្ទះ​នៅ​ភូមិ​ថ្មគោល នេះ។ ទី​បំផុត ក៏​ជួប​បញ្ហា​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​សំណង​ទៀត។

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត បាន​ថ្លែង​ដែរ​ថា រដ្ឋ​ថា​ក្រ ពុំ​មាន​លុយ​ផ្តល់​សំណង តើ​ពលរដ្ឋ​មាន​អ្វី​មក​ពី​ណា បើ​រក​មួយ​ថ្ងៃ​មិន​គ្រប់​មួយ​ថ្ងៃ ហើយ​មុខ​របរ​រក​ស៊ី និង​ផ្ទះ​សម្បែង​ធ្វើ​ឡើង​ដោយ​ជំពាក់​លុយ​ធនាគារ​សង​មិន​រួច​ផង​នោះ។

ទោះ​យ៉ាង​ណា​ក្តី ពលរដ្ឋ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​តវ៉ា​តាម​ដង​ផ្លូវ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​បាន​ជ្រើស​យក​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដោយ​ពឹងពាក់​អ្នក​ច្បាប់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា។

អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ដែល​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ និង​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ។ អង្គការ​នេះ​បាន​រៀបចំ​ឯកសារ​ផ្លូវ​ច្បាប់​មួយ ដោយ​មាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ និង​ស្នាម​មេដាយ​ផង ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣១ កក្កដា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​ពុំ​មាន​សំណង​យ៉ាង​ដូច្នេះ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា និង​ក្នុង​នាម​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង ឫទ្ធី លោក​មាន​ប្រសាសន៍​ពន្យល់​តាម​ផ្លូវ​ច្បាប់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​ទី​៤៤ ត្រង់​វាក្យ​ខណ្ឌ​ទី៣ បាន​ចែង​ថា កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។ ចំណែក​វាក្យ​ខណ្ឌ​ទី៤ បាន​ចែង​ថា ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ជន​ណា​មួយ​បាន​នោះ លុះត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្តល់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌។ មាត្រា​ទី៥ នៃ​ច្បាប់​ភូមិបាល បាន​ចែង​ដែរ​ថា គ្មាន​បុគ្គល​ណា​មួយ​ត្រូវ​បាន​គេ​ដកហូត​សិទ្ធិ​របស់​ខ្លួន​បាន​ទេ ប្រសិន​ការ​ដកហូត​សិទ្ធិ​នេះ​មិន​មែន​ដើម្បី​ប្រយោជន៍​សាធារណៈ។ ការ​ដកហូត ត្រូវ​ធ្វើ​ទៅ​តាម​ទម្រង់​នៅ​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទ​បញ្ជា បន្ទាប់​ពី​បាន​ផ្តល់​សំណង​ដោយ​សមរម្យ និង​យុត្តិធម៌។

លោក​បន្ត​ថា យោង​តាម​ច្បាប់ និង​ឯកសារ​ដែល​អាជ្ញាធរ​ចេញ​ឲ្យ​គាត់​ប្រើប្រាស់​លើ​កិច្ចការ​ផ្សេងៗ​នោះ ពលរដ្ឋ​មិន​ត្រូវ​គេ​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​សំណង​នោះ​ទេ។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក​ក៏​បាន​លើក​ហេតុផល​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​បន្ត​ថា បើ​សិន​អាជ្ញាធរ​នៅ​តែ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​នោះ​ទៀត វា​គឺ​ជា​ករណី​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់​ទង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ និង​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​សេចក្តី​ពន្យល់​លើ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​០១ សីហា។

ប៉ុន្តែ អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា កន្លង​ទៅ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​យោង​ទៅ​តាម​ស្មារតី​ប្រជុំ​អង្គ​ប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០២ កក្កដា បាន​បង្ហាញ​ថា ពលរដ្ឋ​ទាំង​អស់​ដែល​បាន​សង់​ផ្ទះ និង​សំណង់​គ្រប់​ប្រភេទ​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ផ្នែក​ខាង​ត្បូង​នោះ ជា​សំណង់​អនាធិបតេយ្យ ដោយ​បាន​យក​របង​អាកាសយានដ្ឋាន​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ។

សេចក្តី​ជូន​ដំណឹង បាន​បង្ហាញ​ទៀត​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សោភ័ណភាព សន្តិសុខ សុវត្ថិភាព អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សូម​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ឲ្យ​បាន​គម្លាត​ពី​របង​នោះ​ប្រវែង​១០ម៉ែត្រ ដោយ​ស្ម័គ្រចិត្ត ហើយ​ក្នុង​រយៈពេល​៧ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃ​ទី​០២ សីហា ឆ្នាំ​២០១២។

ក្នុង​ករណី​រឹងរូស​មិន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សេចក្តី​ជូន​ដំណឹង សាលា​ខណ្ឌ​នឹង​ចុះ​ចាត់​វិធានការ​រដ្ឋាភិបាល​រុះរើ ដោយ​ពុំ​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត បាត់បង់​ទ្រព្យ​សម្បត្តិ សម្ភារៈ​ផ្សេងៗ​ឡើយ។

ចំពោះ​បញ្ហា​នេះ លោក ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង និង​តាម​ផ្លូវ​ច្បាប់ ឃើញ​ថា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពុំ​មែន​ជា​ប្រភេទ​សំណង់​អនាធិបតេយ្យ​ទេ។

តែ​ទោះ​យ៉ាង​ណា នៅ​រសៀល​ថ្ងៃ​ពុធ ទី​០១ សីហា អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ប្រកាស​ពន្យារ​ពេល​នៃ​ការ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ តាម​រយៈ​តំណាង​ប្រមាណ​៦នាក់ បន្ទាប់​ពី​ពួក​គាត់​បាន​ស្វែងរក​ដំណោះស្រាយ​ពី​អភិបាល​រាជធានី​ភ្នំពេញ។

ក្នុង​ពេល​នោះ​ដែរ អាជ្ញាធរ​ខណ្ឌ​បាន​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​បរិច្ចាគ​ដី​ទទឹង​៥ម៉ែត្រ និង​៥ម៉ែត្រ​ទៀត គិត​តាម​គម្រោង​ដោះដូរ​របស់​អាជ្ញាធរ។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​ពុំ​ទទួល​យក​ការ​សម្រប​សម្រួល​នោះ​ឡើយ។

ពលរដ្ឋ​ចាប់​ផ្ដើម​ចូល​ទៅ​រស់នៅ​តំបន់​នោះ ចាប់​ពី​ឆ្នាំ​២០០៩ ដោយ​បាន​ទិញ​ដី​ពី​ម្ចាស់​ដើម ដែល​ធ្លាប់​កាន់​កាប់​ដី​នោះ នៅ​មុន​ឆ្នាំ​២០០៩ បន្ត​គ្នា​រហូត​មក ដោយ​មាន​អាជ្ញាធរ ចាប់​ពី​ថ្នាក់​សង្កាត់ រហូត​ដល់​អាជ្ញាធរ​ខណ្ឌ បាន​ទទួល​ស្គាល់​ចំពោះ​ការ​លក់ដូរ និង​ការ​សង់​ផ្ទះ​រស់នៅ​ទី​នោះ ដោយ​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

the people bought the land by rule. now they are required to move away from where the legally live.
who right? who wrong? who responsible?
please deeply study the root of the issue.

Aug 03, 2012 03:09 AM