មន្ត្រីជាន់ខ្ពស់ទន្លេមេគង្គបានអះអាងថា ការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នេះ ភាគីកម្ពុជា មិនដឹងនោះទេ ពីព្រោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី នៅមានភាពចម្រូងចម្រាសនៅឡើយ។
បញ្ហាចម្រូងចម្រាសចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayabory) នៅប្រទេសឡាវ កំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់បានដោះស្រាយបញ្ចប់រវាងរដ្ឋាភិបាលប្រទេសជាប់តំបន់ទន្លេមេគង្គ មាន កម្ពុជា វៀតណាម ឡាវ និង ថៃ នោះ។ តែឥឡូវនេះស្រាប់តែឡាវ មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីទី២ ឈ្មោះថា ដន សាហុង មួយទៀតទៅវិញ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គ លោក ស៊ីន នីនី មានប្រសាសន៍ថា ភាគីកម្ពុជា មិនបានដឹងអំពីការចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់ឡាវនេះទេ។ ប៉ុន្តែលោក ស៊ីន នីនី បានអះអាងថា គម្រោងសាងសង់ទំនប់អគ្គិសនី ដន សាហុង ជាគម្រោងចាស់របស់ឡាវ ដែលមានជាច្រើនឆ្នាំមក ដែលប្រទេសជាគណៈកម្មាធិការទន្លេមេគង្គ អិម អា ស៊ី (MRC) រួមមាន កម្ពុជា វៀតណាម និង ថៃ បានជំទាស់ទៅនឹងគម្រោងនេះ។
គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃទី២ កញ្ញា ដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា រដ្ឋាភិបាលឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីទី២របស់ខ្លួននៅលើទន្លេមេគង្គ មានថាមពលចន្លោះ ២៦០ មេហ្គាវ៉ាត់ ទៅ ៣៨០ មេហ្គាវ៉ាត់។
នៅក្នុងខែសីហា កន្លងទៅ មន្ត្រីគណៈកម្មាធិការទន្លេអន្តរជាតិ បានទៅទស្សនកិច្ចនៅខែត្រចំប៉ាសាក់ ជាទីកន្លែងដែលរដ្ឋាភិបាលឡាវ បានស្នើសុំកសាងទំនប់វារីអគ្គិសនី ដន សាហុង នៅឆ្ងាយពីព្រំដែនកម្ពុជា ប្រមាណជា ២គីឡូម៉ែត្រ។ ការស្នើសុំគម្រោងសាងសង់ទំនប់នេះ បន្ទាប់ពីរដ្ឋាភិបាលឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ម៉ាឡេស៊ី មួយ ឈ្មោះ មេហ្គា ហ្វឺស ខបផូរេហ្សិន ប៉ើរហាត់( Mega First Corporation Berhad)។
ប៉ុន្តែការស្នើសុំត្រូវបានប្រទេសជាគណៈកម្មាធិការទន្លេមេគង្គ រួមមាន កម្ពុជា វៀតណាម និង ថៃ បានជំទាស់ ដោយសារតែគម្រោងនេះខុសពីកិច្ចព្រមព្រៀង MRC ឆ្នាំ១៩៩៥។
កិច្ចព្រមព្រៀងនៃគណៈកម្មាធិការទន្លេមេគង្គ ឆ្នាំ១៩៩៥ បានចែងថា បណ្ដាប្រទេសតាមទន្លេមេគង្គក្រោម បានអនុម័តពិធីសារមួយដែលតម្រូវឲ្យពួកគេជូនដំណឹងពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងរបស់ខ្លួនលើសំណើគម្រោងសាងសង់វារីអគ្គិសនីណាមួយនៅលើទន្លេនេះ។
