ពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​ក្រុម​និស្សិត​ថា​ខកខាន​វាស់​ដី​ពួក​គាត់

ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ដាំ​ដើម​ដូង​ប្រេង​របស់​លោក​ឧកញ៉ា ម៉ុង ឬទ្ធី នៅ​តំបន់​វាល​ទ្រៀក ក្នុង​ឃុំ​ស្ទឹងឆាយ រិះគន់​ក្រុម​និស្សិត​ដែល​ចុះ​ទៅ​វាស់​វែង​ដី​ថា ខក​ខាន​មិន​បាន​វាស់​វែង​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់។
ដោយ សុ ជីវី
2012-07-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​ដែល​អះអាង​ថា​ជា​តំណាង​អោយ​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ រស់​នៅ​តំបន់​វាល​ទ្រៀក ក្នុង​ភូមិ​ស្ទឹងឆាយ​ខាង​ជើង ឃុំ​ស្ទឹងឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ស្នើ​អោយ​ក្រុម​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន​វាស់វែង​ដីធ្លី​ពួក​គាត់ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី បន្ទាប់​ពី​ពួក​គេ​ទទួល​ដំណឹង​ថា ក្រុម​និស្សិត​ដែល​បំពេញ​បេសកកម្ម​វាស់​ដីធ្លី​នៅ​ក្នុង​តំបន់​នោះ បាន​បញ្ចប់​ការងារ​ខ្លួន និង​បាន​ដក​ត្រឡប់​ទៅ​វិញ។

ពលរដ្ឋ​ម្នាក់ គឺ​លោក ម៉ុក សុផល មាន​ប្រសាសន៍​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៥ ខែ​កក្កដា ថា ក្រុម​និស្សិត​ដែល​បំពេញ​តួនាទី​ជា​អ្នក​វាស់វែង​ដី​ប្រគល់​អោយ​ប្រជាពលរដ្ឋ​ទៅ​តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ទំនាស់ និង​បាន​វាស់វែង​ដី​ប្រគល់​អោយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រួច​ហើយ​ដែរ។

លោក ម៉ុក សុផល បន្ត​ថា លោក​បាន​ទទួល​ដំណឹង​ថា ក្រុម​និស្សិត​ទាំង​នោះ​បាន​ត្រឡប់​ទៅ​វិញ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​វាស់វែង​ដី​ជា​ច្រើន​ហិកតារ​ទៀត សម្រាប់​ពលរដ្ឋ​ជិត​២០​គ្រួសារ ដែល​ដីធ្លី​ពួក​គាត់​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​បំផ្លាញ និង​បាន​ដាំ​កូន​ដូង​ប្រេង​កាល​ពី​ឆ្នាំ​២០១១។

លោក ម៉ុក សុផល៖ «សល់​អឺ ប្រាំ ប្រាំមួយ​ម៉ែត្រ អ្នក​ខ្លះ​សល់​ម៉ា​ផ្ទះ​អីចឹង ហ្នឹង​គេ​ធ្វើ (វាស់វែង) អោយ។ តែ​ដល់​ដី​ប៉ះពាល់ គេ​អត់​ធ្វើ​អោយ គេ​និយាយ​ថា គេ​ចាំ​ដោះស្រាយ​វគ្គ​ក្រោយ។ ហើយ​ពេល​ដែល​មក គេ​មិន​ធ្វើ​ផង ហើយ​ចុះ​ទម្រាំ​វគ្គ​ក្រោយ តើ​ពលរដ្ឋ​សង្ឃឹម​អី។ ហ្នឹង​ខាង​និស្សិត ខ្ញុំ​តាម​សួរ​ថា មក​ហ្នឹង​មក​យ៉ាង​ម៉េច​វិញ? បើ​មក​ក្នុង​នាម​ដោះស្រាយ គឺ​ដី​មាន​បញ្ហា បាន​ពាក្យ​ថា​ដោះស្រាយ ហើយ​ចុះ​បើ​មក​គ្មាន​ធ្វើ​តាម​គោលការណ៍​ផង មក​សម្រាប់​តែ​ដី​នៅ​សល់​ហ្នឹង»

