លោក ហុង គឹមសួន ជាមេធាវីរបស់លោក សុខ សំអឿន បានមានប្រសាសន៍ថា លោកទទូចសុំឲ្យតុលាការសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់ទាំងស្រុងមកលើកូនក្តីរបស់លោក ៖ «ខ្ញុំនៅតែចាត់ថា កូនក្ដីរបស់ខ្ញុំអត់មានទោស និងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ខ្ញុំទាមទារឲ្យលើកលែងឲ្យផុតការចោទប្រកាន់ហ្នឹង ឲ្យគ្នាមានសេរីភាពវិញ»។
លោក ជុំ សុវណ្ណលី ជាមេធាវីរបស់លោក ប៊ន សំណាង បានមានប្រសាសន៍ថា កូនក្តីរបស់លោកជាមនុស្សគ្មានទោស ៖ «ខ្ញុំនៅរក្សាដដែល កូនក្ដីខ្ញុំអត់មានទោសទេ សូមឲ្យលើកលែងការចោទប្រកាន់ដើម្បីឲ្យគាត់មានសេរីភាព»។

លោក សុខ សំអឿន ដែលកំពុងតែមានសេរីភាពបណ្តោះអាសន្ននៅទ្បើយដូចលោក ប៊ន សំណាង ផងដែរនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីខែត្រតាកែវមកថា ៖ «ពួកខ្ញុំអយុត្តិធម៌យូរណាស់មកហើយ។ ខ្ញុំសំណូមពរទៅស្ថាប័នតុលាការសូមលោកប្រមើលមើលឲ្យមែនទែន ផ្ដល់យុត្តិធម៌ឲ្យខ្ញុំផង លើកលែងការចោទប្រកាន់ខ្ញុំតែម្ដង។ រាល់ថ្ងៃនេះ រកអ្វី ធ្វើអ្វីក៏មិនបាន ពិបាកៗមួយចប់តែម្ដង។ ចង់ធ្វើការងារក៏ពិបាក ចង់រកស៊ីអី ធ្វើអី ក៏ពិបាក ដោយសារមូលហេតុយើងមិនអស់មន្ទិលសង្ស័យ គឺមជ្ឈដ្ឋានមួយចំនួនដែលគេមិនយល់ការពិតនោះ»។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ដែលបានតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍ថា ៖ «អង្គការលីកាដូ ក៏ដូចជាអង្គការនានា យើងបានធ្វើការកន្លងមកហើយ យើងនៅតែប្រកាន់ជំហរថា លោក ប៊ន សំណាង និង លោក សុខ សំអឿន មិនមែនជាឃាតករនៅក្នុងការបាញ់សម្លាប់លោក ជា វិជ្ជា ទេ»។
នៅមិនទាន់មានចម្លើយណាមួយពីមន្រ្តីតុលាការសាលាឧទ្ធរណ៍នៅទ្បើយទេ ជុំវិញការទទូចខាងលើនេះ រហូតដល់ថៃ្ងសវនាការជាថ្មីនាពេលខាងមុខ។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកម្នាក់ៗរយៈពេល២០ឆ្នាំ កាលពីឆ្នាំ២០០៥ កន្លងទៅ ក្រោមបទចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤។
ក្រោយមក អ្នកទាំងពីរត្រូវបានតុលាការកំពូលនៅក្នុងប្រទេសកម្ពុជា បានសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថៃ្ង៣១ ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ ហើយតុលាការកំពូលបានបញ្ជាឲ្យបង្វិលសំណុំរឿងក្តីនេះទៅតុលាការសាលាឧទ្ធរណ៍ ស៊ើបអង្កេតជាថ្មី និងបើកសវនាការទ្បើងវិញ ដោយសារតែតុលាការសាលាឧទ្ធរណ៍ ត្រូវបានតុលាការកំពូលរកឃើញថា មានកំហុសនៅក្នុងនីតិវិធីមួយចំនួន នៅគ្រាដែលតុលាការនេះបានតម្កល់សាលក្រមផ្តន្ទាទោសរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការនោះ៕