អ្នកសម្របសម្រួលយុទ្ធនាការថៃ សម្រាប់ទន្លេអន្តរជាតិ អ្នកស្រី ភានផន ឌីថេត (Pianporn Deetes) បានលើកឡើងថា អ្នកភូមិនៅខែត្រចំប៉ាសាក់ បានប្រាប់អ្នកស្រីថា កម្មករសាងសង់ទំនប់ បានបំផ្ទុះកន្លែងទឹកធ្លាក់នៅក្បែរទំនប់នោះរួចហើយ។ ក្រុមមន្ត្រីឡាវ បានប្រាប់អ្នកភូមិថា ពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកភូមិរកត្រីដោយប្រើឧបករណ៍នេសាទនៅក្នុងតំបន់នេះទេ ចាប់ពីដើមឆ្នាំ២០១៤ ទៅ។ ការសាងសង់ទំនប់ និងការបញ្ឈប់ឲ្យនេសាទត្រី ជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងរបស់អ្នកភូមិដែលពឹងផ្អែករបរនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គ លោក ស៊ីន នីនី បានបញ្ជាក់ទៀតថា បញ្ហាចម្រូងចម្រាសនៅទំនប់សាយ៉ាបូរី មិនទាន់ដោះស្រាយបញ្ចប់នៅឡើយ អំពីគ្រោងសាងសង់ទំនប់នេះរបស់ឡាវ ប៉ុន្តែភាគីឡាវនៅតែអះអាងថា គេរង់ចាំសិក្សាស្រាវជ្រាវ និងឯកភាពពីគណៈកម្មាធិការទន្លេមេគង្គទើបគេសាងសង់ ផ្ទុយទៅវិញសកម្មភាពជាក់ស្ដែងគេនៅតែបន្តសាងសង់ដដែលនៅតំបន់នោះ។
នាយកកម្មវិធីអាស៊ីអាគ្នេយ៍ទទួលបន្ទុកខាងបរិស្ថាន ទន្លេអន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) បានសម្ដែងការព្រួយបារម្ភថា ទំនប់ ដន សាហុង នឹងមានគ្រោះថ្នាក់ដល់ការនេសាទនៅទន្លេមេគង្គ ដូចនឹងនៅតំបន់ទំនប់សាយ៉ាបូរី ដែរ ពីព្រោះថា ផលប៉ះពាល់មានកាត់តាមព្រំដែន។
អ្នកស្រីបញ្ជាក់ថា បញ្ហានេះរដ្ឋាភិបាលឡាវ គួរតែបញ្ជាក់ភ្លាម និងផ្ដល់ព័ត៌មានចុងក្រោយអំពីការងារជីកប្រឡាយនៅកន្លែងទឹកចម្រោះ ខន (Khone)។ លើសពីនេះទៀត អ្នកស្រីអំពាវនាវឲ្យរដ្ឋាភិបាលឡាវ គួរតែលុបចោលគម្រោងនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីនាំពាក្យស្ថានទូតឡាវ ប្រចាំនៅកម្ពុជា ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី៤ កញ្ញា។
អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន បានអះអាងថា គម្រោងសាងសង់ទំនប់ ដន សាហុង នេះ ជាគម្រោងចាស់របស់ឡាវ ដែលប៉ុន្មានឆ្នាំកន្លងមកនេះ ឡាវបានផ្អាកគម្រោងនេះ បន្ទាប់ពីមានការជំទាស់ពីគណៈកម្មាធិការទន្លេអន្តរជាតិ និងពីអង្គការសង្គមស៊ីវិល។ ប៉ុន្តែរយៈពេលមួយឆ្នាំកន្លងមកនេះ ឡាវ បានលួចសាងសង់ទំនប់នេះឡើងវិញគ្មានអ្នកណាដឹង។
លោក ស៊ីន នីនី មានប្រសាសន៍ថា បញ្ហានេះកម្ពុជានឹងពិភាក្សាគ្នាអំពីបញ្ហានេះ ដើម្បីកុំឲ្យឡាវបន្តគម្រោងសាងសង់ទំនប់ ដង សាហុង នៅខណៈដែលគម្រោងសាងសង់ទំនប់សាយ៉ាបូរី មិនទាន់ដោះស្រាយបានបញ្ចប់នោះ។
លោក ស៊ីន នីនី អះអាងទៀតថា បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងរៀបចំលក្ខខណ្ឌការងារ (Team Reference) នៃការសិក្សាទំនប់សាយ៉ាបូរី ដើម្បីដាក់ទៅឲ្យរដ្ឋាភិបាលជប៉ុន ពីព្រោះថា ជប៉ុនបានយល់ព្រមឲ្យអ្នកជំនាញរបស់ខ្លួនចុះមកសិក្សាស្រាវជ្រាវហើយ រង់ចំាតែលក្ខខណ្ឌការងារស្រាវជ្រាវនេះទេ។
អាងទន្លេមេគង្គជាជម្រកនៃមនុស្សចំនួន ៦៥លាននាក់ ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ ដែលទទួលបាននូវជាតិប្រូតេអ៊ីនពី ៤០ ទៅ ៨០% ពីផលនេសាទទឹកសាប។ ការសិក្សាជាច្រើនបានបង្ហាញថា គម្រោងទំនប់វារីអគ្គិសនីចំនួន ១១ លើទន្លេមេ នៃទន្លេមេគង្គក្រោមរាប់ទាំងទំនប់សាយ៉ាបូរី ផងដែរ នឹងធ្វើឲ្យប៉ះពាល់ដល់ចលនាបម្លាស់ទីរបស់ត្រី និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៃទន្លេនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។