ស្របគ្នានេះ ប្រជាពលរដ្ឋទាំងនោះអំពាវនាវប្រមុខរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហានេះ ជូនពួកគាត់ដោយជំរុញអាជ្ញាធរខេត្ត ដែលខកខានមិនបានដោះស្រាយបញ្ហានោះ នាពេលកន្លងមក តាមសេចក្ដីណែនាំរបស់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី យកមកពិនិត្យមើល និងដោះស្រាយលើបញ្ហានេះជូនប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ លោក ជា ប៊ុនធឿន ឲ្យដឹងនៅថ្ងៃទី២៣ កក្កដា ថា តំណាងប្រជាពលរដ្ឋចំនួន ៥០នាក់ មកកាន់ទីក្រុងភ្នំពេញ អស់រយៈពេល ៣ថ្ងៃ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីលំនៅឋានប្រមាណ ៥ហិកតារ ដែលចៅក្រមចេញសេចក្ដីជូនដំណឹងឲ្យមានការអនុវត្តសាលក្រម ដោយឲ្យប្រជាពលរដ្ឋរុះរើលំនៅឋាននៅថ្ងៃទី២៦ កក្កដា នាពេលខាងមុខ។
លោក ជា ប៊ុនធឿន អះអាងបន្តថា នៅបន្ទាប់ពីប្រជាពលរដ្ឋទទួលបានសេចក្ដីជូនដំណឹងឲ្យអនុវត្តសាលក្រមរបស់ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ នោះមក ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចអាជ្ញាធររុះរើផ្ទះសម្បែងរបស់ពួកគាត់ និងបណ្ដេញពួកគាត់។ ដូច្នេះ ពួកគាត់ប្រមូលគ្នាមកកាន់ទីក្រុងភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ និងប្រាប់ឲ្យអាជ្ញាធរថ្នាក់ខេត្ត អនុវត្តតាមបទបញ្ជារបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីដែលបញ្ជាឲ្យដោះស្រាយបញ្ហាដីធ្លីនេះ ជូនប្រជាពលរដ្ឋ។
លោក ជា ប៊ុនធឿន៖ «អំពាវនាវឲ្យសម្ដេចជួយកូនចៅ ឲ្យបានរស់នៅស្របច្បាប់។ ព្រោះអីកន្លងមកហ្នឹង សាលាខេត្តក្ដី តុលាការក្ដី គេមិនដែលធ្វើតាមពាក្យបណ្ដឹងរបស់ប្រជាជនទេ គេយកទៅផ្អឹបចោលៗ។ ហើយកន្លងមក សាលាខេត្តក៏អញ្ចឹងដែរ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានជូនដំណឹងហើយ ហើយឲ្យអាជ្ញាធរខេត្តដោះស្រាយ ហើយសាលាខេត្តមិនដែលហៅប្រជាពលរដ្ឋទៅដោះស្រាយម្ដងណាសោះ មកដល់ពេលនេះកន្លះឆ្នាំគត់»។
លោក ជា ប៊ុនធឿន ថ្លែងបន្តថា បន្ទាប់ពីមានការតវ៉ាធ្វើកូដកម្មបិទផ្លូវ កាលពីដើមឆ្នាំ២០១២ មក អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានចេញសេចក្ដីជូនដំណឹងមួយ ឲ្យអាជ្ញាធរខេត្តដោះស្រាយដីធ្លីដែលមានវិវាទរវាង លោក ចាន់ កាំង និងប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ ឲ្យទៅប្រជាពលរដ្ឋទាំងនោះវិញ។ តែចាប់ពីថ្ងៃដែលអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីចេញសេចក្ដីជូនដំណឹងនោះមក អាជ្ញាធរខេត្តមិនដែលធ្វើសកម្មភាពណាមួយ បង្ហាញថាខ្លួនមានចេតនាដោះស្រាយបញ្ហានោះ ជូនប្រជាពលរដ្ឋឡើយ។ ពួកគេហាក់មិនអើពើទៅនឹងអ្វី ដែលអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានជូនដំណឹងនោះទេ។
ជម្លោះរវាងប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ និងលោក ចាន់ កាំង ដែលជាមន្ត្រីកំពង់ផែខេត្តព្រះសីហនុ បានកើតពីឆ្នាំ២០០៥ ហើយអូសបន្លាយមកទល់ឆ្នាំ២០១២។ ប្រជាពលរដ្ឋអះអាងថា លោក ចាន់ កាំង មករំលោភយកដីរបស់ពួកគាត់ ព្រោះពួកគាត់បានមករស់នៅលើដីនេះលើស១០ឆ្នាំ បើទោះបីពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិក៏ដោយ តែពួកគាត់មានលិខិតបញ្ជាក់ និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានថា ពួកគាត់ពិតជាបានមករស់នៅលើដីយូរហើយ។
ជម្លោះនេះត្រូវប្ដឹងផ្ដល់ឡើងដល់តុលាការជាច្រើនលើក។ រាល់លើក តុលាការតែងកាត់ក្ដីឲ្យប្រជាពលរដ្ឋចាញ់ លោក ចាន់ កាំង។ ដោយសារការមិនអាចទទួលយកបានការវិនិច្ឆ័យរបស់តុលាការ នៅចុងខែវិច្ឆិកា ឆ្នាំ២០១១ ប្រជាពលរដ្ឋបានធ្វើកូដកម្មបិទផ្លូវជាតិលេខ៤។
បន្ទាប់ពីមានព្រឹត្តិការណ៍កូដកម្មកើតឡើង អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីចេញសេចក្ដីណែនាំមួយ ឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋ តែប្រជាពលរដ្ឋអះអាងថា អាជ្ញាធរខេត្តមិនដែលអើពើទៅនឹងសេចក្ដីណែនាំនោះឡើយ។
ស្រាប់តែនៅពេលថ្មីៗនេះ តុលាការចេញសេចក្ដីជូនដំណឹងឲ្យអនុវត្តសាលក្រមសាលាដំបូងខេត្តព្រះសីហនុ ឲ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែងប្រជាពលរដ្ឋចេញពីតំបន់នោះ។
ឆ្លើយតបនឹងការតវ៉ារបស់ប្រជាពលរដ្ឋនេះ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ បដិសេធថា ការលើកឡើងរបស់ប្រជាពលរដ្ឋនោះ ជារឿងមិនពិត។ លោកអះអាងថា តាមពិតប្រជាពលរដ្ឋទាំងនោះ មករស់នៅលើដីឯកជនដោយខុសច្បាប់ ដូច្នេះ ការសម្រេចណាមួយរបស់តុលាការដើម្បីទាមទារកម្មសិទ្ធិនោះ ឲ្យម្ចាស់ដើមវិញជារឿងត្រឹមត្រូវ និងស្របច្បាប់។
លោក ស្បោង សារ៉ាត់៖ «អើចុះអាហ្នឹង យើងទៅនៅលើដីកម្មសិទ្ធិគេ តុលាការគេប្ដឹងគ្នា តាំងពីសាលាដំបូងខេត្ត រហូតដល់សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល ហើយរហូតដល់នាយករដ្ឋមន្ត្រីសម្ដេច ទៅឲ្យរបស់គេវិញហើយ។ គេចេញសាលក្រមមក អាហ្នឹងត្រូវអនុវត្តហើយ យើងទៅនៅលើដីគេ រដ្ឋាភិបាលចេញគោលការណ៍ហើយតើ ស្ដាប់ទេ។ ទីមួយដីព្រៃសម្បទាន អាហ្នឹងរដ្ឋដោះស្រាយឲ្យប្រជាជនដោយមិនឆ្វៀលចេញ។ ទីពីរ ដីសម្បទានសេដ្ឋកិច្ច ដែលប្រជាជនរស់នៅហើយវិនិយោគពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមិនបានឆ្វៀលចេញ។ ទីបី ដីរដ្ឋដែលប្រជាពលរដ្ឋរស់នៅដោយមិនទាន់ស្របច្បាប់។ អានេះមិនមែនដីរដ្ឋណា ដីគេ ដីគេមានប័ណ្ណកម្មសិទ្ធិស្របច្បាប់»។
ទោះយ៉ាងណា មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ច័ន្ទ ចំរើន អំពាវនាវដល់អាជ្ញាធរចុះអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើយ៉ាងណាជៀសវាងការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។