ពលរដ្ឋ​ម្នាក់​ទៀត លោក អ៊ុន ទី បាន​អោយ​ដឹង​ថា មិន​ខុស​ពី​ប្រជាពលរដ្ឋ​ទាំង​ជិត​២០​គ្រួសារ ដែល​នៅ​សេសសល់​នៅ​ពេល​នេះ​ទេ ដី​ចម្ការ​របស់​លោក​ទំហំ​ជាង ៣ហិកតារ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ទាំង​ស្រុង។ លោក អ៊ុន ទី បាន​ចោទ​សួរ​ថា តើ​មាន​មូលហេតុ​អ្វី​បាន​ជា​ក្រុម​និស្សិត​មិន​ព្រម​វាស់វែង​ដី​អោយ​ពួក​គាត់។

លោក​ក៏​បាន​អំពាវនាវ​អោយ​មាន​អន្តរាគមន៍ ធ្វើ​យ៉ាង​ណា​អោយ​ក្រុម​និស្សិត​ដែល​ពួក​គាត់​ទន្ទឹង​ចាំ ថា​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​គាត់​នោះ នឹង​វាស់វែង​ដី​អោយ​ពួក​គាត់៖ «ចង់​បាន​អោយ​អន្តរាគមន៍​អោយ​បាន​រីករាយ​ខ្លះ​ផង អស់​សង្ឃឹម​ហើយ។ អស់​រលីង​ដី​ខ្ញុំ​ហ្នឹង ផ្ទះ​រុញ​កប់​ទៀត រុញ​កប់​ចោល ឈើ​នៅ​សល់​ហ្នឹង​ឥឡូវ​ហ្នឹង»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ស្ទឹងឆាយ លោក ហេង ហឿន មាន​ប្រសាសន៍​ថា ក្រុម​និស្សិត​ដែល​ចុះ​ទៅ​វាស់វែង​ដីធ្លី​នៅ​ក្នុង​ឃុំ​របស់​លោក​នោះ នៅ​មិន​ទាន់​បញ្ចប់​ការ​វាស់វែង​នៅ​ឡើយ​ទេ។

លោក ហេង ហឿន បន្ត​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​វាស់វែង​ដីធ្លី​នៅ​ក្នុង​ចំណុច​វាល​ទ្រៀក នោះ កើត​ឡើង​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រារាំង​មិន​អោយ​ពួក​គេ​ចុះ​វាស់វែង និង​មាន​ការ​បន្លំ​បន្ថែម​ចំនួន​គ្រួសារ​ដែល​ត្រូវ​បាន​ដី៖ «នៅ​ក្នុង​ហ្នឹង​មាន​អ្នក​បង្ខាំង​ដី​មិន​អោយ​ក្រុម​ការងារ​វាស់ ដ៏​អីចឹង​វា​ជំទាស់​ទាំង​ដី​ដែល​ប្រជាជន​អត់​មាន​ដី វា​ជំទាស់​អត់​អោយ​គេ​វាស់។ បើ​មិន​អោយ​វាស់​ក៏​ក្រុម​យើង​នៅ​តែ​វាស់​អោយ​ប្រជាជន​ដែល​អត់​នោះ​ដែរ។ ឥឡូវ​ហ្នឹង នៅ​វាស់​អត់​ទាន់​ហើយ​ទេ មិន​ទាន់​ទេ​ថ្ងៃ​ហ្នឹង វាស់​ទៀត​នៅ​ជាង​២០​គ្រួសារ»

របាយការណ៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) អោយ​ដឹង​ថា ជម្លោះ​ដីធ្លី​នៅ​តំបន់​វាល​ទ្រៀក បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១។ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ដាំ​ដើម​ដូង​ប្រេង​របស់​លោក​ឧកញ៉ា ម៉ុង ឬទ្ធី ថា​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់ ហើយ​ជម្លោះ​ដី​នោះ​បាន​បន្ត​រហូត​ដល់​តុលាការ និង​មិន​អាច​បញ្ចប់​រហូត​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល